​តំបន់​មួយ ក្នុងភូមិ​ព្រែ​កតា​ច្រែង ត្រូវដាក់​ជា​តំបន់​ផ្ទុះ​ជំងឺផ្តាសាយបក្សី ក្រោយ​មាន់​ទា​ជិត​២​ពាន់​ងាប់​
12/01/2021 5:00 pm ភ្នំពេញ

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានចេញ​ប្រកាស នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​នេះ កំណត់​ដាក់​តំបន់​មួយ ស្ថិតក្នុង​ភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ជា​តំបន់​ជំងឺផ្តាសាយបក្សី​។ ការកំណត់​តំបន់​ជំងឺផ្តាសាយបក្សី​នេះ គឺ​បន្ទាប់​មាន​ករណី​មាន់​និង​ទា​ជិត​២​ពាន់​ក្បាល ក្នុង​កសិដ្ឋាន​មួយ​របស់​ប្រជាពលរដ្ឋ បាន​ងាប់ ដោយសារ​ជំងឺផ្តាសាយបក្សី H5N1​។
 


​លោក ស្រី វុ​ឌ្ឍី អគ្គលេខាធិការ​ក្រសួងកសិកម្ម ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ថា តាម​របាយការណ៍ ដែល​លោក ទទួលបាន គឺមាន​មាន់​និង​ទា​សរុប​១,៨​ពាន់​ក្បាល បាន​ងាប់​ក្នុង​កសិដ្ឋាន​របស់​ប្រជាពលរដ្ឋ នៅ​ភូមិ​ព្រែក​តា​ច្រែង​។ លោក បន្ត នៅ​ថ្ងៃទី​១១ ខែមករា​ម្សិលមិញ មន្ត្រី​ជំនាញ បាន​ចុះ​ទៅដល់​កសិដ្ឋាន​នោះ ហើយ​បាន​ពិនិត្យ​និង​ធ្វើ​វិភាគ​លើ​មាន់​និង​ទា​ដែល​ងាប់ ដោយ​លទ្ធផល ដែល​បង្ហាញ គឺមាន់​និង​ទារ​ទាំង​១,៨​ពាន់​ក្បាល​នោះ ងាប់​ដោយសារ​ជំងឺ​ផ្តាសាយ H5N1​។ 

​យ៉ាងណា លោក អះអាងថា ក្រោយ​ទទួលបាន​ព័ត៌មាន​អំពី​ការផ្ទុះ​ជំងឺផ្តាសាយបក្សី H5N1 មន្ត្រី​ជំនាញ បាន​ចុះ​ទៅដល់​តំបន់​នោះ​ភ្លាមៗ និង​បាន​ទប់ស្កាត់​មិន​ឲ្យ​ជំងឺផ្តាសាយបក្សី​ប្រភេទ​នេះ រាលដាល​ទៅ​តំបន់​ផ្សេងទៀត​។ លោក បញ្ជាក់ថា​៖«[​មន្ត្រី​ជំនាញ​] គេ ធ្វើ​តាំង​ពីថ្ងៃ​ផ្ទុះ [​ជំងឺ​ហ្នឹង​] គេ ចុះទៅ​ធ្វើការ​អស់ហើយ លែង​មានអី​ហើយ​។ ... កុំ​បារម្ភ​អី អត់​អី​ទេ គេ បានធ្វើ​កិច្ចការ​ហ្នឹង​ស្អាតបាត​អស់ហើយ​»​។ 

​តំបន់ ដែល​ត្រូវ​កំណត់​ជា​តំបន់​ផ្ទុះ​ជំងឺផ្តាសាយបក្សី H5N1 គឺ​ស្ថិតនៅ​បរិវេន​ជុំវិញ​កសិក​ដ្ឋា​ន ដែលមាន​មាន់​និង​ទា​១,៨​ពាន់​ក្បាល​ងាប់​នោះឯង​។ តាមរយៈ​ប្រកាស លោក វេ​ង សាខុន បាន​ប្រាប់​ទៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​នៃ​ក្រសួងកសិកម្ម ឲ្យ​សិក្សា​ស្រាវជ្រាវ​ពី​ប្រភព​ជំងឺផ្តាសាយបក្សី ក្នុង​រយៈពេល​៣០​ថ្ងៃ ហើយ​ត្រូវ​ពិនិត្យ​ឃ្លាំមើល​ចលនា​បក្សី​ជាប្រចាំ ក្នុង​រង្វង់​១០​គីឡូ​ម៉េ​ត្រ ដោយ​គិត​ចាប់​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ​នេះ​។ 

​ជាមួយគ្នានេះ លោក វេ​ង សាខុន ប្រាប់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ឲ្យ​ចាត់វិធានការ​ព្យាបាល​ស​ត្វ​បក្សី នៅ​តំបន់​ផ្ទុះ​ជំងឺផ្តាសាយបក្សី H5N1​។ ចំពោះ​ការទិញ ការលក់ ការចិញ្ចឹម និង ការដឹកជញ្ជូន​បក្សី​គ្រប់​ប្រភេទ​ចូល​ចេញ ឬ​ឆ្លងកាត់​តំបន់​ផ្ទុះ​ជំងឺផ្តាសាយបក្សី​នេះ ត្រូវ​លោក ប្រាប់​ឲ្យ​ផ្អាក​ជា​បណ្តោះ​សន្ន​។ លោក ព្រមាន​ថា បើ​មាន​ជន​ណា​ល្មើស គឺ​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ស្តីពី​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​។ 

​លើសពីនេះ រដ្ឋមន្ត្រី​កសិកម្ម ណែ​នាំទៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ឲ្យ​បំផ្លាញចោល​ចំពោះ​បក្សី​គ្រប់​ប្រភេទ ក្នុង​តំបន់​ផ្ទុះ​ជំងឺ​បក្សី ទៅតាម​វិធានការ​បច្ចេកទេស​បសុពេទ្យ​។ លោក ស្រី វុ​ឌ្ឍី មានប្រសាសន៍​បន្ថែម​ពីលើ​ប្រកាស​របស់លោក​រដ្ឋមន្ត្រី ត្រង់ចំណុច​នេះ​ថា​៖«​បើកាលណា ឃើញ​សត្វ មាន​ជំងឺ​ហ្នឹង យើង កម្ទេចចោល​តែម្តង​»​។ អគ្គលេខាធិការ​ក្រសួងកសិកម្ម​រូបនេះ ពន្យល់ថា ជំងឺផ្តាសាយបក្សី H5N1 គឺជា​ប្រភេទ​ជំងឺឆ្លង​មួយ ហើយ វា នឹង​ឆ្លង​រាលដាល បើ​គ្រប់គ្រង​បក្សី មិនបាន​ល្អ​។ លោក អះអាងថា ជំងឺ​នេះ អាច​ឆ្លងទៅ​ប្រភេទ​បក្សី​ផ្សេងទៀត មិនមែន​តែមាន់​និង​ទា​នោះទេ​៕ 

ព័ត៌មានទាក់ទង