ប្រាសាទ​ស្រី​គ្រប់លក្ខណ៍ សង់ក្នុង​សម័យ​ចេនឡា បន្សល់​បំណែក​ក្បាច់រចនា​ខ្លះៗ គួរ​ឱ្យ​ចាប់អារម្មណ៍​
28/04/2021 3:00 pm ភ្នំពេញ
​ភ្នំពេញ​៖ «​ប្រាសាទ​ស្រី​គ្រប់លក្ខណ៍​» ជា​ប្រាសាទបុរាណ​មួយ កសាងឡើង​រវាង​សតវត្សរ៍​ទី​៧ និង​ទី​៨  នា​សម័យ​ចេនឡា ស្ថិតនៅ​ចង្កេះភ្នំ​ប្រសិទ្ធិ ខេត្តកណ្ដាល​។ ប្រាសាទ​ឥដ្ឋ​នេះ ស្ថិតក្នុង​អន្តរកាល​រវាង​រចនា​ប័​ទ្ម​ព្រៃ​ក្មេង និង​កំពង់ព្រះ​។ បច្ចុប្បន្ន​ប្រាសាទ​នេះ មាន​សភាព​ទ្រុឌទ្រោម និង​បន្សល់​បំណែក​ក្បាច់រចនា​ខ្លះៗ ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​។


«​ប្រាសាទ​ស្រី​គ្រប់លក្ខណ៍​» ជា​ប្រាសាទ​ចំណាស់​មួយ ស្ថិតនៅ​ចង្កេះភ្នំ​ប្រសិទ្ធិ ក្នុងស្រុក​ពញាឮ ខេត្តកណ្ដាល សាងសង់ឡើង​នា​សម័យ​ចេនឡា​រវាង​សតវត្សរ៍​ទី​៦ និង​សតវត្សរ៍​ទី​៧ ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​។ ប្រាសាទ​សង់​ពី​ឥដ្ឋ​នេះ ត្រូវបាន​បុព្វបុរស​ខ្មែរ​សង់​ដោយ​បែរមុខ​ទៅ​ទិសខាងកើត និង​មាន​ទ្វារ​ចំនួន​៤ ដោយ​៣​ជា​ទ្វារបញ្ឆោត មាននៅ​តាម​ទិស​ខាងលិច ត្បូង និង​ជើង​។
 
​នៅលើ​ជញ្ជាំង​ទាំង​បួន​ទិស នៃ​បូជនីយដ្ឋាន​ដែល​ដំបូលរ​លំបាក់​មួយ​នេះ មាន​បន្សល់​នូវ​សសរ​ពេជ្រ​តូចៗ​សង់​ឡើង​ពី​ឥដ្ឋ ខណៈដែល​សសរ​ពេជ្រ​ពីរ នៅ​ទ្វារ​ចូល​ខាងកើត ធ្វើឡើង​អំពី​ថ្មភក់ មាន​រាង​ក្បាច់​ផ្កា​ជា​បន្ទាត់កោង សម្រាប់​ទ្រ​ក្បាច់​ផ្ដែរ​។ នៅឯ​ស៊ុមទ្វារ​នីមួយៗ​វិញ ត្រូវបាន​ស្ថាបត្យករ​ជំនាន់​នោះ ស្ថាបនា​ជា​ក្បាច់​វិមានអាកាស​ពីរ​សងខាង ដែលមាន​សណ្ឋាន​តូចៗ​។ 

​ដោយឡែក​ចំពោះ​អាយុកាល​នៃ​ប្រាសាទ​នេះ​វិញ អ្នកសិក្សា​ស្រាវជ្រាវ ត្រូវបាន​កំណត់ដោយ​សិលាចារឹក​មួយ​ផ្ទាំង ដែលមាន​កាលបរិច្ឆេទ​ឆ្នាំ ៦៦៧ នៃ​គ្រិស្តសករាជ​។ យោងតាម​សិលាចារឹក​មួ​យ​ផ្ទាំង​នេះ ប្រាសាទ​ស្រី​គ្រប់លក្ខណ៍ ត្រូវបាន​កសាងឡើង ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​១ (​ឆ្នាំ​៦៥៥-៦៨១ នៃ​គ្រិស្ត​រាជ​)​។ បើតាម​ការវិភាគ​លើ​ក្បាច់​ផ្ដែរ អាច​ឲ្យ​ដឹងបាន​ថា ប្រាសាទ​នេះ​ស្ថិតក្នុង​អន្តរកាល​រវាង​រចនា​ប័​ទ្ម​ព្រៃ​ក្មេង និង​កំពង់ព្រះ​។ 

​បើតាម​លោកស្រី មួង សារឹម ជា​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកណ្ដាល បច្ចុប្បន្ន​«​ប្រាសាទ​ស្រី​គ្រប់លក្ខណ៍​» មាន​សភាព​ចាស់​ទ្រុឌទ្រោម ដែល​ខូចខាត​ដំបូល​ទាំងស្រុង​ទាំង​ហើយ ឯ​ក្បាច់រចនា​ក៏បាន​របេះ​ជ្រុះ និង​រលុប​សឹងតែ​ទាំងអស់​ទៅហើយ​ដែរ​។ 

​ដោយ​ប្រាសាទ​នេះ​មាន​សភាព​ចាស់​ខ្លាំង ទើប​ត្រូវបាន​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជួសជុល​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ​។ នេះ​បើតាម​លោកស្រី សារឹម ដោយបាន​បន្ថែមថា ប្រាសាទ​នេះ​ត្រូវបាន​អាជ្ញាធរ​ជួសជុល​ដោយ ដាក់​ដំបូល​ស័ង្កសី ដើម្បី​ការពារ​ពី​ជ្រាបចូល​ទឹកភ្លៀង ដែល​អាច​ប៉ះពាល់​ដល់​ថ្ម​ប្រាសាទ​។ 

​បើតាម​បញ្ជី​ស្ថានីយ​បុរាណ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចេញផ្សាយ​ក្នុង​ឆ្នាំ​២០១០ ខេត្តកណ្ដាល​មាន​ប្រាសាទបុរាណ​នៅមាន​រូបរាង​ចំនួន​០២ ប្រាសាទ​បាក់បែក​សល់​តែ​គ្រឹះ​ប្រាសាទ​ចំនួន ០៣ ទួល​បុរាណ​ចំនួន​៣៤៣ វត្ត​បុរាណ​ចំនួន ៨៦ និង​ស្រះ​ដែលជា​ទីតាំង​យក​ថ្ម​ចំនួន​០៦ ទៀតផង​ដែរ​៕
 
(​ដកស្រង់​ចេញពី បញ្ជី​ឈ្មោះ​បែងចែក​ប្រាសាទបុរាណ ស្ពាន​បុរាណ មន្ទីរពេទ្យ​បុរាណ នៅតាម​រាជធានី​ខេត្ត របស់​នាយកដ្ឋាន​បេតិកភណ្ឌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​)

ព័ត៌មានទាក់ទង