កំពត ទឹកដីកំណើតចម្ការម្រេច
25/08/2021 4:00 pm កំពត

ដោយ៖ ហុង ស្រីណា
ខេត្តកំពត ជាខេត្តដ៏មានសក្តានុពលផ្នែកអេកូទេសចរណ៍មួយ ដែលមានរមណីយដ្ឋានល្បីល្បាញជាច្រើនកន្លែង រួមទាំងមានសំណង់អាគារសល់ពីសម័យអាណានិគមជាច្រើនផងដែរ។ ភ្ញៀវទេសចរ កម្រមើលរំលងខេត្តមួយនេះណាស់នៅថ្ងៃឈប់សម្រាក ព្រោះក្រៅពីទីតាំងកម្សាន្តច្រើន ខេត្តនេះក៏អំណោយផលផ្នែកកសិ-ទេសចរណ៍ផងដែរ។ ខេត្តនេះក៏ត្រូវបានគេស្គាល់ថាជាទឹកដីកំណើតចម្ការម្រេច។

 

ខេត្តកំពត ស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ដែលមានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញ មានព្រំប្រទល់ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តព្រះសីហនុ។ បើតាមសៀវភៅខ្ញុំចង់ដឹង របស់អង្គការស៊ីប៉ា ដែលមានចំណងជើងថា «យល់ដឹងពីភាគខាងត្បូង និងតំបន់មាត់សមុទ្រកម្ពុជា»បានរៀបរាប់ថា ខេត្តនេះមានភ្នំច្រើន ដូចជាភ្នំវល្លិ ភ្នំកំពង់ត្រាច ហើយនៅភាគខាងលិចមានជួរភ្នំដំរី និងភ្នំកំចាយផងដែរ។

ដើម្បីទាក់ទងជាមួយខេត្តក្រុងឯទៀត កំពតមានផ្លូវជាតិលេខ៣ និងផ្លូវរទេះភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ។ ទីក្រុងកំពត តាំងនៅមាត់ព្រែក ហើយអាចមើលឃើញភ្នំខ្ពស់ៗ។ 

ខេត្តកំពត ត្រូវបានគេស្គាល់ថា ជាទឹកដីកំណើតចម្ការម្រេច ដោយ«ម្រេចកំពត» បានចុះបញ្ជីសម្គាល់ម៉ាកផលិតភូមិសាស្រ្តទំនិញ របស់សហភាពអឺរ៉ុបនៅឆ្នា២០១៦។ ដើមម្រេច ត្រូវបានជនជាតិចិនដាំឡើងជាចម្ការនៅក្នុងខេត្តកំពតនាសតវត្សទី១៩។ ដើមម្រេចជាវល្លិ ដែលដូចដើមម្លូ ដោយគេកាត់ទងវាមកបណ្តុះលើដីដែលគេលើកជារងត្រង់ៗវែងៗ។ ដើមម្រេច ឲ្យផ្លែពេលវាមានអាយុ៣ឆ្នាំ ហើយគេអាចយកផលប្រហែល៣០ឆ្នាំ។

នៅលើទីផ្សារ គេឃើញមានលក់ម្រេចបៃតង(ម្រេចខ្ចី) ម្រេចខ្មៅ និងម្រេចស។ ដំណាំម្រេចបានរីកសាយចេញពីខេត្តកំពតចូលទៅក្រុងកែប កំពង់សោម និងតំបន់ដីក្រហមនៅខេត្តកំពង់ចាម និងក្រចេះ។ ប៉ុន្តែដំណាំម្រេចជួបវិបត្តិខ្លះៗ បណ្តាលមកពីតម្លែប្រែប្រួល។

ខេត្តកំពត មានតំបន់ទេសចរណ៍ទាក់ទាញដល់ទៅ ២៥កន្លែង ដែលមានតំបន់សមុទ្រ, ទឹកធ្លាក់, ព្រៃកោងកាង និងតំបន់ព្រៃភ្នំជាដើម។ ក្នុងនោះរួមមាន ទឹកធ្លាក់វាលពួច, ទឹកធ្លាក់តាដា, ទឹកជ្រោះឱម៉ាល់, រមណីយដ្ឋានដូងទេរ, ភ្នំឈ្ងោក, ទឹកជ្រោះពពកវិល, វាលស្រែ៥០០, សួនមេអំបៅ, ឧទ្យានដងព្រែក, ឆ្នេរកែប  និងកន្លែងជាច្រើនទៀត។

ក្រៅពីនេះ ក៏មានរមណីយដ្ឋានទឹកឈូ ដែលស្ថិតនៅ ៨គីឡូម៉ែត្រពីក្រុងកំពត ដែលមានទិដ្ឋភាពជាទឹកជួរ ហូរកាត់ផ្ទាំងថ្មធំៗ មុននឹងហូរដល់ក្រុងកំពត។ គេឃើញមានទឹកច្រើន ហើយហូរខ្លាំងនារដូវវស្សា និងតិចនៅរដូវប្រាំង។ ភ្ញៀវទេសចរភាគច្រើន តែងទៅទស្សនាសម្រស់ទេសភាពទឹកឈូ ងូតទឹកលេង ទិញផ្លែឈើ និងមើលសត្វក្នុងសួនសត្វដែលនៅជិតនោះ។ ក្រៅពីនេះ ក៏មានរោងចក្រវារីអគ្គិសនី ដែលមានអានុភាព ១៤០ ០០០ គីឡូវ៉ាត់ ស្ថិតនៅលើកន្លែងងូតទឹកបន្តិច។ វាបានផ្តល់ថាមពលសម្រាប់ប្រើប្រាស់នៅខេត្តកំពត តាកែវ និងខេត្តព្រះសីហនុ។

ជាមួយគ្នានេះដែរ ខេត្តកំពត ត្រូវគេបានរៀបចំស្ថានីយសម្រាក«បូកគោ» នៅឆ្នាំ១៩១៩។ វាស្ថិតនៅកម្ពស់ ១ ០៨០ម៉ែត្រ លើគែមខាងត្បូងនៃជួរភ្នំដំរី ក្នុង«ឧទ្យានជាតិព្រះមុនីវង្សបូកគោ»។ បូកគោ បានទាក់ទាញទេសចរជាតិ និងអន្តរជាតិជាច្រើនមកលេងកម្សាន្ត ព្រោះវាមានអាកាសតុត្រជាក់ស្រួល ទឹកធ្លាក់ពពកវិលដ៏ស្រស់ស្អាត និងកន្លែងដែលគេអាចឈរគយគនសម្រស់ព្រៃធម្មជាតិ៕




 

ព័ត៌មានទាក់ទង