ការផលិតសម្ភារប្រើប្រាស់ពីដើមទ្រាំង ផ្តល់ចំណូលដល់មនុស្សចាស់ជាង២០នាក់ នៅព្រះវិហារ
03/05/2021 3:30 pm ព្រះវិហារ
ភ្នំពេញ៖ សហគ្រាសកែច្នៃដើមទ្រាំង គឺជាសហគ្រាសមួយនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ដែលផលិត និងកែច្នៃ ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ និងសម្ភារផ្ទះបាយពីដើមទ្រាំង។ផលិតផលទាំងនោះរួមមាន ចង្កឹះ, ស្លាបព្រា,សម,វែក,ឈើច្រត់,ដាវ,កន្ត្រក់,កន្ទេល,កញ្ជើនិងស្មុគជាដើម។ការកែច្នៃសម្ភារទាំងនេះ បានផ្ដល់ការងារ និងប្រាក់ចំណូល ដល់មនុស្សចាស់វ័យ៤០ ទៅ៦០ឆ្នាំនៅក្នុងតំបន់នោះ ផ្គត់ផ្គង់ជីវភាព ក្រៅពីរបរធ្វើស្រែ។


ពលរដ្ឋចាស់ៗ ដែលមានវ័យចន្លោះ ៤០ឆ្នាំ ដល់៦០ឆ្នាំ ជាង២០នាក់ ដែលរស់នៅភូមិផ្សេងគ្នា នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ កំពុងតែមមាញឹក ក្នុងការផលិតសម្ភារប្រើប្រាស់ប្រចាំថ្ងៃពីដើមទ្រាំង ផ្គត់ផ្គត់ដល់សហគ្រាស កែច្នៃដើមទ្រាំងខេត្តព្រះវិហារ។ សហគ្រាសនេះ ត្រូវបានបង្កើតឡើងជិត៣ឆ្នាំមកហើយ ដោយអង្គការសហគមន៍ស្រុកឆែប។ 

លោក ម៉េន សុខហេង ជាបុគ្គលិកអង្គការសហគមន៍ស្រុកឆែប បានប្រាប់សារព័ត៌មាន Thmeythmey25 ថាសម្ភារកែច្នៃពីដើមទ្រាំងដែលពលរដ្ឋចំណាស់ៗផលិតដោយដៃផ្ទាល់នោះ ដូចជាចង្កឹះ,ស្លាបព្រា,សម,វែក,ឈើច្រត់,ដាវ,កន្ត្រក់,កន្ទេល,កញ្ជើ និងស្មុគជាដើម។

ក្រុមអ្នកផលិត្រូវបានបែងចែកជា៥ក្រុមទៅតាមភូមិនីមួយៗ គឺភូមិឆែបកើត ភូមិឆែបលិច ភូមិក្រសាំង ភូមិសង្កែ និងភូមិសាអែម នៃស្រុកឆែប ខេត្តព្រះវិហារ។ ហើយពួកកាត់ អាចធ្វើសម្ភារប្រើប្រាស់ទាំងនេះ នៅតាមផ្ទះរៀងៗខ្លួនបន្ទាប់ពីផលិតរួច ពួកគាត់អាចយកសម្ភារទាំងនោះ ទៅដាក់លក់ក្នុងតូប តាមក្រុមក្នុងភូមិនីមួយៗ។ នេះបើតាលោក ម៉េន សុខហេង ដែលបានបន្តទៀតថា នៅពេលដែលសហគ្រាសទទួលបានការបញ្ជារទិញច្រើន ពីអតិថិជន អង្គការសហគមន៍ស្រុកឆែបនឹងប្រជុំ បែងចែកចំនួនផលិត ទៅតាមក្រុមនីមួយៗ។
 
បុគ្គលិកអង្គការរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖«ក្នុងមួយថ្ងៃ ចំពោះមនុស្សម្នាក់ ពួកគាត់អាចរកបាន១-២ម៉ឺនរៀល។ ហើយគិតជាឆ្នាំ ក្នុងម្នាក់រកបានចន្លោះពី២លានរៀល ទៅ៤លានរៀល។ ក្នុងមួយថ្ងៃ ពេលរកបានប៉ុណ្ណឹងហើយ គាត់ម្នាក់ត្រូវបង់៥០០រៀលទៅសហគមន៍ សម្រាប់ការអភិរក្សព្រៃឈើ និងការអភិវឌ្ឍផ្សេងៗ ក្នុងសហគមន៍»។

ចំពោះតម្រូវការទីផ្សារក្នុងអំឡុងវិបត្តិកូវីដ-១៩ វិញ លោក ម៉េង សុខហេង បុគ្គលិកអង្គការសហគមន៍ស្រុកឆែប បានបញ្ជាក់ថា  សហគមន៍ ទទួលបានការបញ្ជាទិញច្រើនពីអតិថិជន។ កំណើនលក់បានច្រើនជាងមុន តែការផលិតនៅមានកម្រិតនៅឡើយ ដោយសារតែក្រុមអ្នកផលិត សុទ្ធតែមនុស្សចាស់ ដែលភ្នែកពួកគាត់ និងកម្លាំងក៏ខ្សោយ៕

រូបភាពទាំងអស់ពីហ្វេសប៊ុក ក្រុមកែច្នៃផលិតផលពីដើមទ្រាំងស្រុកឆែប
 

ព័ត៌មានទាក់ទង