គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ចាប់​បើក​ដំណើរការ​វិញ​ហើយ​
13/01/2021 8:00 am ភ្នំពេញ

​ក្រសួងទេសចរណ៍ បានអនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ សាលា​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព ចាប់ពី​ថ្ងៃទី​១១ ខែមករា​តទៅ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងទេសចរណ៍ ចុះ​ថ្ងៃទី​១១​មករា​។​


​ដ្បិត​អនុញ្ញាត​ឲ្យ​ដំណើរការ​វិញ ប៉ុន្តែ​ដើម្បី​ធានាបាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​ការបើក​ដំណើរការ​ឡើងវិញ ក្រសួងទេសចរណ៍ បាន​ណែនាំ​ឲ្យ​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទេសចរណ៍ សាលា​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​ទាំងអស់ ត្រូវ​បន្ត​ចូលរួម​តាមដាន ផ្ដល់ព័ត៌មាន និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល ជំងឺឆ្លង​កូ​វីដ​-១៩​។​

​មិនតែប៉ុណ្ណោះ ត្រូវ​សហការ​ជាមួយ​មាតាបិតា អាណាព្យាបាល មន្ត្រីរាជការ គ្រូ សិក្ខាកាម និង​អ្នកពាក់ព័ន្ធ ដើម្បី​ផ្តល់ព័ត៌មាន​សុខភាព និង​ប្រវត្តិ​ធ្វើដំណើរ​ក្រៅប្រទេស​របស់​សិក្ខាកាម ឬ​សិស្ស និស្សិត​។ ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍​ណែនាំ​ឲ្យ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ សាលា​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព ត្រូវ​សហការ​ជាមួយ​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក ដើម្បី​ចុះ​ពិនិត្យ និង​ជំរុញ​ការអនុវត្ត​វិធានការ​អនាម័យ ការទប់ស្កាត់ និង​ឆ្លើយតប​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ 

​លើសពីនេះ ស្ថាប័ន​បណ្តុះបណ្តាល​ទាំងនេះ ត្រូវដាក់​លេខ​ទូរ​សព្ទ​ទាន់​ហេតុការណ៍​របស់ខ្លួន​ដើម្បី​ទាក់ទង​ក្នុងករណី​ចាំបាច់ ឬ​ក្នុងករណី​សង្ស័យថា​អាចមាន​ករណី​ឆ្លង​កូ​វីដ​-១៩ នៅ​ស្ថាប័ន​ណាមួយ​នោះ ហើយ​ត្រូវ​រាយការណ៍​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ជាបន្ទាន់​។ក្រសួងទេសចរណ៍​ណែនាំ​ឲ្យ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ សាលា​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព ត្រូវ​ទំនាក់ទំនង​ទៅកាន់​នាយកដ្ឋាន​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ ដើម្បី​បំពេញបែបបទ​ស្នើសុំ បើក​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទេសចរណ៍​ឡើងវិញ ព្រមទាំង​តម្រូវ​ឲ្យ​មាន​របាយការណ៍​ប្រចាំខែ ពី​សកម្មភាព​ដំណើរការ និង​វិធាន​ការការពារ​ទប់ស្កាត់ ឆ្លើយតប ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ទៀងទាត់​ផងដែរ​៕
 

ព័ត៌មានទាក់ទង