អ្នកចិញ្ចឹមជ្រូកក្នុងស្រុក គាំទ្រការនាំចូលជ្រូករស់ពីថៃ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ
19/07/2021 5:00 pm ភ្នំពេញ

ដោយ៖ ខន ណារី

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតឱ្យមានការនាំចូលជ្រូករស់ពីប្រទេសថៃ ដោយតម្រូវឱ្យក្រុមហ៊ុននាំចូលនោះ គោរពតាមគោលការណ៍របស់ក្រសួងកសិកម្ម។ ជាមួយគ្នានេះ ក្រុមអ្នកចិញ្ចឹមជ្រូកក្នុងស្រុក ស្នើឱ្យធានាសុវត្ថិភាព តម្លៃ និងនាំចូលក្នុងបរិមាណស្របតាមតម្រូវការរបស់កម្ពុជា។បច្ចុប្បន្ន កម្ពុជា មានក្រុមហ៊ុនចំនួន៦ ដែលបានកំពុងទទួលបានគោលការណ៍នាំជ្រូកចូលពីប្រទេសថៃ មកកម្ពុជា និងមានក្រុមហ៊ុន ចំនួន៤ ផ្សេងទៀត គ្រោងនាំចូល។ បើទោះបី សព្វថ្ងៃ ការចិញ្ចឹមជ្រូកក្នុងស្រុក ហាក់មានការកើនឡើង គួរឱ្យកត់សម្គាល់ ប៉ុន្តែការផ្គត់ផ្គង់ជ្រូករស់ក្នុងស្រុក ហាក់មិនទាន់គ្រប់គ្រាន់តាមតម្រូវការនៅឡើយ។ កត្តានេះ នាំឱ្យកម្ពុជាបន្តនាំចូលជ្រូករស់ពីប្រទេសជិតខាង។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា មិនហាមឃាត់ក្រសួងកសិកម្ម ព្រោះនៅលើទីផ្សារកម្ពុជាបច្ចុប្បន្ន ពិតជាមិនទាន់អាចផ្គត់ផ្គង់សាច់ជ្រូកគ្រប់គ្រាន់នៅឡើយ។ ប្រធានសមាគមរូបនេះបានប្រាប់សារព័ត៌មាន ThmeyThmey25 ដូច្នេះ៖«តាមពិតការនាំចូលជ្រូករស់ពីខាងក្រៅ អាចប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុកពិតមែន បើក្រសួងមិនបានត្រួតពិនិត្យបានត្រឹមត្រូវ។ យើងគាំទ្រ ឱ្យមានការនាំចូលជ្រូករស់ ព្រោះសព្វថ្ងៃ ការផ្គត់ផ្គង់ ប្រចាំថ្ងៃ នៅខ្វះខាតនៅឡើយ»។

ដ្បិតថាក្រសួងអនុញ្ញាតឱ្យមានការនាំចូលពីខាងក្រៅក៏ពិតមែន តែលោក ស៊្រុន ពៅ ស្នើឱ្យក្រសួងត្រួតពិនិត្យសុខភាពសត្វឱ្យបានត្រឹមត្រូវ និងនាំចូលត្រឹមបរិមាណដែលកម្ពុជាខ្វះខាតប៉ុណ្ណោះ ដើម្បីធានាសុវត្ថិភាពអ្នកបរិភោគ ព្រមទាំងចៀសវាងប៉ះពាល់ដល់ក្រុមអ្នកចិញ្ចឹមជ្រូកក្នុងស្រុក។ ការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យផលិតផលសត្វ បាត់បង់ទីផ្សារ មិនថាកម្ពុជា នោះទេរួមទាំងប្រទេសជិតខាងផង។ លោក ពៅ អះអាងថា ឈ្មួញខិលខួចមួយចំនួន បានយកឱកាសនេះ ដើម្បីនាំជ្រូកខុសច្បាប់ចូលមកកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ទីផ្សារជ្រូកក្នុងស្រុក និងប៉ះពាល់ដល់សុខភាពសាធារណៈ។ 

លោក ស្រ៊ុន ពៅ បានបន្ថែមទៀតថា សព្វថ្ងៃ កម្ពុជាមានការនាំចូលជ្រូករស់ពីខាងក្រៅ ក្នុងបរិមាណ ១ពាន់ក្បាល ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ដូច្នេះបរិមាណនៃការនាំចូលនេះ មិនបង្កហានិភ័យសម្រាប់អ្នកចិញ្ចឹមជ្រូក ក្នុងស្រុកឡើយ។ លោក ពៅបន្តថា គុណភាពជ្រូក និងតម្លៃ ក៏មិនខុសគ្នា ជាមួយជ្រូក ក្នុងស្រុកដែរ។ 

ជាទូទៅកម្ពុជា មានតម្រូវការជ្រូករស់ប្រមាណ ៨ពាន់ក្បាល ក្នុងមួយថ្ងៃ ហើយកម្ពុជា មានលទ្ធភាពផ្គត់ផ្គង់ជ្រូករស់ ប្រមាណ ៧ពាន់ក្បាល ក្នុងមួយថ្ងៃ នៅលើទីផ្សារ ដូច្នេះកម្ពុជា ត្រូវការនាំចូលជ្រូករស់ពីខាងក្រៅ ប្រមាណ ១ពាន់ក្បាល ជារៀងរាល់ថ្ងៃ។

មុនពេលវិបត្តិកូវីដ-១៩ ថ្លៃដើមជ្រូកសាច់ បានប្រែប្រួលក្នុងរង្វង់ពី ៧ ៥០០រៀល ទៅ ៩ ០០០រៀល ក្នុងមួយគីឡូក្រាម។ បច្ចុប្បន្ន ថ្លៃដើមផលិតជ្រូកសាច់កើនឡើង ប្រមាណ ១០ ៥០០រៀល ទៅ ១២ ០០០រៀល ក្នុងមួយគីឡូក្រាម។ ថ្វីបើ ថ្លៃដើមផលិតជ្រូកសាច់កើនឡើង ស្របនឹងការរាលដាលនៃជំងឺកូវីដ-១៩ តែតម្លៃជ្រូករស់ក្នុងស្រុកមិនមានការប្រែប្រួលនោះទេ គឺស្ថិតក្នុងចន្លោះ ១០៥០០រៀល ទៅ ១៣៦០០រៀល ក្នុងមួយគីឡូក្រាម។

បច្ចុប្បន្ន កម្ពុជា អាចផ្គត់ផ្គង់ជ្រូកសាច់នៅក្នុងស្រុកបាន ៨៥ភាគរយ ខណៈ ៦ខែ ក្នុងឆ្នាំ២០២១ មានកសិដ្ឋានចិញ្ចឹមជ្រូកបង្កើតថ្មី ចំនួន ៦១កន្លែង ក្នុងនោះ មានកសិដ្ឋានចិញ្ចឹមជ្រូកពូជ ៧កន្លែង និងកសិដ្ឋានចិញ្ចឹមជ្រូកសាច់ ចំនួន ៥៤កន្លែង៕ 

 

ព័ត៌មានទាក់ទង