ក្រុមអ្នកអភិរក្ស បានជួយសង្គ្រោះសត្វព្រៃ១២ក្បាល នៅតំបន់ជួរភ្នំក្រវាញ
21/07/2021 11:00 am ភ្នំពេញ
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ សត្វអណ្តើកសោមឈ្មោល៥ក្បាល សត្វកន្ធាយអាស៊ី៣ក្បាល សត្វកន្រ្តង៣ក្បាល និង សត្វអន្សង១ក្បាល ត្រូវបានមន្ត្រីឧទ្យានុរក្សនៅតំបន់ជួរភ្នំក្រវាញបានជួយសង្គ្រោះ និងលែងចូលព្រៃធម្មជាតិវិញ បន្ទាប់ពីក្រុមមន្ត្រីជំនាញត្រួតពិនិត្យឃើញថាសត្វទាំងនោះមិនមានរបួសស្នាម។


លោក កែន សេរីរដ្ឋា ប្រធានអង្គការអភិរក្សសត្វព្រៃកម្ពុជា (WCS) បានប្រាប់សារព័ត៌មានថ្មីៗថា កន្លងមកក្រុមមន្ត្រីឧទ្យានុរក្ស និងក្រុមអ្នកជំនាញតែងបង្ក្រាបបទល្មើសសត្វព្រៃជាហូរហែ។ លោក មានប្រសាសន៍ថា៖«ការអនុវត្តរបស់ពួកយើង គឺដូចភ្លៀងរលឹម ហើយនៅតែបន្តធ្វើរហូត»។ 
 
ប្រធានអង្គការរូបនេះបានបន្តថា មូលហេតុនៃការគំរាមកំហែងសត្វព្រៃនៅតែបន្ដកើតមាន គឺអាចបណ្ដាលមកពីជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ទាំងនោះនៅមានកម្រិត ហើយពួកគាត់ អាចមិនទាន់យល់ដឹងច្បាស់ក្នុងការថែរក្សា និងការអភិរក្សសត្វតិច រួមទាំងទីផ្សារជួញដូរសត្វព្រៃនៅតែមាន។ 


រូបភាពដោយ អង្គការអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ

លោកសង្កត់ធ្ងន់ថា ប្រសិនបើចង់ឱ្យស្ថានភាពនៃការប្រព្រឹត្តបទល្មើសមានការថយចុះលុះត្រាតែ ពង្រឹងការអនុវត្តច្បាប់ ដោយផ្ដល់សារៈសំខាន់ក្នុងការកាត់បន្ថយសម្ពាធ។ លោក បន្តថា ពលរដ្ឋក្នុងតំបន់ត្រូវចូលរួមក្នុងកិច្ចការទាំងនេះ រួមទាំងមានការចូលរួមពីសំណាក់ មន្តី្ររដ្ឋាភិបាលថ្នាក់លើ និងថ្នាក់មូលដ្ឋាន ឱ្យស្រុះដៃគ្នាក្នុងការអនុវត្តច្បាប់ឱ្យបានកាន់តែប្រសើរ។ 

លោកបញ្ជាក់ថា៖«ក្នុងស្ថានភាព នៃការរីករាលដាលជំងឺកូវីដ-១៩នេះ សកម្មភាពបទល្មើសដែលពលរដ្ឋចូលព្រៃ ចាប់ផ្ដើមកក្រើកឡើងវិញ ដោយសារកត្តាជីវភាពបានជំរុញពួកគេ បូករួមនឹងកត្តាអត់ការងារធ្វើផងដែរ»។ 


 រូបភាពដោយ អង្គការអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ

លោកបានអំពាវនាវឱ្យពលរដ្ឋទាំងអស់ចូលរួមអភរក្ស តាមរយៈការរួមគ្នាបដិសេធមិនបរិភោគសាច់សត្វព្រៃ និង ការរួមគ្នាអនុវត្តនច្បាប់ក្នុងការការពារសត្វព្រៃ។
 
ព័ត៌មានរបស់ក្រសួងបរិស្ថាន បានឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២១ បទល្មើសធនធានធម្មជាតិ មាន៤២៣៨ករណី ត្រូវបានឧទ្យានុរក្ស និងអាជ្ញាធរបង្ក្រាបបាន ក្នុងនោះមាន៥១១ករណី ពិន័យអន្តរការណ៍ និង៥១៥ ករណីត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ៕


រូបភាពដោយ អង្គការអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ

ព័ត៌មានទាក់ទង