ទិញកាបូបបរិស្ថាន ជួយជនពិការក្នុងបរិបទកូវីដ-១៩
19/07/2021 12:00 pm ភ្នំពេញ

ដោយ៖ ផាត ដាណេ

ភ្នំពេញ៖ ជនពិការជាង៣០០នាក់ក្នុងសហគ្រាសភូមិសិប្បកម្មកម្ពុជា បានយកសំណល់បាវស្ករ ដើម្បីកែច្នៃជាកាបូបបរិស្ថានទាន់សម័យសម្រាប់លក់លើទីផ្សារ។ ពួកគេ ចង់ឱ្យមានអតិថិជនគាំទ្រច្រើន ព្រោះវាអាចរួមចំណែកជួយបរិស្ថានផង និងផ្ដល់ឱកាសការងារ ដល់ពួកគេក្នុងគ្រាដ៏លំបាកនេះផង។



អ្នកស្រី ជួន ស្រីឡែន ជាជនពិការម្នាក់ក្នុងចំណោមជនពិការជាច្រើន ដែលកំពុងបម្រើការងារកែច្នៃកាបូបបរិស្ថាន ក្នុងសហគ្រាសភូមិសិប្បកម្មកម្ពុជា។ រយៈពេលជាង៦ឆ្នាំហើយ ដែលអ្នកស្រី ជួន ស្រីឡែន មានការងារធ្វើ ដ្បិតថាអ្នកស្រីមានពិការភាពកម្ពស់ និងស្វិតជើងទាំងសងខាង។ ទន្ទឹមនឹងនេះ អ្នកស្រី ឡែន បារម្ភបាត់បង់ចំណូល ដោយសារការរាលដាលនៃជំងឺកូវីដ-១៩ និងគ្មានអតិថិជនជួយទិញកាបូបបរិស្ថានខ្លួន។ 

អ្នកស្រី ស្រីឡែន បានប្រាប់សារព័ត៌មាន ThmeyThmey25 ដូច្នេះថា៖«ខ្ញុំចង់ឱ្យមានអតិថិជនជួយទិញកាបូបច្រើន ដើម្បីពួកខ្ញុំអាចទទួលបានចំណូលសម្រាប់ចិញ្ចឹមជីវិត»។ អ្នកស្រី បន្តថា ដ្បិតខ្លួនជាជនពិការពិបាករកការងារធ្វើ ដូច្នេះរស់នៅអាស្រ័យរបរមួយនេះប៉ុណ្ណោះ។

អ្នកមានពិការភាពម្នាក់ទៀត កញ្ញា ជិន សុខជា ក៏បារម្ភខ្លាចបាត់បង់ចំណូលតែមួយគត់របស់ខ្លួន។ កញ្ញាគ្មានលទ្ធភាពរកការងារផ្សេងធ្វើ ក្នុងគ្រាដ៏លំបាកនេះ។ កញ្ញា ជិន សុខជា កែច្នៃបាវជាកាបូបបរិស្ថានក្នុងសហគ្រាសភូមិសិប្បកម្មកម្ពុជា ជាង៥ឆ្នាំហើយ។ 

អ្នកមានពិការរភាពរូបនេះ បានលើកឡើងដូច្នេះថា៖«ពួកខ្ញុំជាជនពិការនេះ ខំកាត់ដេរ កាបូបហ្នឹងដោយយកចិត្តទុកដាក់ណាស់ ព្រោះខ្ញុំស្រឡាញ់ការងារហ្នឹង។ មួយថ្ងៃខ្ញុំធ្វើបានជាង១០កាបូបប៉ុណ្ណោះ អត់ដូចអ្នកគេមានជើងដៃគ្រប់គ្រាន់ទេ»។ កញ្ញា បន្តថា បច្ចុប្បន្នដោយសារកូវីដ-១៩ ពួកគេមិនអាចរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពឡើយ ដូច្នេះកញ្ញា ចង់ឱ្យមានអតិថិជនជួយទិញកាបូបបរិស្ថានរបស់ពួកគេ ព្រោះវាអាចជួយទាំងបរិស្ថាន និងជនពិការជាច្រើននាក់។

ជាមួយគ្នានេះ អ្នកស្រី ណោម ប៊ុនណាក់ ម្ចាស់សហគ្រាសភូមិសិប្បកម្មកម្ពុជា ក៏មើលឃើញពីទុក្ខលំបាករបស់បុគ្គលិកខ្លួនផងដែរ ដ្បិតកាបូបកែច្នៃនេះ ថមថយការបញ្ជាទិញស្ទើរទាំងស្រុងដោយសារកូវីដ-១៩។ អ្នកស្រី បានលើកឡើងដូច្នេះថា៖«ដោយសារកូវីដ-១៩ហ្នឹង កាបូបយើងអត់មានអ្នកទិញច្រើនទេ។ អ៊ីចឹងពួកគាត់ ដែលជាអ្នកផលិតហ្នឹងក៏មិនមានការងារធ្វើច្រើនដែរ ហើយចំណូលក៏ធ្លាក់ចុះតាមហ្នឹងដែរ។ ដល់ពេលចឹងទៅពួកគាត់ពិបាកច្រើន»។ 

អ្នកស្រី បន្តថា បើមានអតិថិជនបន្តគាំទ្រ និងបញ្ជាទិញច្រើន ដូចជួយពួកគាត់អ៊ីចឹង ព្រោះការងារជនពិការក្នុងសហគ្រាស ពឹងផ្អែកលើប្រាក់ចំណូល និងការងារតែប៉ុណ្ណឹង។ ក្រៅពីនេះ អ្នកស្រី ប៊ុនណាក់ ក៏បានបញ្ជាក់ថា ការគាំទ្រទិញកាបូបរបស់អតិថិជនគឺអាចរួមចំណែកជួយដល់បរិស្ថាន និងជនពិការ ដែលកំពុងជួបការលំបាកផងដែរ។

កាបូបបរិស្ថាន១ តម្លៃ៥ពាន់រៀល លោក-អ្នកដែលចាប់អារម្មណ៍ចង់ទិញយកទៅប្រើប្រាស់អាចទាក់ទងទូរសព្ទលេខ ០១៧ ៣៨៨ ០១៨ ឬ ០៩៥ ២៦១ ៣៧០ និងតាមរយៈហ្វេសប៊ុកផេក https://www.facebook.com/EcoBagcambodia/ ៕

 

ព័ត៌មានទាក់ទង