សង្កាត់ប៉ោយប៉ែត និងផ្នែកខ្លះនៃសង្កាត់ផ្សារកណ្តាល ក្នុងក្រុងប៉ោយប៉ែតទៅជាតំបន់ក្រហម
10/05/2021 1:00 pm ភ្នំពេញ
រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី៨ ឧសភា បានសម្រេចដាក់សង្កាត់ប៉ោយប៉ែតទាំងមូល និងផ្នែកខ្លះនៃសង្កាត់ផ្សារកណ្តាល នៃក្រុងប៉ោយប៉ែត ជាតំបន់ក្រហមបន្ទាប់ពីជំងឺកូវីដ-១៩ បានឆ្លងរាលដាលខ្លាំង។ តាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ទីតាំងដែលត្រូវបានជាតំបន់ក្រហម ទាំងនោះ ភាគច្រើនជាតំបន់កាស៊ីណូ និងអាគារស្នាក់នៅរួម។


ពលរដ្ឋស្ថិតនៅតំបន់ក្រហម មិនត្រូវបានអនុញ្ញាតឱ្យចេញពីលំនៅឋាន ឬទីស្នាក់នៅបច្ចុប្បន្នឡើយ ហើយសកម្មភាពកីឡា នៅខាងក្រៅលំនៅឋាន ឬទីសំណាក់ ក៏ត្រូវបានហាមឃាត់ដែរ។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបន្តទៀតថាការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាលដើម្បីយកសំណាកតេស្តរកកូវីដ-១៩ និងការធ្វើដំណើរទៅចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានអនុញ្ញាត។ 
 
រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានតម្រូវឱ្យផ្សារ និងទីកន្លែងលក់ម្ហូបអាហារ គ្រឿងឧបភោគបរិភោគ ព្រមទាំងសកម្មភាពមុខរបរ និងអាជីវកម្មទាំងអស់ ត្រូវផ្អាកបណ្តោះអាសន្នផងដែរ លើកលែងតែសេវាពន្លត់អគ្គិភ័យ ទឹកស្អាត សេវាសង្គ្រោះបន្ទាន់ សេវាសុខភិបាល ឱសថស្ថាន និងសេវាផ្គត់ផ្គង់បរិក្ខាពេទ្យ ព្រមទាំងទីតាំងផលិត និងផ្គត់ផ្គង់អាល់កុល និងអុកស៊ីសែន។

បន្ថែមពីនេះ សេវាផ្គត់ផ្គង់ស្បៀងរបស់រដ្ឋ សេវាសង្គ្រោះបន្ទាន់ ការដឹកជញ្ជូនសំរាម និងសំណល់រឹង នៅតំបន់ក្រហម ក៏ត្រូវបាលលើកលែងដែរ។ ជាមួយគ្នានេះដែរ អាជ្ញាធរ ក៏អនុញ្ញាតចំពោះការធ្វើដំណើរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែលត្រូវអនុវត្តវិធានការនានាក្នុងអំឡុងពេលបិទខ្ទប់ ដោយភ្ជាប់នូវលិខិតបញ្ជាបេសកកម្ម៕

ព័ត៌មានទាក់ទង