ប្រាសាទប្រែរូប ជាស្ថាបត្យកម្មដ៏គួរស្ញប់ស្ញែងនាសតវត្សរ៍ទី១០
21/07/2021 2:00 pm សៀមរាប

ដោយ៖ ឡុង តូន
សៀមរាប៖ ប្រាសាទប្រែរូប ជាប្រាសាទបុរាណមួយដែលមានវ័យចំណាស់តាំងពីសតវត្សទី១០ ឆ្នាំ៩៦១នៃគ.ស ហើយក៏ជាសំណង់អំពីឥដ្ឋដែលធំជាងគេនៅក្នុងសម័យអង្គរ។ យោងតាមសិលាចារឹកនៃប្រាសាទនេះដែលមានលេខសម្គាល់K.806 គេដឹងថាទីនេះជាទេវស្ថានដែលសង់ឡើងក្នុងរាជព្រះបាទរាជេន្ទ្រវម៌្មទេវ។ ព្រះអង្គបានកសាងប្រាសាទនេះដើម្បីឧទ្ទិសដល់ទេពក្នុងហិណ្ឌូសាសនា។ ចម្លាក់ទេពដែលសំខាន់ជាងគេនិងមានទម្រង់ជាសិវលិង្គព្រះនាមរាជេន្ទ្រភទ្រេស្វរៈ ក៏ត្រូវបានតម្កល់នៅប្រាង្គកណ្ដាលនៃប្រាសាទនេះ រួមជាមួយទេពផ្សេងៗនៅតាមប្រាង្គដទៃទៀតដែលជាការឧទ្ទិសភ្ជាប់ដល់បុព្វការីជនរបស់ព្រះអង្គ។
 


ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 


ទីនេះជាប្រាសាទរាជ ឬអាចហៅម្យ៉ាងទៀតថាប្រាសាទភ្នំ ដែលសាងសង់នៅលើខឿនច្រើនជាន់។ ថ្មបាយក្រៀម និងថ្មភក់ត្រូវបានគេប្រើប្រាស់ដើម្បីធ្វើជា កំពែង ខឿន សសរពេជ្រ ស៊ុមទ្វារ និងផ្ដែរជាដើម។ បើយើងពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធសំណង់នៅទីនេះ ឃើញថាមានភាពប្រទាក់ក្រឡាគ្នាប្រកបដោយបច្ចេកទេសខ្ពស់។ 

បើចូលតាមគោបុរៈខាងកើត នឹងឃើញមានប្រាង្គធំៗចំនួន៥ ដែលសង់តំរៀបគ្នាជាជួរអមខាងផ្លូវចូល។ នៅខាងត្បូងមាន៣ប្រាង្គនិងនៅខាងជើងមាន២ប្រាង្គ។ ប្រាង្គទាំងនេះសុទ្ធសឹងជាប្រាង្គដែលសង់អំពីឥដ្ឋ និងមានទ្វារចំហទៅទិសខាងកើត។ បើសង្កេតមើលនៅតាម ខឿន ផ្ដែរនិងស៊ុមទ្វារនៃប្រាង្គទាំងនេះ គឺភាគច្រើនពុំទាន់មានការតុបតែង ឬឆ្លាក់ចប់សព្វគ្រប់។ ទោះយ៉ាងនេះក្ដី ក៏គេអាចមើលដឹងអំពីទម្រង់ចម្លាក់ខ្លះៗនៅតាមផ្ដែរនៃប្រាង្គទាំង៥នេះ។ បើយើងរាប់ពីខាងត្បូងមកខាងជើង ប្រាង្គទី១ គឺមានចម្លាក់ទាក់ទងនឹងនរសឹង្ហ ឬមនុស្សសឹង្ហ ប្រាង្គទី២ គឺព្រះឥន្ទ្រគង់លើដំរីក្បាលបី ប្រាង្គទី៣គឺព្រះរាមគង់លើហនុមាន ចំណែកប្រាង្គទី៤ ព្រះនរាយណ៍គង់លើគ្រុឌ ហើយនៅប្រាង្គខាងជើងបង្អស់គឺទេពហយគ្រីវ ឬពាជីមុខ។


នៅទីធ្លាខាងក្រោមនោះដែរ ផ្នែកខាងក្នុងនៃកំពែងទី១និងទី២ក៏មានសំណង់អគារវែងៗដែលសាងសង់អំពីថ្មបាយក្រៀមស្ទើរតែទាំងស្រុង។ តាមទម្រង់ស្ថាបត្យកម្ម អ្នកស្រាវជ្រាវសន្និដ្ឋានថា ប្រហែលជាអគារដែលមានដំបូលប្រក់ក្បឿងឬឥដ្ឋដូចសំណង់នៅទីដទៃ។ ចំពោះមុខងារនៃអគារទាំងនេះយ៉ាងណានោះ គឺពុំទាន់មានចម្លើយ។
នៅបរិវេណខាងក្នុង ពីមុខជណ្ដើរខាងកើត ក៏ឃើញមានថ្មដែលមានសណ្ឋានបួនជ្រុងទ្រវែង។ ដោយសារសំណង់នេះ ធ្វើឲ្យមានការបកស្រាយខុសគ្នារវាងអ្នកស្រុកនិងអ្នកស្រាវជ្រាវ។ អ្នកស្រាវជ្រាវខ្លះយល់ថា ជាអតីតអាងទឹក ឯខ្លះទៀតថាជាទម្រចម្លាក់ពាហនៈដែលជាជំនិះរបស់ទេពនៃប្រាសាទនេះ។ ចំពោះការបកស្រាយរបស់អ្នកភូមិខ្លះ ភ្ជាប់ជាមួយអគារតូចមួយស្ថិតនៅជ្រុងឦសាន ដែលក្នុងនោះមានផើងថ្ម ជាមួយចង្អូរបង្ហូរទឹកផងនោះ ពួកគាត់យល់ថាទីនេះកន្លែងលាងជម្រះអដ្ឋិធាតុ រីឯសំណង់ថ្មរាងបួនជ្រុងទ្រវែងជាមេរុសម្រាប់តម្កល់ព្រះសពក្នុងរាជពិធីបូជាសព។ ដូចនេះ ឈ្មោះប្រាសាទប្រែរូប អ្នកខ្លះយល់ថា ប្រហែលទាក់ទងនឹងកិច្ចពិធីប្រែរូបក្នុងពិធីបូជាសព ឯអ្នកស្រាវជ្រាវខ្លះទៀតថាទាក់ទងនឹងពាក្យ“វិស្វរូប”ដែលមានចារក្នុងសិលាចារឹក។ បើវិភាគលើពិធីបូជាព្រះសពរបស់ព្រះរាជា ឬព្រះចៅអធិការវត្តក្នុងពុទ្ធសាសនាក្ដី រហូតមកដល់បច្ចុប្បន្ន តើដែលមានការបូជាសពនៅក្នុងបរិវេណប្រាសាទ ឬក្នុងបរិវេណព្រះវិហារដែរឬយ៉ាងណា?



នៅខាងមុខប្រាសាទផ្ទាល់ ក៏មានប្រាង្គ២ដែលបែរមុខមករកប្រាសាទធំ។ អគារទាំងពីរនេះត្រូវបានគេប្រើពាក្យ“បណ្ណាល័យ”ដើម្បីហៅឬដើម្បីសម្គាល់តែប៉ុណ្ណោះ ព្រោះគ្រប់សំណង់នៅមុខប្រាសាទបែបនេះ មិនមែនសុទ្ធតែប្រើជាហោត្រៃឡើយ។ ជាទូទៅ គឺជាកន្លែងតម្កល់ទេពផ្សេងៗទៅតាមគំនិតរបស់អ្នកសាងសង់។
ចំពោះប្រាសាទចម្លងតូចៗទាំង១២ដែលសង់នៅលើខឿនទី១ សុទ្ធសឹងតែមានទ្វារចំហបែរមុខទៅទិសខាងកើតទាំងអស់។ ចំណែកប្រាង្គធំៗនៅខាងលើ ជាទូទៅ បើមើលពីចម្ងាយ ឃើញប្រាង្គទាំង៥ ហាក់ដូចជាសង់លើខឿនតែមួយ។ តែជាក់ស្ដែង មានប្រាង្គធំៗបួនដែលសង់នៅតាមអនុទិសទាំងបួននៃខឿនទី៣ និងប្រាង្គកណ្ដាលសាងសង់នៅលើខឿនចុងក្រោយ។ 

ទាក់ទងនឹងបច្ចេកទេសតែងលម្អទៀតសោត ទីនេះក៏មានការប្រើប្រាស់បាយអ។ ដ្បិតបាយអនៃប្រាង្គជាច្រើនបានរលុះអស់ទៅហើយក្ដី តែក្នុងចំណោមប្រាង្គទាំង៥ ដែលនៅផ្នែកខាងលើ គេអាចឃើញសំណល់បាយអនៅប្រាង្គនិរតីដែលប្រើដើម្បីតុបតែងចម្លាក់នៃផ្ទៃជញ្ជាំងខាងក្រៅ។ គុណភាពបាយអនៅមានលក្ខណៈល្អប្រសើរដែលអាចឲ្យគេមើលឃើញនូវភាពលម្អិតនៃចម្លាក់។ ដោយយោងតាមលក្ខណៈបដិមាសាស្ត្រ ចម្លាក់ខ្លះដែលនៅតាមជញ្ជាំងជុំវិញនៃប្រាង្គនិរតីនេះ គេអាចកំណត់អត្តសញ្ញាណបានខ្លះៗ។ ឧទាហរណ៍ដូចជានៅជញ្ជាំងខាងកើត ប៉ែកខាងជើង ចម្លាក់ដែលមានព្រះហស្ថ៤នេះ ប្រហែលជាព្រះនាងសរស្វទី ឬព្រហ្មនី(Brahmani)ដែលជាសក្ដិរបស់ព្រះព្រហ្ម។ ចំពោះជញ្ជាំងខាងលិច ប៉ែកខាងត្បូងទ្វារបញ្ឆោត ក៏មានចម្លាក់ដែលមានព្រះហស្ថ៤ និងព្រះភ័ក្រស្រួចលយទៅមុខនោះ គេអាចសន្និដ្ឋានថា ជារូបទេពនាម វរាហី(Varahi) ឬភូទេវី ដែលជាសក្តិរបស់ វរាហ (អវតាព្រះនរាយណ៍ ពេលដែលទ្រង់កាឡាខ្លួនជាជ្រូកព្រៃ)។ ចំណែកឯប្រាង្គផ្សេងៗទៀត ក៏ពុំមានឃើញអ្វីធំដុំក្រៅពីចម្លាក់លើថ្មភក់ឡើយ។ 



សម្រាប់ទេសចរដែលចូលចិត្តថតរូប ពួកគេអាចមកផ្ដិតយករូបភាពដ៏អស្ចារ្យនៅពេលព្រះអាទិត្យកំពុងអស្ដង្គត។ ផ្នែកខាងក្រៅកំពែង នៅមុនពេលថ្ងៃលិចប៉ុន្មាននាទី ពីជ្រុងនិរតីនោះ គេអាចគយគន់ទិដ្ឋភាពប្រាសាទជាមួយនិងពន្លឺព្រះអាទិត្យដែលចាំងមកលើតួប្រាសាទ ហើយដែលធ្វើឲ្យពណ៌របស់ប្រាសាទប្រែជាមានសម្រស់ពណ៌មាស។ ចំណែកនៅរដូវវស្សា បើមានទឹកដក់នៅបរិវេណខាងក្រៅកំពែង ភាពចាំងឆ្លុះក៏ជាទិដ្ឋភាពដែលទាក់ទាញមួយកម្រិតទៀត៕
 

ព័ត៌មានទាក់ទង