រដ្ឋបាលខេត្ត​ព្រះសីហនុ បង្កើត​ផ្សារ​បណ្ដោះអាសន្ន និង​តម្រូវឱ្យ​អ្នកទិញ​ម្ហូប​ម្នាក់​អាច​ចូល​ត្រឹម​២០​នាទី​ប៉ុណ្ណោះ​
26/04/2021 4:00 pm ព្រះសីហនុ
រដ្ឋបាលខេត្ត​ព្រះសីហនុ បានរៀបចំ​ផ្សារ​បណ្ដោះអាសន្ន នៅ​តំបន់​បិទ​ខ្ទប់ ដែល​ស្ថិតក្នុង​បរិវេណ​ផ្សារ​ទំនើប Furi ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ពលរ​ដ្ឋ​នៅ​តំបន់​នោះ​។ ផ្សារ​បណ្ដោះអាសន្ន​នេះ ចាប់​បើក​រាល់ថ្ងៃ​ពី​ម៉ោង​៨​ព្រឹក​រហូត​ម៉ោង ៣​រសៀល ហើយ​អ្នក​ចូល​ផ្សា​រទិញ​ម្ហូប​ម្នាក់​អាច​ចូល​ផ្សារ​ត្រឹម​២០​នាទី​ប៉ុណ្ណោះ​។​

 
​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ លើកឡើងថា ការរៀបចំ​ទីតាំង​ផ្សារ​បណ្ដោះអាសន្ន​នេះ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្ថិតក្នុង​តំបន់​បិទ​ខ្ទប់ ដោយ​មានការ​រឹតបន្តឹង​ក្នុងការ​ធ្វើដំណើរ ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ កុំឱ្យ​ឆ្លង​រាលដាល​នៅក្នុង​សហគមន៍ ខណៈ​ក្រុងព្រះសីហនុ​កំពុងមាន​ការឆ្លង​រាលដាល​កើនឡើង​។​


 
​រដ្ឋបាលខេត្ត​ព្រះសីហនុ បញ្ជាក់ថា​៖ «​អ្នក​ចូល​ផ្សារ​ត្រូវ​ធ្វើដំណើរ​ថ្មើរជើង រក្សា​គម្លាត​សុវត្ថិភាព ដើរ​ឆ្លងកាត់​ម៉ាស៊ីន​បាញ់​អាល់កុល និង​វាស់​កម្ដៅ​ជានិច្ច ហើយ​ពេលមកដល់​ច្រកចូល​ផ្សារ​ត្រូវ​ស្កេ​នទី​តាំង​ផ្សារ​ចូលក្នុង​ទូរ​សព្ទ​ដៃ​។ ត្រូវ​តម្រង់​ជួរ និង​រក្សា​គម្លាត​សុវត្ថិភាព ហើយ​អនុញ្ញាត​ឲ្យ​ចូល​ត្រឹម​២០​នាទី​ប៉ុណ្ណោះ ត្រូវ​ប្រញាប់​ចេញពី​ផ្សារ​វិញ​»​។​
 
​តាម​ស្តង់ដារ​ប្រតិបត្តិ​សម្រាប់​ផ្សារ​បណ្ដោះអាសន្ន អ្នកគ្រប់គ្រង​ផ្សារ​ត្រូវ​រៀបចំ​ខ្សែ​សុវត្ថិភាព​ព័ន្ធ​ជុំវិញ​តូប ឬ​ស្តង់ ដើម្បី​រក្សា​សុវត្ថិភាព​រវាង​អ្នកលក់ និង​អ្នកទិញ ហើយ​ក្រុមការងារ​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ​រាល់ថ្ងៃ​ក្រោយ​បិទ​ផ្សារ​។ ជាមួយគ្នានេះ ពលរដ្ឋ​ដែល​ទៅ​ផ្សា​រទិញ​ម្ហូប ត្រូវមាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​សង្កាត់​នីមួយៗ និង​តម្រូវ​ឱ្យចូល​ផ្សារ​ម្នាក់ឯង ដោយ​ត្រូវគោរព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​។ ទន្ទឹមនឹងនេះ ក្នុង​មួយ​សប្ដាហ៍ អនុញ្ញាតឱ្យ​ពលរដ្ឋ​ទៅ​ផ្សា​រទិញ​ម្ហូប ២​ដង​ប៉ុណ្ណោះ ដោយ​ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​បែប​អេ​ឡិច​ត្រូ​និ​ច និង​ត្រូវគោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​គ្រប់គ្រង​ផ្សារ​ដាច់ខាត​។ 



​សម្រាប់​អាជីវករ​ដែល​អាច​លក់​ក្នុង​ផ្សារ​បណ្ដោះអាសន្ន ត្រូវមាន​លទ្ធផល​តេស្ដ​អវិជ្ជមាន​កូ​វីដ​-១៩ ចំនួន​២​ដ និង​ត្រូវ​ធ្វើតេស្ត​រៀងរាល់​៧​ថ្ងៃ​ម្ដង​។ គ្រប់​អាជីវករ ត្រូវគោរព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល និង​មាន​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​។ អាជីវករ​ទាំងអស់​ត្រូវ​ដឹកទំនិញ​ទៅ​លក់​ឲ្យ​បាន​មុន​ម៉ោង​៧​ព្រឹក និង​ប​ញ្ឍ​ប់​ការលក់​នៅ​ម៉ោង ៣​រសៀល​ជា​កំហិត ដោយ​ត្រូវ​បិទ​តារាង​តម្លៃ​លើ​មុខទំនិញ​ទាំងអស់​។​
 
​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ នាឱកាស​ចុះ​ត្រួតពិនិត្យ​ផ្សារ​បណ្ដោះអាសន្ន​នៅ​ថ្ងៃទី​២៥ ខែមេសា បានស្នើ​ដល់​អ្នកគ្រប់គ្រង​ផ្សារ និង​អាជីវករ​លក់ដូរ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​សកម្មភាព​លក់ដូរ ចាំបាច់​ត្រូវ​អនុវត្តតាម​ស្តង់ដារ​ប្រតិបត្តិ​របស់​ផ្សារ និង​ត្រូវ​រក្សា​អនាម័យ ពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព​។ បន្ថែម​លើ​នោះ​លោក​អភិបាលខេត្ត​រូបនេះ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជិត​ផ្សារ​ទំនើប Furi អញ្ជើញ​ទៅ​ទិញ​គ្រឿង​ឧបភោគបរិភោគ ដូចជា​ត្រី សាច់ បន្លែ ផ្លែឈើ និង​គ្រឿងទេស​ច្រើន​មុខ​ទៀត​។ 
 


​ការបង្កើត​ផ្សារ​បណ្ដោះអាសន្ន​ខាងលើ​បន្ទាប់ពី​ខេត្ត​ព្រះសីហនុ មាន​អត្រា​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ខ្ពស់ រហូត​រដ្ឋបាលខេត្ត​ព្រះសីហនុ​សម្រេច​បិទ​ខ្ទប់​ខេត្ត​ព្រះសីហនុ និង​បានកំណត់​ភូមិសាស្ត្រ​មួយចំនួន​ដូចជា ភូមិ​១ ភូមិ​២ ភូមិ​៣ ភូមិ​៤ និង​ភូមិ​៥ នៃ​សង្កាត់​លេ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​ជា​«​តំបន់​ក្រហម​» ៕

​ដោយ​៖ ខន ណា​រី​

ព័ត៌មានទាក់ទង