កោះព្រហ្មចារី ជាសម្បុកសម្បត្តិទេសចរណ៍តាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ
25/06/2021 11:00 am ក្រចេះ
ភ្នំពេញ៖ កោះព្រហ្មចារី ជាសម្បុកសម្បត្តិទេសចរណ៍មានទេសភាពស្រស់ត្រកាល ដែលភ្ញៀវទេសចរ អាចជិះទូក ឬកាណូតប្រមាណ ២០នាទីប៉ុណ្ណោះ នឹងទៅដល់កោះ។ កោះនេះជាទីតាំងទេសចរណ៍មួយដ៏សំខាន់របស់ «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ» ស្ថិតនៅ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលមានចម្ងាយប្រមាណតែ ១៧ គីឡូម៉ែត្រពីទីរួមខេត្ត។


ភ្ញៀវទេសចរ ដែលទៅលេងកម្សាន្តកោះព្រហ្មចារីយ៍ អាចទស្សនាទេសភាពដ៏ស្រស់ត្រកាលសម្បូរបែប ការទស្សនាសត្វផ្សោត វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងទស្សនាសត្វក្ដាន់ ដែលជាសត្វកម្រហើយនៅមានវត្តមានក្នុងតំបន់នេះ។ភ្ញៀវទេសចរ ក៏អាចជិះទូក កាណូត ដើម្បីរងចាំមើលសត្វផ្សោត និង ស្ទួចត្រី លេងកម្សាន្ត។ 

បើតាម ក្រសួងទេសចរណ៍ ដំបូងឡើយ អ្នកស្រុកនៅទីនោះ ហៅកោះនេះថា «កោះយ៉ៃ»  ប៉ុន្តែកលោក ឡូយ សុផាត អតីតអភិបាលខេត្តក្រចេះ បានចុះទៅសិក្សាស្រាវជ្រាវនៅលើកោះនេះមុនគេ។ លោកឃើញទីធ្លាខ្សាច់ស្អាតសក្បុស ទេសភាពគួរជាទីគយគន់ ប្រៀបដូចជា នារីក្រមុំព្រហ្មចារីយ៍ ហើយមិនទាន់មានអ្នកណាទៅលេងកម្សាន្តផង លោកក៏សម្រេចជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកភាពដាក់ឈ្មោះកោះនេះថា «កោះព្រហ្មចារីយ៍»។ 

បើតាមក្រសួងទេសចរណ៍ លោក ប៉ុន សំបូរ អនុប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានរៀបរាប់ថា៖ «ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ មន្ទីរទេសចរណ៍ខេត្តក្រចេះបានសហការជាមួយអង្គការ WWF រៀបចំបង្កើតសហគមន៍ថ្មីមួយឡើង នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ ដោយដាក់ឈ្មោះជាផ្លូវការថា «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ»។ 

លោក ប៉ុន សំបូរ បន្ថែមដូច្នេះថា ការបង្កើតសហគមន៍នេះមានគោលបំណង ដើម្បីផ្តល់ឱកាសឱ្យសហគមន៍មូលដ្ឋានមានសិទ្ធិអំណាចក្នុងការគ្រប់គ្រង និងចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍របស់ខ្លួន ព្រមទាំងអាចទទួលបានផលប្រយោជន៍ពីទេសចរណ៍។ ម្យ៉ាងវិញទៀត ជាការលើកកម្ពស់ជីវភាព កាត់បន្ថយការចំណាកស្រុក ពិសេសគឺដើម្បីចូលរួមការពារអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ មានដូចជាធនធានព្រៃឈើ សត្វព្រៃ ពិសេសគឺសត្វក្ដាន់ សត្វផ្សោត៕ 

 

ព័ត៌មានទាក់ទង