បណ្ដុំកែច្នៃត្រីចំបក់ នៅស្រុកសន្ទុក ជួយឲ្យស្រ្តី៥០នាក់មានចំណូលប្រចាំខែ​
15/05/2021 3:00 pm ភ្នំពេញ

 
បណ្ដុំកែច្នៃត្រីចំបក់ ជាភូមិច្នៃត្រីទៅជាត្រីឆ្អើ ដែលស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ របរនេះ បង្កើតការងារដល់ស្រ្តីប្រមាណ ៥០នាក់នៅភូមិចំបក់ ឃុំតាំក្រសាំង ដែលអាចមានប្រាក់ចំណូលទៀងទាន់រៀងរាល់ថ្ងៃ។ ប៉ុន្តែ ទីផ្សារផលិតផលត្រី មានកម្រិតនៅឡើយ។ 
រយៈពេល ៥ឆ្នាំហើយដែលបានបង្កើតបណ្ដុំកែច្នៃត្រីនេះ ក្នុងគោលបំណងបង្កើតឱកាសទីផ្សារឲ្យទូលាយ និងជួយទិញត្រីស្រស់ពីវារីវប្បករផង​ដែរ។ របរកែច្នៃត្រីឆ្អើរ ផ្អក និងត្រីងៀត គឺមុខរបរចំណងរបស់ពលរដ្ឋក្នុងសហគមន៍នេះ ក្រៅពីការងារធ្វើស្រែ ចម្ការ។ ត្រីទាំងនោះ សហគមន៍ ទិញពីអ្នកចិញ្ចឹមក្នុងខេត្តកំពង់ធំផ្ទាល់ និងមួយចំនួនប្រមូលទិញពីអ្នកចិញ្ចឹមត្រីនៅខេត្តកំពង់ចាម។
 

បច្ចុប្បន្នទីផ្សារផលិតផលត្រីរបស់បណ្ដុំកែច្នៃត្រីចំបក់ ហាក់នៅមានកម្រិត។ ប្រធានបណ្ដុំកែច្នៃផលិតផលត្រី និងជាអតីតអ្នកចិញ្ចឹមត្រី វ័យ៥២ឆ្នាំ លោក ទន់ យី កំពុងតែដុតដៃដុតជើង រកទីផ្សារបន្ថែមដល់សមាជិករបស់ខ្លួន។ លោក ទន់ យីន ប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះ៖«ខ្ញុំចងក្រងជាបណ្ដុំនេះ យូរឆ្នាំដែរហើយ តែទីផ្សារមិនទាន់ប្រសើរនៅឡើយ។ ខ្ញុំបានដាក់ដំណើរទៅក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ឲ្យជួយរកទីផ្សារដែរ តែគាត់ថារង់ចាំឲ្យចប់កូវីដ-១៩សិន»។
 
ដោយសារទីផ្សារនៅចង្អៀត គួបផ្សំវិបត្តិកូវីដ-១៩ ផលត្រីដែលបានច្នៃរួចរបស់សហគមន៍នេះ អាចផ្គត់ផ្គង់បានប្រមាណ ២ ទៅ ៣តោន ក្នុងមួយខែ​ នៅលើទីផ្សារក្នុងប្រទេស៕ 

ដោយ៖ ខន ណារី

ព័ត៌មានទាក់ទង