ភ្នំពេញ និងខេត្ត៨ទៀត មានភ្លៀងធ្លាក់ នៅថ្ងៃទី១៦មិថុនានេះ 
16/06/2021 5:44 pm ភ្នំពេញ

ដោយ៖ ស៊ុល រ៉វី
 
ភ្នំពេញ៖ គិតត្រឹមរសៀលថ្ងៃទី១៦មិថុនា ឆ្នាំ២០២១នេះ នៅតាមបណ្ដារាជធានី-ខេត្តចំនួន៩ រួមមាន ភ្នំពេញ កោះកុង រតនគិរី សៀមរាប តាកែវ កំពង់ចាម ស្ទឹងត្រែង កណ្ដាល និងខេត្តកំពង់ធំ មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ និងមធ្យម។ ស្ថានភាពនេះ បណ្ដាលមកពី ខ្យល់មូសុងនិរតីកម្រិតមធ្យម ទៅបង្គួរ រួមនឹងប្រព័ន្ធសម្ពាធទាប និងខ្យល់កន្ត្រាក់ ដែលមានឥទ្ធិពលមកលើអាកាសធាតុកម្ពុជា។

 
តាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែមិថុនានេះ ភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងខេត្តកោះកុង រួមមានស្រុកថ្មបាំង, កោះកុង, មណ្ឌលសីម៉ា និងក្រុងខេមរភូមិន្ទ។ ឯខេត្តរតនគិរីវិញ ភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ នៅក្នុងឃុំសោមធំ និង ស្រុកអូរយ៉ាដាវ។ រី៑ឯសៀមរាប មានភ្លៀងធ្លាក់កម្រិតមធ្យម ក្នុងស្រុកសូទ្រនិគម, បាគង, អង្គរធំ, ពួក និងក្រុងសៀមរាប។ 

ដោយឡែកនៅខេត្តតាកែវវិញ មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យមក្នុងស្រុកដូនកែវ, ត្រាំកក់, បុរីជលសារ និងស្រុកទ្រាំង។ ចំណែកខេត្តកំពង់ចាម មានភ្លៀងធ្លាក់នៅក្នុងស្រុកសន្ធរ។ ចំណែកខេត្តស្ទឹងត្រែងវិញ ភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យមក្នុងស្រុកសៀមបូក, បូរីអូរស្វាយ, សេសាន និងក្រុងស្ទឹងត្រែង។

នៅខេត្តកណ្ដាលឯណោះវិញ ភ្លៀងធ្លាក់ក្នុងកម្រិតផ្សែងក្រូចទៅមធ្យម ក្នុងស្រុកមុខកំពូល, ខ្សាច់កណ្ដាល, ល្វាឯម, កៀនស្វាយ និងក្រុងតាខ្មៅ។ ខណៈខេត្តកំពង់ធំមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យមនៅក្នុងស្រុកប្រាសាទបល្ល័ង្ម, កំពង់ស្វាយ និងក្រុងស្ទឹងសែន។ 

គួរបញ្ជាក់ផងដែរថា យោងតាមការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម អាកាសធាតុកម្ពុជាទទួលរងខ្យល់មូសុងនិរតី កម្រិតមធ្យម ទៅបង្គួរ រួមនឹងប្រព័ន្ធសម្ពាធទាប និងខ្យល់កន្ត្រាក់៕ 

ព័ត៌មានទាក់ទង