បុរាណវិទូ៖ ទបង្ហូរទឹកបុរាណនៅព្រះទីលានជល់ដំរី អាចសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧
13/05/2021 11:00 am សៀមរាប
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សារារកឃើញទបង្ហូរទឹក ឬលូបង្ហូរទឹក ខណៈពេលអនុវត្តគម្រោងកែលម្អផ្លូវដើរ ដាំស្មៅ និងប្រព័ន្ធទឹក នៅបរិវេណព្រះលានជល់ដំរី។ បុរាណវិទូបានសន្និដ្ឋានថា ទបង្ហូរទឹក ឬលូបង្អូរទឹកនេះ បានស្ថាបនានៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ក្នុងពេលព្រះអង្គរៀបចំប្រព័ន្ធផ្លូវ និងប្រព័ន្ធប្រឡាយទឹកនៅក្រុងអង្គធំ។


ក្រុមបុរាណវិទូបានប្រទះឃើញទបង្ហូរ នៅខាងជើងផ្លូវចុះកណ្តាលនៃខឿនព្រះលានជល់ដំរី ដែលបុព្វបុរសស្ថាបនាឆ្លងកាត់ផ្លូវទទឹងថ្ងៃ ជាផ្លូវចេញពីប្រាសាទបាយ័ន្តទៅខ្លោងទ្វារដីឆ្នាំង នៃក្រុងអង្គរធំ។ ទបង្ហូរទឹកនេះ កសាងឡើងដោយយកថ្មបាយក្រៀមធ្វើជាជញ្ជាំងសងខាង និងថ្មភក់ធ្វើជាគម្របពីលើ មានកម្ពស់ជិតកន្លះម៉ែត្រ ទទឹងមុខសម្រាប់ទឹកហូរ០,២ម៉ែត្រ និងមានបណ្តោយ៦ម៉ែត្រ។ 

លោក ខៀវ ច័ន្ទ បុរាណវិទូ និងជាអ្នកទទួលខុសត្រូវការដ្ឋានកំណាយ បានសន្និដ្ឋានជាបឋមបានថា ទបង្ហូរទឹកបុរាណនេះអាចស្ថាបនាឡើងនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ក្នុងពេលដែលព្រះអង្គបានរៀបចំក្រុងអង្គរធំឱ្យមានប្រព័ន្ធផ្លូវ និងប្រព័ន្ធប្រឡាយទឹកខ្វាត់ខ្វែងជាក្រឡាចត្រង្គពាសពេញក្រុង។ ក្រៅពីនេះក៏មានរន្ធត្រដេវមួយ នៅទិសឦសានសម្រាប់បញ្ជូលទឹកមកក្នុងក្រុង និងរន្ធត្រដេវនៅទិសនិរតីសម្រាប់បង្ហូរទឹកចេញពីក្រុងទៅសិន្ធុខាងក្រៅធ្លាក់ទៅបឹងទន្លេសាប។ 

រូបភាព៖ អាជ្ញាធរជាតិអប្សារា

ការអនុវត្តគម្រោងកែលម្អផ្លូវដើរ ដាំស្មៅ និងប្រព័ន្ធរំដោះទឹកនៅបរិវេណព្រះលានជល់ដំរីក្នុងក្រុងអង្គរធំ ការសិក្សាអំពីផលប៉ះពាល់បុរាណវិទ្យា គឺជាផ្នែកមួយយ៉ាងសំខាន់ដើម្បីស្វែងយល់ពីពីរចនាសម្ពន្ធ ដំណាក់កាលនៃការរៀបចំទីធ្លាមុខព្រះបរមរាជវាំង និងការវិវឌ្ឍន៍នៃរចនាសម្ពន្ធបុរាណផ្សេងៗ ដែលនៅក្រោមដីតាមយុគសម័យនីមួយៗ។ ជាលទ្ធផលក្រុមបុរាណវិទូបានប្រទះឃើញ នូវរចនាសម្ពន្ធបុរាណជាច្រើនដូចជាប្រព័ន្ធផ្លូវ ប្រព័ន្ធចង្អូរទឹកនៅអមផ្លូវពីមុខព្រះបរមរាជវាំងទៅខ្លោងទ្វារជ័យ ព្រមទាំងរចនាសម្ពន្ធសំណង់ផ្សេងៗជាច្រើនទៀត៕ 

 

ព័ត៌មានទាក់ទង