កម្ពុជា នាំចេញផ្លែស្វាយស្រស់៨០តោន ទៅចិន 
07/05/2021 6:00 pm ភ្នំពេញ
ភ្នំពេញ៖ កម្ពុជា នាំផ្លែស្វាយស្រស់៨០តោនទៅចិនជាផ្លូវការ នៅថ្ងៃសម្ពោធជាផ្លូវការរវាងកម្ពុជា-ចិន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម និងលោក  Wang Wentain ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិន។


ផ្លែស្វាយស្រស់ចំនួន ៨០តោននេះ ត្រូវបាននាំចេញទៅប្រទេសចិន។ ការនាំចេញផ្លែស្វាយស្រស់ជាបន្តបន្ទាប់ទៅចិននេះ ក្រោយកម្ពុជា-ចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីពាក់កណ្ដាលឆ្នាំ២០២០ កន្លងទៅ ក្នុងការនាំចេញផ្លែស្វាយស្រស់ ៥០ម៉ឺនតោន រាល់ឆ្នាំទៅប្រទេសចិន។ 

បច្ចុប្បន្ន ចម្ការស្វាយចំនួន ៣៧ និងរោងចក្រវេចខ្ចប់ចំនួន ៥ហើយ ដែលទទួលបានការអនុម័តពីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) ក្នុងការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ទៅចិនដោយផ្ទាល់។ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា នេះជាជោគជ័យយ៉ាងធំធេង របស់កសិករ ម្ចាស់ចម្ការ និងអាជីវករ។

លោកបានរៀបរាប់ដូច្នេះ៖«ព្រឹត្តិការណ៍នេះជាការចាប់ផ្ដើមជាផ្លូវការនៃផលិតផលផ្លៃស្វាយស្រស់របស់កម្ពុជាដោយត្រង់ទៅចិន។ វិស័យផលិតកម្មស្វាយស្រស់នឹងត្រូវបានលើកកម្ពស់ និងមានតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារ»។

ផ្លែស្វាយស្រស់ជាផ្លែឈើស្រស់ទី២ ដែលអាចនាំចេញទៅប្រទេសចិន បន្ទាប់ពីផ្លែចេកស្រស់។ ដើម្បីអាចនាំចេញផ្លែស្វាយស្រស់ទៅប្រទេសចិនបាន ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួលស្គាល់ដោយ GACC។ គ្រប់ចម្ការស្វាយដែលបានចុះបញ្ជី ត្រូវអនុវត្តការដាំដុះតាមគោលការណ៍ ការអនុវត្តកសិកម្មល្អ (GAP)។ 
 
ផ្លែស្វាយដែលនាំចេញត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តកម្ម កម្ចាត់ពងរុយចោះផ្លែស្វាយ ដោយប្រើចំហាយទឹកក្ដៅ ឬប្រព្រឹត្តកម្មទឹកក្ដៅ ដើម្បីធានាថា ផ្លែស្វាយស្រស់ទាំងនោះពុំជាប់ជាមួយនូវសមាសភាពចង្រៃភូតគាមអនាម័យ។

ដោយឡែក កាលពីដើមខែធ្នូ ឆ្នាំ២០២០កន្លងទៅ មានក្រុមហ៊ុនកម្ពុជាមួយបាននាំចេញផ្លែស្វាយស្រស់ចំនួន៥៨,៣៥០តោន ជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនដោយ ឆ្លងកាត់ប្រទេសវៀតណាម។

បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រយៈពេល ៤ខែឆ្នាំ២០២១ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួន ១៤២ ៥៥៦,០០០តោន ទៅកាន់ទីផ្សារអន្តរជាតិ៕


 

ព័ត៌មានទាក់ទង