ដំណាំអំពិលទឹករបស់អ្នកស្រី ផែង លក់បានថ្លៃ និងមានអតិថិជនទិញច្រើនតាមបណ្ដាញសង្គម
08/04/2021 11:00 am ភ្នំពេញ

ភ្នំពេញ៖ កសិករ ពៅ ស្រីផែង បាននាំចូលពូជអំពិលទឹកស៊ីជម្ពូរពីប្រទេសថៃ ដើម្បីដាំក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។ អំពិលទឹកប្រភេទនេះ អាចប្រមូលបានរហូតជិត៣ខែ ហើយម្ចាស់អំពិលទឹករូបនេះ លក់ចេញក្នុងតម្លៃ២៥០០០រៀលមួយគីឡូ។ 
អ្នកស្រី ពៅ ស្រីផែង វ័យ២៨ឆ្នាំ បានចាប់ផ្តើមដាំអំពិលទឹកកាលពីខែកក្កដា ឆ្នាំ២០២០។ អ្នកស្រីបានបោះទុនជាង ១លានរៀល ទិញកូនអំពិលទឹកពីប្រទេសថៃចំនួន ១២០ដើម។ ពេលនាំចូលដំបូង ពូជនេះមានអាយុប្រមាណ ៤ខែប៉ុណ្ណោះ ដោយក្នុងមួយដើមមានតម្លៃ១២ ០០០ពាន់រៀល។


ក្រោយដាំដុះបាន៨ខែ អំពិលទឹកនេះអាចលូតលាស់បានកម្ពស់ ១ម៉ែត្រ។ អ្នកស្រី ផែង ប្រមូលផលរៀងរាល់ ២ថ្ងៃម្តង ចាប់ពីចុងខែកមរា រហូតដល់ ដើមខែមេសា ឆ្នាំ២០២១។ អ្នកស្រី ប្រាប់សារព័ត៌មានThmeythmey25 ទាំងសើចសប្បាយថា៖ «ខ្ញុំលក់អំពិលទឹកនេះ តាមហ្វេសប៊ុក ក្នុងតម្លៃ ២៥ ០០០រៀលក្នុងមួយគីឡូ។ វា មានរសជាតិផ្អែមខុសពីអំពិលទឹកពូជធម្មតា ដែលភាគច្រើនវាចត់។ ហេតុនេះ អ្នក ទិញ មានជាបន្តបន្ទាប់ រហូតខ្ញុំលក់មិនទាន់»។ 

ដំណាំនេះហើយ បានជួយឲ្យជីវភាព អ្នកស្រី ផែង ល្អប្រសើរជាងមុនច្រើន។ វាបានជួយសម្រួលដល់ការចាយវាយប្រចាំថ្ងៃរបស់អ្នកស្រី ទោះវាជាការដាំដុះលក្ខណៈគ្រួសារក្តី។ អ្នកស្រីក៏កំពុងពង្រីកការដាំបន្ថែមលើផ្ទៃដី ៣ហិកតា ដែលមានអំពិលទឹកចំនួន ៣០០ដើម។ ការដាំដុះបន្ថែមនេះ គឺដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការអតិថិជន ដែលទិញកាន់តែច្រើនតាមបណ្ដាញសង្គម។




អ្នកស្រី ផែង បញ្ជាក់ពីបច្ចេកទេសថែទាំថា អំពិលទឹក ត្រូវការទឹកណាស់។ អ្នកស្រីណែនាំកសិករដែលចង់ដាំ ឲ្យជីកប្រឡាយមួយ និងអណ្តូងមួយ ក្នុងចំការអំពិលទឹក ដើម្បីងាយស្រួលស្រោចស្រប់។ ចំពោះបច្ចេកទេសនៃការដាំដុះនេះ អ្នកស្រីបានស្រាវជ្រាវដោយខ្លួនឯង និងសួរនាំពីគេបន្ថែម។

ចំពោះការដាំដុះ ត្រូវគួរជីករណ្តៅជម្រៅជាង ១តិក ហើយមានគម្លាត ៥ទៅ ៦ម៉ែត្រ ពីគ្នា។ បន្ទាប់មក ដាក់អាចម៍គោក្នុងរណ្តៅ រួចដាក់កូនអំពិលទឹកចូល។ ដំណាំនេះ ត្រូវការទឹកទាំងព្រឹក និង ល្ងាច។ វាមិនរើសដីសម្រាប់ដាំដុះទេ ព្រោះយើងអាចដាំដុះក្នុងដីទំនាបធម្មតាបាន។ អ្វីដែលមិនគួររំលង គឺការទល់ឈើគ្រប់ដើមអំពិលទឹក ព្រោះផ្លែរបស់វា ទន់ដល់ដី ឬអាចរលំដោយសារខ្យល់។
ដ្បិតថា ដំណាំប្រភេទនេះត្រូវការទឹកជាចម្បង វានៅតែអាចរងការគំរាមកំហែងដោយសារទឹកដែរ។ ជាពិសេស នៅពេលមានភ្លៀង និងខ្យល់ខ្លាំង វាអាចនឹងរលើងគល់។ ផលវិបាកមួយទៀត គឺសត្វល្អិតស៊ីត្រួយវា ដែលធ្វើឲ្យការលូតលាស់របស់អំពិលទឹកកាន់តែយឺត និងមិនសូវបានផលច្រើន៕  


ព័ត៌មានទាក់ទង