អាជីវកម្មផ្ទះចល័តរបស់ លោក ឆែម ជីវ័ន្ត ផ្តល់ការងារជិត១០០កន្លែងដល់អ្នកធ្លាប់ចំណាកស្រុក
07/04/2021 2:20 pm ភ្នំពេញ
លោក ឆែម ជីវ័ន្ត បង្កើតអាជីវកម្មផ្ទះចល័តបែបខ្មែរ ព្រោះចង់រក្សាអត្តសញ្ញាណខ្មែរ និងចង់ឲ្យក្មេងជំនាន់ក្រោយ ស្គាល់ពីរចនាប័ទ្មផ្ទះខ្មែរបុរាណ។ ក្រៅពីមានបំណងរក្សាអត្តសញ្ញាណខ្មែរ អាជីវកម្មផ្ទះចល័តបែបខ្មែរ របស់លោក ជីវ័ន្ត បានជួយឲ្យពលរដ្ឋជិត ១០០នាក់ ដែលធ្លាប់ធ្វើចំណាកស្រុកមានការងារធ្វើ។


អាជីវកម្មផ្ទះចល័តរបស់លោក ឆែម ជីវ័ន្ត ទើបបង្កើតក្នុងរយៈពេលខ្លី តែលោក ជីវ័ន្ត ទទួលបានការគាំទ្រច្រើនពីពលរដ្ឋខ្មែរ ដែលបានបញ្ជាទិញ ដើម្បីដាក់តាមរីស៊ត រមណីយដ្ឋាន និងអតិថិជន ទិញសម្រាប់ជូនឪពុកម្ដាយ។

ទោះបីបច្ចុប្បន្នអាជីវកម្មផ្ទះចល័តមានច្រើន ស្របនឹងកំណើនសំណង់ ផ្ទះសម័យទំនើបក៏ពិតមែន តែទីផ្សារផ្ទះចល័តបែបខ្មែរ នៅតែមានទីផ្សារ។ លោក  ឆែម ជីវ័ន្ត បានរៀបរាប់ទាំងអារម្មណ៍ត្រេកអរ និងសប្បាយចិត្ត ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទដូច្នេះ៖«ខ្ញុំទើបចាប់ផ្ដើមបានជាងមួយខែទេ តែមិននឹកស្មានថា មានអ្នកគាំទ្រច្រើនដល់ម្លឹង។ ខ្ញុំកំពុងគិតថានឹងបន្ថែមកន្លែងមួយទៀត ព្រោះមានការបញ្ជាទិញរាល់ថ្ងៃ ធ្វើសឹងមិនទាន់»។



ការងារធ្វើផ្ទះចល័ត បានការប្រែជីវភាពរបស់លោក ឆែម ជីវ័ន្ត យ៉ាងខ្លាំង។ ម្ចាស់អាជីវកម្មផ្ទះចល័ត ដែលស្ថិតនៅខេត្តកំពង់ធំរូបនេះ សប្បាយចិត្ត ព្រោះលោកក៏រួមចំណែកជួយពលរដ្ឋជិត ១០០នាក់ ដែលធ្លាប់ចំណាកស្រុកពីប្រទេសថៃ ឱ្យមានការងារធ្វើ និងមានជីវភាពធូរធារផងដែរ។

ដ្បិតមិនបង្ហាញពីតួលេខនៃចំណូលពីរបរមួយនេះ តែលោក ឆែម ជីវ័ន្ត បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ព្រោះការគាំទ្រផ្ទះចល័តបែបខ្មែរ មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ «អាជីវកម្មនេះ បានកែប្រែជីវភាពខ្ញុំប្រសើរជាងមុន ព្រោះវាផ្ដល់ប្រាក់ចំណូលច្រើន ជាងការងារដែលធ្លាប់ធ្វើកាលពីមុន។ ក្រៅពីនោះខ្ញុំអាចជួយឲ្យពលរដ្ឋក្នុងតំបន់នោះ ដែលធ្លាប់ចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ មានការធ្វើ ព្រោះពួកគាត់សុទ្ធតែមានជំនាញខាងជាងឈើស្រាប់»។ នេះជាការអះអាងរបស់ ម្ចាស់អាជីវកម្មផ្ទះចល័ត។



បុរសវ័យ៣៦ឆ្នាំរូបនេះ បានបញ្ជាក់ថា ផ្ទះចល័តរបស់លោក ធ្វើឡើងពីឈើនៅខាងក្រៅ ដែលមានគ្រោងឆ្អឹងជាដែក។ សម្រាប់ម៉ូតផ្ទះដែលដាក់លក់ មានតែម៉ូតផ្ទះបែបខ្មែរតែប៉ុណ្ណោះ និងមិនតម្រូវតាមម៉ូតដែលអតិថិជនចង់បាននោះទេ។

បើតាមលោក ជីវ័ន្ត ការដំណើរអាជីវកម្មនេះ ក៏មានផលវិបាកខ្លះដែរ។ ម្ចាស់អាជីវកម្មរូបនេះ ប្រាប់ថា៖«កាលបើកអាជីវកម្មដំបូងត្រូវការចំណាយដើមទុនច្រើន ហើយការគ្រប់គ្រងក៏មិនទាន់បានត្រឹមត្រូវដែរ។ ឧបសគ្គមួយទៀតគឺការដឹកជញ្ជូន វាពិបាកព្រោះត្រូវដឹកផ្ទះធំៗ ទៅផ្លូវឆ្ងាយ»។

ផ្ទះចល័តបែបខ្មែររបស់លោក ជីវ័ន្ត មាន ៣ទំហំ និងមានតម្លៃចាប់ពី ២ ៨០០ដុល្លារ ដល់ ៥ ៨០០ដុល្លារ។ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន ម្ចាស់អាជីវកម្មរូបនេះ នឹងចេញថ្លៃដឹកសម្រាប់ទីតាំង ដែលមានចម្ងាយត្រឹម១០០គីឡូម៉ែត្រ ប៉ុន្តែបើចម្ងាយលើសនេះអ្នកបញ្ជាទិញត្រូវចេញថ្លៃខ្លួនឯង៕



ដោយ៖ ខន ណារី

ព័ត៌មានទាក់ទង