ការយកនំខ្មែរទទួលទេសចរ ជាការលើកតម្កើងអត្តសញ្ញាណជាតិ
15/09/2021 12:20 pm ភ្នំពេញ

ដោយ៖ ជឿន​ ស្រីណយ

គេតែងឃើញ មានការដាក់នំខ្មែរ សម្រាប់ឱ្យភ្ញៀវបរិភោគនៅតាមសិក្ខាសាលា ការប្រជុំនានា និងតាមពិធីបុណ្យផ្សេងៗ ។ ប៉ុន្តែតាមតំបន់ទេសចរណ៍ មិនសូវមាននំខ្មែរ ដាក់លក់ទេ ឯតាមសណ្ឋាគារ រីសត និងផ្ទះស្នាក់ក៏ មិនសូវឃើញមានដាក់នំខ្មែរសម្រាប់ទទួលភ្ញៀវដែរ។ ជាមួយគ្នានេះ អ្នកជំនាញយល់ថា ការដាក់នំខ្មែរឱ្យទេសចរបរិភោគតាម កន្លែងទេសចរណ៍ ជួយលើកតម្កើងអត្តសញ្ញាណជាតិ។

នំខ្មែរ បង្អែមខ្មែរ មានច្រើនប្រភេទ ប្រជាជនខ្មែរនិយមបរិភោគបន្ទាប់ពីអាហារគោល ឬបរិភោគជាអាហារសម្រន់ ។ នំខ្មែរដែលគេនិយមឃើញមានលក់លើទីផ្សារ មានដូចជា នំអន្សម នំគោម នំអាកោ នំកង និងនំត្នោតជាដើម ប៉ុន្តែនំទាំងអស់នេះមិនសូវមានដាក់ទទួលភ្ញៀវតាមសណ្ឋាគារ ឬកន្លែងប្រមូលផ្ដុំទេសចរនោះទេ។ នំខ្មែរ មានសោភ័ណភាពស្អាត រសជាតិឆ្ញាញ់ តម្លៃសមរម្យ និងមានតម្លៃអត្តសញ្ញាណជាតិ ដែលគួរតែត្រូវបានដាក់បង្ហាញឱ្យភ្ញៀវទេសចរ ជាពិសេសភ្ញៀវអន្តរជាតិបានស្គាល់។

លោក ឌិន សុមេធារឹទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា យល់ថាប្រជាជនខ្មែរគួរយល់ពីតម្លៃនៃនំខ្មែរ ព្រោះនំទាំងអស់នោះ បានបង្កប់អត្តសញ្ញាណជាតិនៅក្នុងនោះ។ ដើម្បីឱ្យប្រជាជនខ្មែរ យល់ពីតម្លៃ គឺត្រូវមានការផ្សព្វផ្សាយ ការជំរុញ និងលើកតម្កើងនំទាំងអស់នោះ ដោយផ្ដើមចេញពីតំបន់ទេសចរណ៍ ព្រោះជាទីតាំងប្រមូលផ្ដុំមនុស្ស។


លោក ឌិន សុមេធារឹទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា

ប្រធានសមាគមសណ្ឋាគាររូបនេះ បញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25ថា នំខ្មែរ បង្អែមខ្មែរ គួរមានដាក់ទទួលភ្ញៀវនៅតាមសណ្ឋាគារ ឬកន្លែងស្នាក់នៅ តាមតំបន់ទេសចរណ៍ ព្រោះបើមិនមានការជំរុញ​ និងផ្សព្វផ្សាយ នំខ្មែរអាចនឹងបាត់បង់។ លោករៀបរាប់យ៉ាងដូច្នេះថា៖ « អត្តសញ្ញាណជាតិ វប្បធម៌ប្រពៃណី បើយើងមិនខំលើកតម្កើងវានឹងបាត់បង់។ នំខ្មែរបង្អែមខ្មែរ មានរសជាតិឆ្ងាញ់ អ៊ីចឹងគួរមានការច្នៃប្រឌិតបន្ថែម ដើម្បីបង្ហាញ និងទាក់ទាញទេសចរ »។ 

លោក ឌិន សុមេធារឹទ្ធ ក៏បានលើកទឹកចិត្តឱ្យអ្នកគ្រប់គ្រងតាមតំបន់ទេសចរណ៍ ម្ចាស់សណ្ឋាគារ រីសត ឱ្យដាក់លក់ ឬ ដាក់នំខ្មែរសម្រាប់ទទួលភ្ញៀវទេសចរ ព្រោះនេះជាការបង្ហាញថាអត្តសញ្ញាណ និងថែរក្សានំទាំងនោះកុំឱ្យបាត់បង់៕ 

               

ព័ត៌មានទាក់ទង