ឧទ្យានុរក្សស្រី្ត ចំនួន៤២នាក់ កំពុងចូលរួមយ៉ាងមោះមុតការពារធនធានធម្មជាតិនៅកម្ពុជា
10/04/2021 9:00 am ភ្នំពេញ
ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្សាស្ត្រីចំនួន ៤២នាក់ ស្ថិតក្នុងចំណោមន្ត្រីឧទ្យានុរក្សសរុប ១២០០នាក់ ដែលក្រសួងបរិស្ថានបានដាក់ពង្រាយ តាមតំបន់ការពារធម្មជាតិនៅក្នុងខេត្តចំនួន ២០ ក្នុងប្រទេសកម្ពុជា។ ឧទ្យានុរក្សស្ត្រីទាំងនោះ កំពុងបំពេញតួនាទីដូចនឹងឧទ្យានុរក្សបុរសដែរ ដូចជាការល្បាតក្នុងព្រៃ ចុះបង្រ្កាបបទល្មើស និងការធ្វើបទបង្ហាញអំពីបរិស្ថាន តាមសហគមន៍នានា។


អ្នកស្រី អៀវ ច្រឹប ជាមន្រ្តីឧទ្យានុរក្សមួយរូប នៅតំបន់ប្រើប្រាស់ច្រើនយ៉ាង ដែលមានភូមិសាស្រ្តក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ អ្នកស្រី អៀវ ច្រឹប ប្រាប់ Thmeythmey 25ថា នៅតំបន់អភិរក្សដែលអ្នកស្រីប្រចាំការនេះ មានមន្ត្រីឧទ្យានុរក្សជាង ២០រូប ក្នុងនោះស្ត្រី ៣រូប។ រយៈពេលប្រមាណ ៤ឆ្នាំហើយ អ្នកស្រី ច្រឹប បានសម្រេចចិត្តចូលធ្វើជាមន្ត្រីឧទ្យានុរក្ស ពោលគឺក្រោយខ្លួនបានបញ្ចប់ថ្នាក់បាក់ឌុប។

ស្ត្រីវ័យ ២៨ឆ្នាំរូបនេះ ពន្យល់មូលហេតុដែលអ្នកស្រី ចូលរួមក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ នៅក្នុងប្រទេសកម្ពុជា ប្រាប់ Thmeythmey25 ដូច្នេះថា៖« ខ្ញុំសម្រេចចិត្ត ធ្វើជាមន្ត្រីឧទ្យានុរក្ស ដោយសារទឹកចិត្តស្រលាញ់ ចង់ចូលរួមថែរក្សា ការពារសម្បត្តិធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ»។



ក្នុងរយៈពេលបំពេញការងារកន្លងមក អ្នកស្រី ច្រឹប អះអាងថា ខ្លួនបានជួបប្រទះបញ្ហាប្រឈមជាច្រើន មិនខុសពីមន្ត្រីឧទ្យានុរក្សដទៃទៀតឡើយ នោះគឺការប្រឈមមុខនឹងជនល្មើស ដែលមានអាវុធក្នុងដៃ ដូចជាកាំភ្លើងកែច្នៃ និងកាំបិតជាដើម។  

អ្នកស្រី អៀវ ច្រឹប ទទួលស្គាល់ថា អ្នកស្រី ពិតជាខ្លាចនឹងហេតុការណ៍បែបនេះ តែទោះវាយ៉ាងណា អ្នកស្រី មិនបោះបង់ការងារនេះឡើយ ដោយនៅតែរក្សាការតាំងចិត្តយ៉ាងមុតមាំ ក្នុងកិច្ចការពារធនធានធម្មជាតិកម្ពុជា។ សម្រាប់មន្ត្រីឧទ្យានុរក្សរូបនេះ ក៏ចង់ឱ្យមានក្រសួងជ្រើសរើស មន្ត្រីឧទ្យានុរក្សបន្ថែមដើម្បីប្រចាំការងារនៅតំបន់ភូមិសាស្រ្តខេត្តប៉ៃលិនទៀតដែរ ខណៈបច្ចុប្បន្ន មន្តី្រឧទ្យានុរក្សមិនច្រើន ខណៈផ្ទៃដីអភិរក្សមានទំហំធំ។«នៅពេលដើរល្បាត មានកម្លាំងយ៉ាងច្រើន៥នាក់ប៉ុណ្ណោះ ហើយពេលខ្លះមានត្រឹម ៣នាក់។ ហេតុនេះ ពួកយើង មិនអាចដើរល្បាត បានគ្រប់កន្លែងនោះឡើយ»។ នេះជាការបន្ថែមរបស់លោកស្រី អៀវ ច្រឹប។ 



ឆ្លើយតបនឹងបញ្ហានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាងថា ការជ្រើសរើសមន្ត្រីឧទ្យានុរក្ស នឹងធ្វើឡើងតាមលំដាប់លំដោយ នៅពេលខាងមុខ។ ទោះជាបច្ចុប្បន្ន ចំនួនមន្តី្រឧទ្យានុរក្សមិនទាន់គ្រប់គ្រាន់ តែក្រសួងបរិស្ថាន បានដាក់ចេញនុវយុទ្ធសាស្ត្រចំនួន ៣ ដើម្បីបង្កើនប្រសិទ្ធភាពការពារ និងអភិរក្សធនធានធម្មជាតិ។  យុទ្ធសាស្ត្រទាំងនោះ មានដូចជាការល្បាតចល័តរបស់មន្ត្រីឧទ្យានុរក្ស ការរួមសហការជាមួយសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ និងនៅជាប់តំបន់ការពារធម្មជាតិ និងការអប់រំផ្សព្វផ្សាយពីសារប្រយោជន៍ព្រៃឈើ ទៅកាន់ប្រជាពលរដ្ឋ។ នេះបើតាមលោក នេត្រ ភក្ត្រា ។

សម្រាប់លោក នេត្រ ភក្ត្រា មន្ត្រីឧទ្យានុរក្ស បុរស និងស្ត្រី មានតួនាទី និងភារកិច្ចដូចគ្នា ក្នុងការថែរក្សា ការពារធនធានធម្មជាតិ។ អ្នកនាំពាក្យរូបនេះ បានកោតសរសើរចំពោះវីរភាព និងការលះបង់ដ៏មានតម្លៃ របស់មន្ត្រីឧទ្យានុរក្សស្រ្តី។ លោក នេត្រ ភក្ត្រា បញ្ជាក់ដូច្នេះ៖ «អ្វីដែលមន្ត្រីឧទ្យានុរក្សរបស់យើងកំពុងធ្វើ នៅពេលនេះ គឺមិនមែនគ្រាន់តែធ្វើក្នុងនាម តែជាមន្ត្រីឧទ្យានុរក្ស ដែលត្រូវបំពេញជាតួនាទីទៅតាមឯកសណ្ឋានប៉ុណ្ណោះទេ តែពួកគាត់ធ្វើ ក្នុងនាមជាឪពុក ម្តាយ ដែលកំពុងតែថែរក្សា និងការពារនូវមរតកធនធានធម្មជាតិ ដ៏សម្បូរបែបសម្រាប់កូនចៅជំនាន់ក្រោយ»។



លោក សេង សាំងហៀត ដែលជាមន្ត្រីឧទ្យានុរក្សជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប ក៏បានសរសើរពីទឹកចិត្ត និងភាពក្លាហានរបស់ឧទ្យានុរក្សស្ត្រីទាំងអស់នៅកម្ពុជាដែរ។ បើតាម លោក សាំងហៀត នៅឧទ្យានជាតិ ភ្នំគូលែន ក៏មានឧទ្យានុរក្សស្ត្រីដែរ ប៉ុន្តែពួកគាត់ ភាគច្រើនជាងមន្ត្រីរដ្ឋបាល និងទទួលខុសត្រូវលើម្ហូបអាហារ។ យូរៗម្តង ទើបឧទ្យានុរក្សស្ត្រី នៅភ្នំគូលែនចេញល្បាតអមនឹងមន្ត្រីបុរសៗ។ «មន្ត្រីឧទ្យានុរក្សជាស្រ្តី ពួកគាត់ពិតជាមានការប្រឈមខ្លះមែន តែពួកគាត់មិនបានចេញល្បាតគ្រប់ពេលដូចបុរសនោះទេ។ ដើម្បីរក្សាសុវត្ថិភាព យូរៗម្តងទើបពួកគាត់ចេញល្បាតព្រៃ ដោយមានការមើលថែពីឧទ្យានុរក្សបុរស ព្រោះថាពួកស្រលាញ់ មើលការពារដូចបងប្អូន»។នេះជាការបញ្ជាក់របស់ លោក សេង សាំងហៀត។ 

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានផ្ទៃដីអភិរក្ស ចំនួន ៧៣ កន្លែង ដែលមានផ្ទៃដីសរុប ៧,២៩៧,៣១៤ ហិកតា ឬស្មើនឹង ៤១ភាគរយ នៃប្រទេសកម្ពុជា។ តំបន់អភិរក្សទាំងនោះ មានឧទ្យានជាតិចំនួន ១១, ដែនជម្រកសត្វព្រៃចំនួន ១៩ , តំបន់ទេសភាពចំនួន ១៣, តំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន ៨, តំបន់រ៉ាមសារ ចំនួន៥ , តំបន់ស្នូលនៃបឋនីយជីវមណ្ឌល ចំនួន ៣ , តំបន់បេតិកភណ្ឌធម្មជាតិចំនួន ១១ និងតំបន់ឧទ្យានសមុទ្រចំនួន ១ ។ ក្រៅពីនេះ ក៏មានតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ដែលមានផ្ទៃដី ១៦,៣០ ហិកតា និងរបៀងអភិរក្សជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិដែលផ្ទៃដីចំនួន ១,៤២៧,៩៤០ ហិកតា៕

ដោយ៖ ហុង ស្រីណា

ព័ត៌មានទាក់ទង