តើគួរដាំ «ឆៃថាវ» ខែណាខ្លះ ទើបអំណោយផលល្អ?
28/03/2021 12:00 pm ភ្នំពេញ
ភ្នំពេញ៖ ឆៃថាវ ត្រូវបានចាត់ទុកជាដំណាំមើមមួយប្រភេទេដែលពលរដ្ឋខ្មែរនិយមដាំ។ ជាទូទៅដំណាំឆៃថាវ អាចដាំដុះស្ទើរគ្រប់រដូវនៅក្នុងតំបន់ក្ដៅ។ ប៉ុន្តែជាការល្អកសិករគួរជ្រើសរើសខែតុលា រហូតខែមករា ក្នុងការដាំឆៃថាវជាការប្រសើរ ដើម្បីកាត់បន្ថយការបំផ្លាញពីសត្វល្អិតចង្រៃ។


ក្រៅពីជ្រើសរើសរដូវដាំកសិករគួរស្វែងយល់ពីបច្ចេកទេសដាំដុះមួយចំនួន ដើម្បីទទួលបានទិន្នផលខ្ពស់។ ថ្ងៃនេះសារព័ត៌មានThmeyThmey25 លើកយកបច្ចេកទេសដាំដុះឆៃថាវ ដែលដកស្រង់ពីសៀវភៅបច្ចេកទេសដាំដុះរបស់ក្រសួងកសិកម្មចែកជូនកសិករដែលមានបំណងស្វែងយល់បន្ថែមពីការដាំដុះដំណាំឆៃថាវ។

ការរៀបចំដី៖ ឆៃថាវ ជាដំណាំមើមដែលលូតលាស់នៅក្នុងដីប៉ែកខាងលើ និងមានវដ្ដជីវិតខ្លីដូចនេះតម្រូវឲ្យដីមានជីជាតិគ្រប់គ្រាន់។ ប្រភេទដីដែលប្រសើរសម្រាប់ដំណាំឆៃថាវ គឺដីល្បាយខ្សាច់ ដីល្បាប់មាត់ស្ទឹង ដីមាត់ព្រែក មាត់ទន្លេ និងដីក្រហមខ្ពង់រាប ហើយចំពោះដីឥដ្ឋឆៃថាវមិនអាចលូតលាស់បានល្អនោះទេ។ ហើយមុនពេលដាំកសិករត្រូវភ្ជួរដីធ្វើឲ្យបានល្អ និងត្រូវហាលដីចោលពី ២-៣លើកជាមុនសិន ដើម្បីឲ្យដីធូរ និងមានខ្យល់ចេញចូលល្អ។

របៀបដាំដុះ៖ សម្រាប់ឆៃថាវគេដាំគ្រាប់ដូច្នេះ មុនយកគ្រាប់ទៅដាំត្រូវយកគ្រាប់នោះទៅហាលថ្ងៃរយៈពេល១-២ម៉ោងសិន។ បន្ទាប់ពីហាងថ្ងៃត្រូវយកទៅត្រាំទឹក៣-៤ម៉ោង និងត្រូវលាងសម្អាតគ្រាប់ឲ្យបានច្រើនលើក។ ក្នុងមួយគុម្ពត្រូវដាក់គ្រាប់ពូជចំនួន២គ្រាប់ និងត្រូវមានចន្លោះជួរ ២០សង់ទីម៉ែត្រ។ ក្រោយដាំរួចត្រូវយកចំបើងស្ងួតពង្រាយលើរង ដើម្បីការពារសំណើមឲ្យឆៃថាវលូតលាស់បានល្អ។ 

ការមើលថែ៖ ការផ្ដល់ទឹកគ្រប់គ្រាន់ និងទៅតាមតម្រូវការធ្វើឲ្យដំណាំលូតលាស់បានល្អ តែត្រូវផ្ដល់ទឹកតាមវគ្គនៃដំណាំ។ នៅវគ្គដំណាំដុះពន្លករហូតលាស់ស្លឹក ដីត្រូវការសំណើមដីថេរ មិនត្រូវការស្រោចទឹកជោគពេកនោះទេ។ ប៉ុន្តែនៅវគ្គឆៃថាវចាប់ផ្ដើមចុះមើមតម្រូវការទឹកកាន់តែខ្លាំង។ ក្រៅពីផ្ដល់ទឹកគ្រប់គ្រាន់កសិករក៏ត្រូវឧស្សាហ៍សោចស្មៅ ដើម្បីឲ្យដីធូរ។ ឆៃថាវ ជាដំណាំត្រូវការជីជាតិច្រើនប្រភេទ ដូច្នេះត្រូវផ្ដល់ឲ្យបានគ្រប់គ្រាន់ ដូចជាការដាក់ជីលាមកគោ លាមកមាន់ជាដើម។ 

សត្វចង្រៃ៖ ភាគច្រើនសត្វចង្រៃ ដែលបង្កហានិភ័យដល់ឆៃថាវ គឺប្រភេទសត្វដង្កូវ តែងកាត់ស្លឹក និងដើមឆៃថាវ វាបានបំផ្លាញជាលិកាស្លឹក ធ្វើឲ្យការលូតលាស់បាត់បង់។ ដើម្បីកម្ចាត់សត្វចង្រៃទាំងនេះ វិធីល្អត្រូវជ្រើសរើសរដូវដាំឲ្យបានត្រឹមត្រូវ និងត្រូវឧស្សាហ៍សម្អាតស្មៅ។ 

ការប្រមូលផល៖ ដើម្បីប្រមូលផលឆៃថាវត្រឹមត្រូវ ដំបូងត្រូវពិនិត្យលើការប្រែប្រួលនៃស្លឹកពីបៃតងខ្ចីទៅបៃតងចាស់ ហើយកំពូលត្រួយរបស់វាលែងលូតលាស់ ហើយដើមរបស់វាលូតលាស់ពីសខ្ចីទៅសប្រផេះ គឺជាដំណាក់កាលប្រមូលផល។ ត្រូវដកឆៃថាវតម្រៀបទុកក្នុងចម្ការបន្ទាប់មកត្រូវកាត់ស្លឹក រួចត្រូវយកទៅរក្សាទុកនៅកន្លែងត្រជាក់ មិនត្រូវហាលថ្ងៃឡើយ។ 

សម្រាប់ការដឹកជញ្ជូនឆៃថាវទៅកាន់ទីផ្សារ បើត្រូវដឹកទៅទីផ្សារជិតៗកសិករត្រូវលាងសម្អាតឆៃថាវជាមុនសិន ប៉ុន្តែក្នុងករណីដឹកទៅទីផ្សារឆ្ងាយមិនចាំបាច់លាងទឹកនោះទេព្រោះអាចធ្វើឲ្យឆៃថាវជាំ។ ជាទូទៅឆៃថាវក្នុងមួយហិកតាអាចទទួលទិន្នផលពី២៨តោន ទៅ៣២តោនក្នុងមួយហិកតា៕

 

ព័ត៌មានទាក់ទង