​ដែន​អភិរក្ស​ក្រពើ​ភ្នំ​វាលវែង ទី​ទេសចរណ៍​បែប​ផ្សងព្រេង​យ៉ាង​ទាក់ទាញ​
13/01/2021 9:00 am ភ្នំពេញ

​ពោធិ៍សាត់​៖ ដែន​ជម្រក​សត្វ​ក្រពើ​ភ្នំ ជាទី​តាំង​ទេសចរណ៍​ផ្សងព្រេង​ប្លែក​មួយ ដែល​ទេសចរ​អាចធ្វើ​ដំណើរកា​ត់​ព្រៃ និង​វាលស្មៅ​ខៀវស្រងាត់ ទៅ​មើល​សត្វ​ក្រពើ​ភ្នំ​រស់នៅ​បែប​ធម្មជាតិ​។ ទេសចរ​ក៏​អាច​យល់ដឹង​ពី​ការរស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​ជង ៣​គ្រួសារ​រស់នៅ និង​ធ្វើស្រែ​បែប​ធម្មជាតិ​នៅ​ទីនោះ​ផងដែរ​។

 
​ដើម្បី​ជ្រាប​កាន់តែច្បាស់​សូម​លោក អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ជឿន ស្រី​ណ​យ អ្នកសារព័ត៌មាន​ThmeyThmey25 និង​លោក យិន មុ​ស មគ្គទេសក៍​ទេសចរ នៅ​ដែន​អភិរក្ស​សត្វ​ក្រពើ​ភ្នំ​ដូចតទៅ​៖

 


​ដែន​ជម្រក​ក្រពើ​បឹង​វាលវែង មាន​ទីតាំង​ស្ថិតនៅ​ភូមិ​គៀប​ជង្រុក ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​ទាក់ទាញ​ចិត្ត​ភ្ញៀវទេសចរ​ដែល​ចូលចិត្ត​ផ្សងព្រេង​ឲ្យ​ទៅ​កម្សាន្ត​នៅ​ទីនោះ​។ ដែន​ជម្រក​ក្រពើ​ភ្នំ​នេះ បាន​អភិរក្ស​សត្វ​ក្រពើ​ឲ្យ​រស់នៅ​បែប​ធម្មជាតិ អ្វីដែល​ពិសេស​សត្វ​ក្រពើ​ភ្នំ​ទាំងនេះ​មិន​ស៊ីសាច់​ជា​អាហារ​នោះទេ​។​

​បើតាម​លោក យិន មុ​ស មគ្គទេសក៍​ទេសចរ នៅ​ដែន​ជម្រក​សត្វ​ក្រពើ​បឹង​វាលវែង តាមរយៈ​ការពិនិត្យ​លាមក​សត្វ​ក្រពើ ឃើញថា​ក្រពើ​ទាំងនេះ​មិនមាន​ស៊ីសាច់​សត្វ​ឆ្កែ គោ ក្របី​នោះទេ គឺ​មានតែ​ស្រកាត្រី​តែប៉ុណ្ណោះ​។ លោក យិន មុ​ស លើកឡើង​ដូច្នេះ​ថា​៖ « ភ្ញៀវទេសចរ​គឺ​គាត់​អត់​ខ្លាច​ទេ បើ​ទេសចរ​អន្តរជាតិ​វិញ​គាត់​ហាន​ជាង​យើង​ទៅទៀត ។ ភ្ញៀវទេសចរ​បរទេស​ខ្លះ មក​បោះតង់​ពេលយប់​ចាំមើល​ក្រពើ​តែម្ដង​។ ភ្ញៀវទេសចរ​ជាតិ​មានមក​ដល់ទី​នេះ​ខ្លះៗ​ដែរ »​។​

​នៅ​ជិត​ដែន​អភិរក្ស​ក្រពើ​បឹង​វាលវែង ក៏មាន​ជនជាតិដើម​ភាគតិច​ជង​ចំនួន ៣​គ្រួ​សារបាន​បន្ត​រស់នៅ​ទីនោះ ទោះ​ប្រជាជន​ជាច្រើន​ទៀត​ប្ដូរ​ទៅ​រស់នៅ​ទីប្រជុំជន​ហើយ​ក្ដី​។ បើតាម​លោក យិន មុ​ស ប្រជាជន ៣​គ្រួសារ​នេះ​ជាទូទៅ ធ្វើស្រែ​បែប​បុរាណ ដោយ​មិនមាន​ការប្រើប្រាស់​គ្រឿងចក្រ​នោះទេ​។ ការធ្វើ​ស្រែ និង​ចិញ្ចឹមសត្វ​បែប​បុរាណ អាច​ឲ្យ​ពួកគាត់​រស់នៅ​បាន​ងាយស្រួល តាម​ជីវិត​បែប​ធម្មជាតិ​របស់គាត់​។​

​ដ្បិត​មាន​ទីតាំង​ឆ្ងាយ​ពី​ទីប្រជុំជន និង​មិនសូវមាន​មនុស្ស​រស់នៅ តែ​ដែន​ជម្រក​ក្រពើ​ភ្នំ​បឹង​វាលវែង បាន​ក្លាយជា​ទិសដៅ​ទេសចរណ៍​មួយ​យ៉ាង​ទាក់ទាញ​ក្នុង​ឃុំ​អូរ​សោម ដោយ​ទេសចរ​កម្រ​រំលង​ដែន​ជម្រក​មួយ​នេះ​ណាស់ ជាពិសេស​ទេសចរ​បរ​ទេស​តែម្ដង​។ បើតាម​លោក នួន លីម មគ្គទេសក៍​ទេសចរ​មួយរូប​ទៀត​បាន​លើកឡើងថា ក្នុង​មួយឆ្នាំៗ មាន​ទេសចរ​យ៉ាងតិច ១២០០ ទៅ​១៥០០​នាក់ ទៅ​ទស្សនា​ក្រពើ​ភ្នំ​នៅ​ដែន​ជម្រក​សត្វ​ក្រពើ​បឹង​វាលវែង​នេះ​។​

​លោក នួន លីម បាន​បន្ថែម​ដូច្នេះ​ថា​៖ « នៅ​ដែន​ជម្រក​សត្វ​ក្រពើ​ភ្នំ​បឹង​វាលវែង បច្ចុប្បន្ន​មាន​ក្រពើ​ភ្នំ​ចន្លោះ​ពី ៤០ ទៅ​៦០​ក្បាល​។ ដែន​ជម្រក​ក្រពើ​ភ្នំ​នេះ គឺមាន​ទំហំ​ធំជាងគេ មានតែ​ក្នុង​ខេត្តពោធិ៍សាត់​នេះ​តែប៉ុណ្ណោះ »​។​
​មគ្គទេសក៍​ទេសចរ​ទាំងពីរ​រូបនេះ ក៏បាន​សំណូមពរ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​ទៅ​កម្សាន្ត​នៅ​ដែន​អភិរក្ស​មួយ​នេះ ដើម្បី​ជា​ផ្នែក​មួយ​ជួយ​អភិរក្ស​សត្វ​ក្រពើ​ភ្នំ ក្នុង​ដែន​អភិរក្ស​សត្វ​ក្រពើ​បឹង​វាលវែង និង​អាចជា​ការសិក្សា​ពី​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ជនជាតិដើម​ភាគតិច​ជង​ផងដែរ​៕

ព័ត៌មានទាក់ទង