UNDP និងសហគ្រិនខ្មែរ រួមគ្នាបង្កើនទីផ្សារអនឡាញសម្រាប់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា
12/05/2021 10:00 am ភ្នំពេញ
ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានចុះកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្ដ្រជាមួយសហគ្រិនខ្មែរនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបង្កើនល្បឿនអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម(SMEs)របស់កម្ពុជា និងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក(E-Commerce)។ កិច្ចព្រមព្រៀងគ្នាបានធ្វើឡើងរវាងលោក Nick Beresford នាយកUNDPប្រចាំកម្ពុជា ជាមួយលោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ កាលពីរសៀលថ្ងៃទី១១ឧសភា ឆ្នាំ២០២១។

 
កិច្ចសហការនេះ សម្រាប់គាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាប្រកបដោយចីរភាព តាមរយៈការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក ដែលជាកាតាលីករយ៉ាងសំខាន់ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនវត្តមានទីផ្សារអនឡាញ។ លើសពីនេះ គឺការផ្ដល់សេវាកម្មថ្មីៗ និងកំណត់ការឆ្ពោះទៅរកទិសដៅ ដើម្បីធ្វើពាណិជ្ជកម្មអន្តរជាតិ។
 
ភាពជាដៃគូរួមរវាងស្ថាប័នទាំងពីរខាងលើនេះ នឹងបង្កើនឱកាសក្នុងស្រុកនិងអន្តរជាតិ សម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈវេទិកាឌីជីថល និងបង្កើតការងារថ្មីជាង១ ០០០ កន្លែង ត្រឹមឆ្នាំ ២០២២។ នៅក្នុងគំនិតផ្តួចផ្ដើមរួមនេះ សហគ្រាសធុនតូច និងមធ្យម ចំនួន១២៥ ត្រូវបានរំពឹងថា នឹងទទួលបានជំនួយឥតសំណង និងការបណ្ដុះបណ្ដាលផ្នែកពាណិជ្ជកម្មអេឡិចត្រូនិក តាមរយៈការផ្ដល់ហិរញ្ញប្បទានរួមពី ក្រសួងពាណិជ្ជកម្ម(MoC)នៃកម្មវិធីការធ្វើសមាហរណកម្មក្របខ័ណ្ឌចម្រុះ(EIF) របស់រដ្ឋាភិបាលអូស្ដ្រាលី និង UNDP។
 
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបន្តរៀបរាប់ថា៖«ជាមួយនឹងភាពជាដៃគូថ្មីនេះ និងការផ្ដល់មូលនិធិបន្ថែមពីសហគ្រិនខ្មែរនៅពេលនេះ គម្រោងនេះត្រូវបានរំពឹងថា នឹងបង្កើនល្បឿន ដើម្បីគាំទ្រដល់ការបន្ថែមSMEs ចំនួន៥០ នៅក្នុងសកម្មភាពគម្រោងពីរនេះ»។ សកម្មភាពទាំងនេះ រួមមានកម្មវិធីធុរកិច្ចបង្កើតថ្មី (បំពាក់SMEs ជាមួយនឹងជំនាញចាំបាច់ និងការគាំទ្រដែលត្រៀមខ្លួនជាស្រេច) និងកម្មវិធីផ្ដល់ជំនួយខ្នាតតូច (គាំទ្រការផ្លាស់ប្តូរទៅជាលក្ខណៈឌីជីថល)។
 
លោក ឈាង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ បានមើលឃើញថា ការរីករាលដាលជំងឺកូវីដ -១៩ បង្កឲ្យមានអត្ថប្រយោជន៍ ដែលមិនធ្លាប់មានសម្រាប់ក្រុមអ្នកចេញគោលនយោបាយ និងអ្នកបង្កើតប្រព័ន្ធអេកូឡូស៊ី ដើម្បីធ្វើឲ្យ SMEs បន្តរស់ និងការរីកចម្រើនបាន។ ដោយសារតែកាលៈទេសៈដ៏ពិបាក ដែលបានបណ្ដាលមកពីជំងឺកូវីដឥ១៩ តាមរយៈកម្មវិធីភាពជាដៃគូនេះ SMEs ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់នឹងមានឱកាសផ្សេងៗ ដើម្បីទទួលបានជំនួយដែលត្រូវបានផ្ដល់ដោយសហគ្រិនខ្មែរ។
 
«រចនាសម្ព័ន្ធកម្មវិធីនេះ ផ្ដល់យន្តការប្រកបដោយប្រសិទ្ធភាព ដើម្បីផ្ដល់មូលនិធិ និងអាចបណ្ដុះបណ្ដាល SMEs ដើម្បីប្រើប្រាស់ឌីជីថល។ អន្តរាគមន៍បែបនោះ នឹងរួមចំណែកចំពោះការបង្កើនល្បឿននៃយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សេដ្ឋកិច្ចឌីជីថល»។ លោក ឈាង វណ្ណមុនិណ្ឌ បាននិយាយយ៉ាងដូច្នេះ នៅក្នុងសេចក្តីប្រកាសព័ត៌មានខាងលើ។
 
ជាមួយគ្នានេះ លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជា បានលើកឡើងថា តាមរយៈក្រសួងពាណិជ្ជកម្ម  UNDPបានផ្ដោតចិត្តទុកដាក់លើការគាំទ្រការងាររបស់សហគ្រិនខ្មែរ ក្នុងការបន្តជំរុញឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក ដោយផ្អែកលើការផ្លាស់ប្តូរសេដ្ឋកិច្ច នឹងផ្ដល់ឱកាសដល់សហគ្រាសមីក្រូ និងអាជីវកម្មធុនតូច ក្នុងការរីកចម្រើនកាន់តែរហ័ស ផ្ដល់ការងារ និងការរីកចម្រើនកាន់តែច្រើន និងធ្វើដូចនេះ ជាមួយនឹងការការពារកាន់តែខ្លាំងប្រឆាំងនឹងជំងឺកូវីដ-១៩។
 
កាលពីថ្ងៃទី ២៣ធ្នូ ឆ្នាំ២០២០ UNDP និងរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម បានរួមគ្នាបង្កើតគម្រោងជំរុញល្បឿនពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសកម្ពុជា៕ 
 
 
 

 

ព័ត៌មានទាក់ទង