ភ្លៀង នឹង​បន្ត​ធ្លាក់​ពេញ​១​សប្ដាហ៍​ទៀត ក្រោយ​កម្ពុជា​រង​ឥទ្ធិពល​បី​
14/09/2021 10:00 am ភ្នំពេញ
​ដោយ​៖ ប៉ូ សុភា 

​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​១៥-២១ ខែកញ្ញា បណ្ដា​ខេត្ត​ជាប់​តំបន់​វាលទំនាប​កណ្ដាល​, តំបន់​មាត់សមុទ្រ និង​បណ្ដា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន នឹងមាន​ភ្លៀង​ធ្លាក់ លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ នេះ​បើតាម​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​១៤ កញ្ញា​។

 
​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឱ្យដឹងថា កម្ពុជា ទទួលរង​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ ដែល​អូសបន្លាយ កាត់​លើ​ប្រទេស​ភូមា ថៃ ឡាវ និង​វៀតណាម​។ ជាមួយគ្នានេះ កម្ពុជា ក៏​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់មូសុង​និរតី​ខ្សោយ​ផងដែរ​។​

​លក្ខណៈ​បែបនេះ អាចធ្វើឱ្យ​បណ្ដា​ខេត្ត​នៅជាប់​តំបន់​វាលទំនាប​កណ្ដាល អាច​នឹងមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ ចំពោះ​បណ្ដា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​ក​ម្រិច​ខ្សោយ​ទៅ​មធ្យម​។ ដោយឡែក តំបន់​មាត់សមុទ្រ​វិញ ក៏​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម​ផងដែរ​។ 

​ក្រសួង​​ធនធានទឹក និង​ឧតុនិយម បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​នៅតាម​តំបន់ ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូតធម្មជាតិ​ដែល​អាច​កើតមាន​ជាយថាហេតុ​៕ 

ព័ត៌មានទាក់ទង