យុវតី យើន ណារ័ត្ន ចង់ឱ្យស្ត្រីជនជាតិដើមភាគតិចរៀនបានខ្ពស់ និងឈប់ប្រឈមការរៀបការវ័យក្មេង
08/03/2021 1:00 pm ភ្នំពេញ
កញ្ញា យើន ណារ័ត្ន ជាសមាជិកក្រុមតំណាងក្មេងជំទង់ និងយុវជន (AYRG) ដែលជាគម្រោងទប់ស្កាត់ការរៀបការវ័យក្មេង នៅខេត្តរតនគិរី។ មានវ័យ១៩ឆ្នាំ យុវតីជនជាតិដើមភាគតិចទំពួន ណារ័ត្ន បានខ្នះខ្នែងផ្សព្វផ្សាយ ពីបញ្ហាដែលបណ្តាលមកពីការរៀបការវ័យក្មេងពេក ក្នុងសហគមន៍ខ្លួន។ ធ្លាប់ត្រូវបានឪពុកម្ដាយបង្ខំឱ្យរៀបការ កញ្ញា ណារ័ត្ន ចង់ឃើញក្មេងស្រីក្នុងសហគមន៍ខ្លួន រៀនសូត្រខ្ពស់ និងលែងប្រឈមនឹងការរៀបការវ័យក្មេងពេក។


កញ្ញា យើន ណារ័ត្ន បានឱ្យដឹងថា កាលនាងរៀនថ្នាក់ទី៧ គ្រួសាររបស់នាងបានឱ្យនាងឈប់រៀន ដើម្បីរៀបការជាមួយបុរស ដែលមានអាយុស្រករគ្នា។ ដោយចង់រៀនបានខ្ពង់ខ្ពស់ដូចស្រ្តីដទៃ ដែលកាលណោះមានវ័យ១៣ឆ្នាំ ណារ័ត្ន បានជំទាស់នឹងបំណងគ្រួសារ ដោយបានលួងលោមឱ្យគ្រួសារយល់ព្រម ឱ្យខ្លួនរៀនបន្ត។  ហើយសព្វថ្ងៃ ណារ័ត្ន កំពុងសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យភូមិថ្មី នៅខេត្តរតនគិរី។ 

កញ្ញា ណារ័ត្ន បានរំឭកប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖« ពីដំបូងពួកគាត់មានប្រតិកម្មជាមួយខ្ញុំ ធម្មតាទេ ព្រោះពួកគាត់ចង់ឱ្យរៀបការ ហើយខ្ញុំឆ្លើយភ្លាមៗ ថាអត់ព្រមរៀបការអ៊ីចឹង។ ពួកគាត់ថា បើសិនខ្ញុំអត់រៀបការទេ នឹងឱ្យចេញពីផ្ទះ។ ដល់ពេលខ្ញុំចាប់ផ្ដើមពន្យល់ពួកគាត់ថា បើសិនខ្ញុំរៀបការ នឹងមានផលប៉ះពាល់ច្រើន ព្រោះពួកខ្ញុំនៅក្មេងៗ មានតែធ្វើស្រែចំការ។ បើគ្មានចំណេះដឹង ទៅថ្ងៃខាងមុខ អាចប្រកបរបរអ្វីបាន ហើយពេលមានកូនចៅ តើប្រដៅកូនចៅបានយ៉ាងម៉េច បើគ្មានចំណេះដឹងផង»។  



បើតាម កញ្ញា ណារ័ត្ន ដ្បិតខ្លួនបានរួចផុត ពីការរៀបការវ័យក្មេងក្ដី ប៉ុន្តែមានក្មេងស្រីជនជាតិដើមភាគតិច មិនសូវច្រើននោះទេ ដែលហ៊ានជំទាស់នឹងបំណងគ្រួសារ ដោយព្រមរៀបការទាំងវ័យក្មេង ទាំងខ្លួនមិនពេញចិត្ត។ លើសពីនេះ គ្រួសារដែលរៀបការទាំងវ័យក្មេង ភាគច្រើនបានជួបបញ្ហាជាច្រើន ដូចជាអំពើហិង្សាក្នុងគ្រួសារ លែងលះគ្នា និងមានបញ្ហាសុខភាព ដោយការមានកូនវ័យក្មេងពេកជាដើម។ យល់ច្បាស់ពីទុក្ខលំបាក នៃការបង្ខំឱ្យរៀបការទាំងក្មេងខ្ចី បានធ្វើឱ្យយុវតីវ័យ១៩ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមតំណាងក្មេងជំទង់ និងយុវជន (AYRG) ក្នុងឆ្នាំ២០១៨ ព្រោះចង់ឱ្យឪពុកម្ដាយក្នុងសហគមន៍ បានយល់ដឹងពីបញ្ហាប្រឈម នៃការរៀបការវ័យក្មេង និងឈប់បង្ខំឱ្យកូនស្រីរៀបការទៀត។

 «ខ្ញុំបានជួយដល់សហគមន៍ ដូចជាការផលិតវីដេអូអប់រំ និងចុះផ្សព្វផ្សាយតាមភូមិ ពីផលលំបាក នៃការរៀបការវ័យក្មេង។ ពេលពួកខ្ញុំចុះផ្សព្វផ្សាយ និងបញ្ចាំងវីដេអូហ្នឹង ពួកគាត់មានអារម្មណ៍ភ័យខ្លាច  ហើយឪពុកម្ដាយខ្លះ ក៏ចាប់ផ្ដើមយល់ ហើយឱ្យកូនពួកគាត់រៀនបន្ត»។ នេះជាការអះអាងរបស់ កញ្ញា ណារ័ត្ន ដែលនាងបានបន្ថែមថា ឪពុកម្ដាយជាបុគ្គលដ៏សំខាន់ ក្នុងការជំរុញឱ្យកូនស្រីរៀនសូត្រ ជាជាងបង្ខំឱ្យរៀបការ។ 

ជាកូនស្រីច្បងក្នុងគ្រួសារ ជនជាតិដើមភាគតិចទំពួន ណារ័ត្ន បានផ្ដល់តម្លៃខ្ពស់ចំពោះការអប់រំ។ សម្រាប់កញ្ញា ណារ័ត្ន ក្មេងស្រីទាំងអស់សុទ្ធតែមានឱកាស ទទួលបានការអប់រំខ្ពស់ ហើយនាងជឿជាក់ថា តាមរយៈការអប់រំ និងធ្វើឱ្យក្មេងស្រី មានជម្រើសច្រើន និងហ៊ានសម្រេចចិត្តដោយខ្លួនឯង ជាពិសេសចៀសផុតពីការរៀបការវ័យក្មេងផងដែរ៕  

ព័ត៌មានទាក់ទង