ក្រសួងពាណិជ្ជកម្មថា ការនាំចូលជ្រូកពីខាងក្រៅ ជាការសម្រេចរបស់ក្រសួងកសិកម្ម
21/07/2021 10:00 am ភ្នំពេញ
ដោយ៖ ខន ណារី

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែអនុញ្ញាតឱ្យនាំចូលជ្រូករស់ពីថៃមកកម្ពុជា ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ដោយគោរពតាមគោលការណ៍ច្បាប់របស់ក្រសួង។ បន្ទាប់ពីក្រសួងកសិកម្ម បានអនុញ្ញាតឱ្យមានការនាំចូលជ្រូករស់ពីប្រទេសថៃ កាលពីថ្ងៃទី១៨ ខែកក្កដា ក៏មានមតិមួយចំនួនលើកឡើងពីភាពខ្វះចន្លោះរបស់ក្រសួងពាណិជ្ជកម្ម ដែលអនុញ្ញាតឱ្យមានការនាំចូលទំនិញដោយសេរី។ ឆ្លើយតបនូវការលើកឡើងនេះ ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការនាំចូលជ្រូក មកកម្ពុជា មិនស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួននោះទេ តែជាការសម្រេចរបស់ក្រសួងកសិកម្ម។


ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី២០ ខែកក្កដា បានបញ្ជាក់ពីតួនាទី និងភារកិច្ចរបស់ក្រសួងពាណិជ្ជកម្ម បន្ទាប់ពីមានការលើកឡើងពីបញ្ហាថ្លៃសាច់ជ្រូកនាំចូល ធៀបនឹងថ្លៃលើទីផ្សារក្នុងស្រុក។ ក្រសួងពាណិជ្ជកម្ម មានតួនាទីយកចិត្តទុកដាក់ ជួយដោះស្រាយ មធ្យោបាយផលិតកម្ម ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល។ 

«ការនាំចូលសាច់ជ្រូក និងជ្រូករស់ គឺត្រូវស្ថិតក្រោមការធ្វើនិយ័តកម្មស្របតាមច្បាប់ និងអនុក្រឹត្យ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដែលតម្រូវឱ្យសុំអាជ្ញាប័ណ្ណអនុញ្ញាតការនាំចូលជ្រូក ពីក្រសួងកសិកម្ម។ កិច្ចការនេះមិនស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្មទ្បើយ»។ នេះជាការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម។

ចំពោះកិច្ចការរបស់ក្រសួងពាណិជ្ជកម្ម បានចរចាបើកច្រកទីផ្សារ ក្រៅប្រទេសដោយមិនចាំបាច់បង់ពន្ធ ជួយសម្រួលដល់យន្តការទីផ្សារ ឱ្យមានការនាំចេញ-នាំចូលនូវមធ្យោបាយផលិតកម្ម និងទំនិញដោយសេរី និងគ្មានដាក់វិធានការរំខានណាមួយ ដែលគ្មានកំណត់ក្នុងច្បាប់នោះឡើយ។ ជាទូទៅការអនុវត្តយន្តការផ្សារសេរីនេះ ក៏មានចែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងអាស៊ានផងដែរ។ 



ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ការកំណត់តម្លៃទំនិញក៏មិនមែនជាតួនាទីរបស់ក្រសួងពាណិជ្ជកម្មដែរ គឺស្ថិតលើបរិមាណនៃផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារ ទើបជាកត្តាកំណត់តម្លៃទំនិញ។ ក្នុងករណី ប្រទេសណាមួយដាក់វិធានការរិតត្បិត លើការនាំចូលណាមួយ ប្រទេសនោះត្រូវកំណត់នៅក្នុងលិខិតបទដ្ឋានច្បាប់ក្នុងស្រុក ហើយជូនដំណឹងអំពីវិធានការនោះដោយមានតម្លាភាព និងកំណត់នីតិវិធីច្បាស់លាស់។

ឆ្លើយតបចំពោះវិធានការរបស់ក្រសួងកសិកម្ម ដែលអនុញ្ញាតឱ្យនាំចូលជ្រូករស់ពីប្រទេសថៃ ក្រុមអ្នកចិញ្ចឹមជ្រូកក្នុងស្រុក មិនបានជំទាស់នោះទេ។  ប៉ុន្តែក្រុមអ្នកចិញ្ចឹមជ្រូកក្នុងស្រុក ស្នើឱ្យក្រសួងកំណត់បរិមាណនៃការនាំចូល និងពិនិត្យគុណភាពជ្រូក ឱ្យបានត្រឹមត្រូវ ចៀសវាង បង្កហានិភ័យដល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុក និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាទូទៅ កម្ពុជាមានតម្រូវការជ្រូករស់ប្រមាណ ៨ពាន់ក្បាល ក្នុងមួយថ្ងៃ ហើយកម្ពុជា មានលទ្ធភាពផ្គត់ផ្គង់ជ្រូករស់ ប្រមាណ ៧ពាន់ក្បាល ក្នុងមួយថ្ងៃ នៅលើទីផ្សារ។ បើតាមក្រសួងកសិកម្ម មុនពេលវិបត្តិកូវីដ-១៩ ថ្លៃដើមជ្រូកសាច់ បានប្រែប្រួលក្នុងរង្វង់ពី ៧ ៥០០រៀល ទៅ ៩ ០០០រៀល ក្នុងមួយគីឡូក្រាម។ បច្ចុប្បន្ន ថ្លៃដើមផលិតជ្រូកសាច់កើនឡើង ប្រមាណ ១០ ៥០០រៀល ទៅ ១២ ០០០រៀល ក្នុងមួយគីឡូក្រាម។ ថ្វីបើ ថ្លៃដើមផលិតជ្រូកសាច់កើនឡើង ស្របនឹងការរាលដាលនៃជំងឺកូវីដ-១៩ តែតម្លៃជ្រូករស់ក្នុងស្រុកមិនមានការប្រែប្រួលនោះទេ គឺស្ថិតក្នុងចន្លោះ ១០៥០០រៀល ទៅ ១៣៦០០រៀល ក្នុងមួយគីឡូក្រាម៕
 

ព័ត៌មានទាក់ទង