រៀន​ភ្ញាស់​កូន​ក្រួច​តាម YouTube អាច​ឲ្យ​គ្រួសារ​អ្នកស្រី សុខ ស្រី​ណុ​ច មាន​ជីវភាព​ធូរធារ និង​មិនបាច់​ធ្វើការ​ឆ្ងាយ​ផ្ទះ​
14/05/2021 12:00 pm កំពត
​អ្នកស្រី សុខ ស្រី​ណុ​ច ជា​អ្នក​ភ្ញាស់​កូន​ក្រួច​លក់ ស្ថិតនៅ​ភូមិ​ខ្វាវ ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត​។ រយៈពេល​ជាង​មួយឆ្នាំ​ហើយ ដែល​គ្រួសារ​អ្នកស្រី​ចាប់យក​របរ​ភ្ញាស់​កូន​ក្រួច​លក់ ដោយសារ​ងាយ​ចិញ្ចឹម ចំណាយពេល​ខ្លី និង​មាន​ទីផ្សារ​។ តាមរយៈ​របរ​នេះ បានធ្វើ​ឲ្យ​គ្រួសារ​អ្នកស្រី សុខ ស្រី​ណុ​ច មាន​ជីវភាព​ធូរធារ និង​មិនបាច់​ធ្វើការ​ឆ្ងាយ​ផ្ទះ​។​


​របរ​ចិញ្ចឹម​ក្រួច មិនចាំបាច់​ទាល់តែ​បុរស​នោះទេ ស្ត្រី​ជា​មេផ្ទះ​ក៏​អាចធ្វើ​បានដែរ​។ «​វា​ស្រួល​ចិញ្ចឹម មិន​ចំណាយ​កម្លាំង​ច្រើន​ក្នុង​ការថែទាំ​។ ជា​ស្ត្រី​មេផ្ទះ​ក៏​អាចធ្វើ​បាន ម្យ៉ាង​មិនចាំបាច់​ត្រូវ​ទៅធ្វើ​ការងារ​ឆ្ងាយ​ផ្ទះ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី សុខ ស្រី​ណុ​ច ដោយ​អះអាងថា អាច​រកចំណូលបាន​ពី ២​ទៅ ៣​លាន​រៀល ក្នុងការ​ភ្ញាស់​កូន​ក្រួច​លក់​មួយ​វគ្គ​(​មួយ​វគ្គ​មាន ១៦​ថ្ងៃ​)​។ 



បើតាម​អ្នកស្រី ស្រី​ណុ​ច ការ​ភ្ញាស់​កូន​ក្រួច​ត្រូវ​ប្រើពេល ១៦​ថ្ងៃ ហើយ​ក្រោយ​កូន​ក្រួច​ញាស់​បាន ៣​ថ្ងៃ​ទើប​អាច​លក់​កូន​បាន​។ អ្នកស្រី សុខ ស្រី​ណុ​ច បាន​រៀន​ពី​របៀប​ភ្ញាស់​កូន​ក្រួច​តាម​បណ្ដាញ YouTube ហើយ​ចំណេះ​មួយ​នេះ បាន​ជួយ​ឲ្យ​គ្រួសារ​មាន​ជីវភាព​ធូរធារ និង​រស់នៅ​ជុំ​គ្រួសារ​។ 

​កូន​ក្រួច​របស់​អ្នកស្រី ស្រី​ណុ​ច អាច​លក់បាន​ក្នុងតម្លៃ​សមរម្យ​មួយ ប៉ុន្តែ​ក្នុង​បរិការណ៍​កូ​វីដ​-១៩​នេះ បានធ្វើ​ឲ្យ​កូន​ក្រួច​របស់​អ្នកស្រី មានតម្លៃ​ថោក​។ ស្ត្រី​ចិញ្ចឹម​ក្រួច​រូបនេះ ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​ថា ៖«​ក្រួច​មានការ​ពេញនិយម ទើប​មាន​ទីផ្សារ​ទូលាយ​។ កាល​លក់​ដំបូង អាច​លក់បាន​តម្លៃ ១ ០០០​រៀល​ទៅ ១ ២០០​រៀល ក្នុង​មួយ​ក្បាល​។ តែ​អំឡុង​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ កូន​ក្រួច​មួយ​ក្បាល អាច​លក់បាន​តម្លៃ ៦០០​រៀល​ប៉ុណ្ណោះ​»​។​

​អ្នក​ចិញ្ចឹម​ក្រួច​មកពី​ខេត្តកំពត​រូបនេះ បាន​បន្ថែមថា ទោះបី​ក្រួច​ងាយ​ចិញ្ចឹម តែ​សម្រាប់​អ្នក​ដែល​ចង់​ចិញ្ចឹម​ក៏​គិត​ត្រូវ​នូវ​ចំណុច​សំខាន់ៗ មួយចំនួន​ដែរ ដូចជា​ពូជ​ក្រួច ការផ្ដល់​ចំណី និង​ការថែទាំ​។ ជាទូទៅ​ការចិញ្ចឹម​ក្រួច​សាច់ មាន​រយៈពេល​ត្រឹម ៣៥​ថ្ងៃ​ទៅ ៤០​ថ្ងៃ​ប៉ុណ្ណោះ​អាច​លក់បាន​៕

ព័ត៌មានទាក់ទង