អាជ្ញាធរជាតិអប្សរាស្ដារពើក នៅកសិន្ធុខាងលិចក្រុងអង្គរធំ ដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរ
30/04/2021 9:00 am ភ្នំពេញ

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមការងារ ស្ដារពើកចេញពីកសិន្ធុខាងលិច នៃក្រុងអង្គរធំ ក្រោយកង្វះការមើលថែដិតដល់។ អាជ្ញាធររំពឹងថា បន្ទាប់ពីរការស្ដារនេះ នឹងធ្វើឲ្យបរិស្ថាននៅទីតាំងនោះ មានសោភ័ណភាព និងទាក់ទាញឡើងវិញ។


តាមទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា ​ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក ចំនួន ៤០នាក់ បានចាប់ផ្ដើមការងារ​ស្ដារពើក នៅចំណុចកសិន្ធុខាងលិច ជាប់ខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ​ដើម្បីចូលរួមអភិរក្ស និងលើកតម្លៃឡើងវិញ នៃរមណីយដ្ឋានអង្គរ។ គម្រោងស្ដារពើកនេះ មានប្រវែង ១,៥០០ម៉ែត្រ និងទទឹង ១០០ម៉ែត្រ។ ការស្តារនេះ ក៏ដើម្បីអនុញ្ញាតឱ្យពើកផ្ទុកបរិមាណទឹកបានច្រើនជាងមុន សម្រាប់ការប្រើប្រាស់​នៅថ្ងៃមុខផងដែរ។

អាជ្ញាធរជាតិអប្សរា បានស្រង់សម្តី ​លោក ញ៉ែម រស្មី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក មកចុះផ្សាយថា ការងារស្ដារពើក ​ជំហានដំបូងនេះ ជួបការលំបាកខ្លះៗ ដោយសាររុក្ខជាតិទំាងនោះដុះក្រាស់ និងធ្ងន់។ ម្យ៉ាងទៀត សត្វអាសិរពិស ក៏ជាបញ្ហាដែល​កម្មករស្តារពើកត្រូវធ្វើការដោយប្រុងប្រយ័ត្នផងដែរ៕

ដោយ៖ ស៊ុល រ៉វី

ព័ត៌មានទាក់ទង