AFD ផ្ដល់ហិរញ្ញប្បទាន ១៤១,៥លានអឺរ៉ូ ដើម្បីអនុវត្តគម្រោងជំរុញវិស័យកសិកម្មចំនួន៥ នៅកម្ពុជា
07/04/2021 4:30 pm ភ្នំពេញ
ភ្នំពេញ៖ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងសម្រាប់ការអភិវឌ្ឍន៍( AFD) បានផ្ដល់ហិរញ្ញប្បទានសរុបចំនួន ១៤១,៥លានអឺរ៉ូ ដល់វិស័យកសិកម្មកម្ពុជា លើគម្រោងចំនួន៥។ ក្នុងនោះគម្រោងចំនួន៣ ក្រសួងកសិកម្មបាន និងកំពុងអនុវត្ត និងមានគម្រោងចំនួន ២ទៀត ដែលកំពុងវាយតម្លៃ ដើម្បីផ្ដល់ហិរញ្ញប្បទានក្នុងឆ្នាំ២០២១នេះ។


បើតាមលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គម្រោងចំនួនដែលកំពុងអនុវត្តក្នុងវិស័យកសិកម្ម រួមមាន គម្រោងជំរុញកំណើនវិស័យកសិកម្មកម្ពុជាដោយចីរភាព ដោយផ្ដោតលើវិស័យវារីវប្បកម្ម ប្រកបដោយនិរន្តភាព ធន់នឹងការប្រែប្រួលអាកាសធាតុ ដែលមានទឹកប្រាក់ ២៥លានអឺរ៉ូ ដែលចូលរួមផ្ដល់សហហិរញ្ញប្បទានជាមួយសហភាពអឺរ៉ុប។ 

គម្រោងថ្នាក់តំបន់ ស្ដីពីការអភិវឌ្ឍកសិ-ទេសចរណ៍ និងប្រព័ន្ធសុវត្ថិភាពចំណីអាហារ ដែលមានទឹកប្រាក់សរុប ចំនួន ១១,៥លានអឺរ៉ូ។ និងគម្រោង ខ្សែច្រវ៉ាក់តម្លៃផលិតកម្មកសិកម្ម និងការលើកទឹកកម្ពស់សុវត្ថិភាពកសិផល ដែលបានធ្វើសហការហិរញ្ញប្បទាន ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងតម្លៃទឹកប្រាក់ ២៥លានអឺរ៉ូ។



លោក វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះគម្រោងទាំង៣ ខាងលើព្រោះបានចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ «វាបាននិងកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យជលផលចំទិសដៅ សមស្របតាមសភាពការណ៍ មានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់ ស្របតាមផែនការយុទ្ធសាស្រ្តដែលបានគ្រោងទុក គឺការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព និរន្តរភាព បរិយាប័ន្ន និងការប្រែប្រួលអាកាសធាតុ»។ នេះជាការលើកឡើងរបស់លោក វេង សាខុន នាឱកាសទទួលជួបលោកស្រី Ophelie Bourhis នាយិកា AFD នៅថ្ងៃទី៧ ខែមេសា។

ដោយឡែកសម្រាប់គម្រោងចំនួន ២ផ្សេងដែល AFD កំពុងវាយតម្លៃ ដើម្បីផ្ដល់ហិរញ្ញប្បទានបន្តក្នុងឆ្នាំនេះ មានគម្រោងកម្មវិធីស្តីពី ការអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្ម ដោយពឹងលើទឹកភ្លៀង រួមមានកៅស៊ូ ដំណាំចំណីសត្វ និងបន្លែ ដែលភាគី AFD និងចូលរួមផ្តល់ហិរញ្ញប្បទានចំនួន ៥០ លានអឺរ៉ូ និងគម្រោង ការគ្រប់គ្រងជលផលនៅតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តភាព ដែលត្រូវចូលរួមសហហិរញ្ញប្បទាន ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ចំនួន ៣០លានអឺរ៉ូ។

លោកស្រីនាយិកានៃទីភ្នាក់ងារ AFD សង្ឃឹម និងជឿជាក់ថា គម្រោងនឹងចូលរួមចំណែកធ្វើឲ្យខ្សែច្រវ៉ាក់តម្លៃផលិតកម្មកសិកម្ម មានលក្ខណៈល្អប្រសើរ រួមទាំងផលិតកម្មសត្វ និងបន្លែ ដែលនឹងចូលរួមលើកកម្ពស់តម្លៃ បន្ថែមទីផ្សារ និងការប្រកួតប្រជែងទាំងបរិមាណ គុណភាព និងសុវត្ថិភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប សមស្រប ធន់នឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍។

ជាការឆ្លើយតបរដ្ឋមន្រ្តីកសិកម្មលោក វេង សាខុន បានអរគុណដល់ទីភ្នាក់ងារ AFD ដែលបានផ្ដល់ហិរញ្ញប្បទាន សម្រាប់អភិវឌ្ឍវិស័យកសិកម្មកម្ពុជា និងស្នើរដល់ទីភ្នាក់ងារ AFD ដើម្បីជំរុញការអនុម័តគម្រោងទាំង២ ឲ្យបានឆាប់រហ័ស ដើម្បីអនុវត្តឲ្យស្របតាមស្ថានភាពនាពេលបច្ចុប្បន្ន៕

ដោយ៖ ខន ណារី

ព័ត៌មានទាក់ទង