ផ្សារបណ្ដាញកសិផលធម្មជាតិខេត្តព្រៃវែង ផ្គត់ផ្គង់បន្លែពី៥០០-១,៥០០គីឡូក្រាមក្នុងមួយថ្ងៃ
02/05/2021 1:00 pm ព្រៃវែង
កសិករ៣៦គ្រួសារ នៃផ្សារបណ្ដាញកសិផលធម្មជាតិក្នុងខេត្តព្រៃវែង កំពុងផ្គត់ផ្គង់បន្លែធម្មជាតិរបស់ខ្លួន ក្នុងមួយថ្ងៃចន្លោះពី ៥០០គីឡូក្រាម ទៅ១,៥០០គីឡូក្រាម។


ផ្សារបណ្តាញកសិផលធម្មជាតិខេត្តព្រៃវែង មានកសិករជាសមាជិកចំនួន៣៦គ្រួសារ ដែលកំពុងដាំដុះបន្លែធម្មជាតិ ប្រមាណ៣០មុខ នៅលើផ្ទៃដីចំនួន ៤៣ហិកតា នៅក្នុងភូមិសាស្ត្រស្រុកបាភ្នំ និងស្រុកពាមជរ ខេត្តព្រៃវែង។ ក្រៅពីបន្លែបណ្តាញនេះ ក៏ផ្គត់ផ្គង់ត្រី សាច់ ស៊ុតផងដែរ ផ្សារបណ្ដាញកសិផលធម្មជាតិ កំពុងផ្គត់ផ្គង់បន្លែរបស់ខ្លួន ទៅកាន់ទីផ្សារក្នុងខេត្តព្រៃវែង ប្រមាណ ៥០០ ទៅ៦០០គីឡូក្រោម។ ទន្ទឹមនឹងនេះ ផ្សារបណ្ដាញកសិផលធម្មជាតិនេះ ក៏បោះដុំបន្លែ នៅតាមបណ្តាផ្សារបន្លែធម្មជាតិនានា ក្នុងរាជធានីភ្នំពេញ ក្នុងរង្វង់ ១,០០០គីឡូក្រាមក្នុងមួយថ្ងៃ។

លោក អៀន យ៉ន ជាទីប្រឹក្សានៃផ្សារបណ្ដាញកសិផលធម្មជាតិ ចាម់ផ្ដើមដំាបន្លែឈរលើគោលការណ៍ធម្មជាតិនេះ តាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ដោយពេលនោះសហការនឹងអង្គការសេដាក។ ក្រោយបញ្ចប់កិច្ចសហការជាមួយអង្គការសេដាក បច្ចុប្បន្ន ផ្សារបណ្ដាញកសិផលធម្មជាតិ មានសមាជិកចំនួន ៣៦គ្រួសារ មកពីស្រុកបាភ្នំ និងស្រុកពាមជរ ខេត្តព្រៃវែង។ 

រូបផ្ដល់ដោយ លោក អៀន យ៉ន

ការងាកមកដាំបន្លែបែបធម្មជាតិនេះ លោក យ៉ន ប្រាប់សារព័ត៌មានថ្មីៗ២៥ថា ក្នុងគោលបំណងដើម្បីចូលរួមការពារបរិស្ថាន តាមរយៈការមិនប្រើប្រាស់ថ្នាំសត្វល្អិត និងជីគីមី និងការផ្ដល់នូវសុខភាពល្អ ក្នុងការបរិភោគបន្លែធម្មជាតិ។ ម្យ៉ាងទៀតបន្លែធម្មជាតិ ក៏មានតម្លៃខ្ពស់ជាងបន្លែដែលលក់នៅតាមផ្សារផងដែរ។

«យើងដឹងហើយចំណែកមួយនៃការប្រែប្រួលអាកាសធាតុ ព្យុះ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ឡើងកម្ដៅផែនដីអ៊ីហ្នឹង គឺការធ្វើកសិកម្មគីមីគឺចូលរួមចំណែកក្នុងហ្នឹង ហើយទីពីរប៉ះពាល់ផ្ទាល់លើអ្នកប្រើប្រាស់ ហើយយើងកសិករអ្នកដាំហ្នឹង ការប៉ះពាល់(សុខភាព)មុនគេទៀត»។ នេះជាការពន្យល់របស់លោក ដោយបន្ថែមទៀតថា តាមការប៉ាន់ប្រមាណរបស់លោកតម្លៃបន្លែធម្មជាតិ អាចមានតម្លៃថ្លៃជាង ចន្លោះរង្វង់ពី ២០ភាគរយ ទៅ៣០ភាគរយប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងតម្លៃនៃបន្លែគីមី។ 

រូបផ្ដល់ដោយ លោក អៀន យ៉ន
សូមជម្រាបថា ផ្សារបណ្ដាញកសិផលធម្មជាតិ បង្កើតឡើងក្នុងបំណងលើកកម្ពស់កសិកម្មក្នុងស្រុក និងប្រាក់ចំណូល, គិតគូរលើសុខភាពអ្នកបរិភោគ និងចូលរួមចំណែកក្នុងការបង្កើនការងារសម្រាប់ប្រជាជនខ្មែរ៕ 
 


 

ព័ត៌មានទាក់ទង