កម្ពុជា គ្រោងស្នើបញ្ចូល«តំបន់បេតិកភណ្ឌជាតិភ្នំត្បែង»ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
02/02/2021 11:30 am ព្រះវិហារ
ព្រះវិហារ៖ ក្រសួងបរិស្ថាន កំពុងសិក្សាពីតំបន់បេតិកភណ្ឌជាតិភ្នំត្បែង ដើម្បីស្នើទៅអង្គការយូណេស្កូ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌភពិភលោក។ នេះបើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ។


អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅដំណាក់ទីមួយនៃផ្លូវឡើងទៅលើកំពូលភ្នំត្បែង តាមច្រកសហគមន៍តាំងយូ នៃខេត្តព្រះវិហារថា ក្នុងតំបន់បេតិកភណ្ឌជាតិភ្នំត្បែង មានជីវចម្រុះកម្រច្រើនប្រភេទ ដូចជា សត្វកែះ ប្រើស ឈ្លូស ខ្លាឃ្មុំ ជាដើម រួមទាំងឈើកម្រនិងប្រណីតច្រើនប្រភេទទៀត កំពុងរស់ និងដុះក្នុងតំបន់ការពារភ្នំត្បែង។ ជាងនោះទៅទៀត ជំនឿសាសនា ដែលមានផ្សារភ្ជាប់ប្រពៃណី និងទំនៀមទម្លាប់ រក្សាបានតាំងពីដើមរហូតដល់បច្ចុប្បន្ន ដោយបង្ហាញពីអត្តសញ្ញាណប្រជាជនក្នុងតំបន់ បន្ថែមដោយសក្ដានុពលទេសចរណ៍ផងនោះ ធ្វើឱ្យតំបន់បេតិកភណ្ឌជាតិភ្នំត្បែង មានសក្ដានុពលខ្ពស់ ក្នុងការដាក់ក្នុងបញ្ជីត្រៀម ស្នើទៅអង្គការយូណេស្កូ ដើម្បីបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភលោក។

«ទោះជាយ៉ាងណា អ្នកជំនាញស្នើសុំឱ្យសិក្សាចំណុចចុងក្រោយបន្ថែមលើផ្នែកទេសចរណ៍ក្នុងតំបន់ភ្នំត្បែងនេះ ដោយភ្ជាប់ទៅតំបន់ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌរបស់មនុស្សជាតិ។ យើងត្រូវសិក្សាពីប្រវត្តិភ្នំត្បែង ផ្សារភ្ជាប់ទៅប្រាសាទព្រះវិហារ ពីភ្នំត្បែងទៅកោះកែរ ពីប្រាសាទអង្គរវត្តមកអតីតរាជធានីផ្សេងៗទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះយើងត្រូវការឯកសារពាក់ព័ន្ធមួយចំនួនទៀត មុននឹងដាក់ជូនទៅអង្គការយូណេស្កូ»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោក នេត្រ ភក្ត្រា។
តំបន់បេតិកភណ្ឌជាតិភ្នំត្បែង មានផ្ទៃដីជាង ២៥,២៦៤ ហិកតា ជាប់ភូមិសាស្ត្រស្រុក៥ គឺស្រុកត្បែងមានជ័យ ស្រុងរវៀង ស្រុកសង្គមថ្មី ស្រុកគូលែន និងក្រុងព្រះវិហារ។ តំបន់បេតិកភណ្ឌជាតិភ្នំត្បែង មានប្រភេទព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង ដោយនៅសេសសល់ឈើប្រណីតច្រើន ដូចជាឈើគ្រញូង បេង និងធ្នង់ជាដើម រួមទាំងប្រភេទឈើសម្រាប់ធ្វើជាឱសថបុរាណខ្មែរផងដែរ។ 

តំបន់ការពារធម្មជាតិភ្នំត្បែង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ចូលជាតំបន់បេតិកភណ្ឌជាតិភ្នំត្បែង នៅថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០១៦។ នៅជុំវិញភ្នំត្បែងមានជ័យ មានសហគមន៍ចំនួន៣ គឺសហគមន៍តាំងយូ សហគមន៍ចាក់អង្រែ និងសហគមន៍ដាតាវឹក។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា រំពឹងថា ប្រជាសហគមន៍ ដែលនៅជុំវិញតំបន់បេតិកភណ្ឌជាតិភ្នំត្បែង និងមានជីវភាពកាន់តែប្រសើរឡើង តាមរយៈវិស័យទេសចរណ៍វប្បធម៌ធម្មជាតិ ការទាញយកអនុផលព្រៃឈើក្នុងតំបន់ ក្រោយការដាក់ស្នើទៅអង្គការយូណេស្កូ៕




 

ព័ត៌មានទាក់ទង