យុវតីឆ្នើមវ័យក្មេង៤រូប ក្នុងវិស័យធុរកិច្ចថ្មីនៃវិបត្តិ COVID-19
10/01/2021 5:00 pm ភ្នំពេញ
ភ្នំពេញ៖ ថ្វីដ្បិតការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ បានបង្ខំឱ្យម្ចាស់អាជីវកម្មតូច-ធំជាច្រើនបិទទ្វារនិងផ្អាកដំណើរក៏ពិតមែន ប៉ុន្តែសម្រាប់ធុរកិច្ចថ្មី(Startup)របស់យុវតីខ្មែរចំនួន៤រូប បានលេចចេញជារូបរាង និងដំណើរការបានយ៉ាងល្អប្រសើរនៅក្នុងវិស័យខុសៗពីគ្នា។ យុវតីជាម្ចាស់ធុរកិច្ចថ្មីចំនួន៤រូប នោះ កំពុងបង្ហាញវត្តមានយ៉ាងសកម្មក្នុងការរួមចំណែកដោះស្រោយបញ្ហារបស់កសិករ, បញ្ហាបរិស្ថាន, ការសិក្សា និងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក ជាដើម។


សារព័ត៌មានថ្មីៗ២​៥ សូមលើកយកធុរកិច្ចថ្មីចំនួន៤ក្នុងវិស័យកសិកម្ម, អប់រំ, បច្ចេកវិទ្យា, បរិស្ថាន និងទេសចរណ៍ ដែលដឹកនាំដោយយុវតីខ្មែរវ័យក្មេងទាំង៤រូប ផងដែរ។  
 
១. យុវតី សឿន ច័ន្ទរ៉ាត់តិកា ជាសហស្ថាបនិកធុរកិច្ចកង់អគ្គិសនីដែលមានឈ្មោះថា Tinky។ បើតាម ច័ន្ទរ៉ាត់តិកា គោលដៅនៃការផលិតTinkyឡើង គឺដើម្បីជំនួសឱ្យការប្រើប្រាស់ម៉ូតូសព្វថ្ងៃចេញតែម្តង ខណៈអ្នកជិះម៉ូតូ ត្រូវចំណាយថ្លៃសាំងរាល់ថ្ងៃហើយ ស្របពេលសាំងមានតម្លៃថ្លៃ។ យុវតីវ័យ១៩ឆ្នាំរូបនេះ ពន្យល់ដូច្នេះ៖«អ្នកជិះម៉ូតូ  យ៉ាងហោចណាស់ មួយថ្ងៃឬពីរថ្ងៃ ត្រូវចាក់សាំងមួយលីត្រ...។ បើយើងគិតថាសាំងមួយលីត្រតម្លៃ៣០០០រៀល ប៉ុន្តែបើយើងកុំយក៣០០០រៀលនោះ ទៅចំណាយលើថ្លៃសាំង ហើយយើងជិះកង់អគ្គិសនីវិញ យើងមិនត្រឹមចំណេញបាន៣០០០រៀលនោះទេ ថែមទាំងជួយកាត់បន្ថយផ្សែងពុលទៅបរិយាកាស ផងដែរ»។
 
សម្រាប់កង់អគ្គិសនីTinky របស់យុវតី ច័ន្ទរ៉ាត់តិកា គ្រាន់តែចំណាយថ្លៃភ្លើងសាកថ្មអស់ត្រឹម៧០០រៀលប៉ុណ្ណោះ (ភ្លើងអស់ជិត១គីឡូវ៉ាត់) អាចធ្វើដំណើរបានរហូតដល់៦០គីឡូម៉ែត្រ និងមានល្បឿងលឿនប្រហាក់ប្រហែលនឹងកម្លាំងម៉ូតូផងដែរ។ 
 
២. កញ្ញា ម៉េង ស្រីលីន សហស្ថាបនិកធុរកិច្ចថ្មីឈ្មោះ Smart Farm Assistance ដែលអាចជួយដោះស្រាយលើបញ្ហាស្រាចស្រពដំណាំរបស់ប្រជាកសិករ តាមរយៈការបញ្ជាលើប្រព័ន្ធទូរសព្ទដៃ។ ម្ចាស់ធុរកិច្ចថ្មីដែលមានវ័យត្រឹម១៩ឆ្នាំរូបនេះ បានបញ្ជាក់ថា កសិករដែលប្រើឧបករណ៍នៃប្រព័ន្ធSmart Farm Assistance មិនត្រឹមតែងាយស្រួល ចំណេញពេលវេលា និងប្រាក់កាសនោះទេ តែថែមទាំងជួយសន្សំសំចៃទឹកបានពី២០ ទៅ៥០ភាគរយ ផងដែរ។ 
 
Smart Farm Assistance មានប្រព័ន្ធ ឬឧបករណ៍ចំនួន៣ សម្រាប់បម្រើដល់ការស្រោចស្រពដំណាំ របស់ប្រជាកសិករ តាមរយៈការបញ្ជាប្រព័ន្ធលើទូរសព្ទដៃ ក្នុងនោះមាន ឧបករណ៍ Smart Pump, Smart Valve និង Smart Simple។ 
 
«ឧបករណ៍ស្រោចស្រពដំណាំរបស់យើង មានការបញ្ជាបិទ-បើកទឹកពីចម្ងាយ តាមរយៈApp នៅលើទូរសព្ទដៃ»។ នេះជាការលើកឡើងរបស់កញ្ញា ម៉េង ស្រីលីន ដោយបន្ថែមថាApp នៅលើទូរសព្ទដៃសម្រាប់បញ្ជាលើប្រព័ន្ធស្រោចស្រពដំណាំរបស់កសិករនេះ គឺមាន២ប្រភេទដែលអាចឱ្យកសិករប្រើប្រាស់បានយ៉ាងងាយស្រួល ដោយប្រភេទទីមួយ កសិករអាចបញ្ជាប្រព័ន្ធឬឧបករណ៍ស្រោចស្រពដំណាំនៅចម្ការ តាមរយៈសេវាអ៊ីធឺណែត[Internet] នៅលើទូរសព្ទដៃ និងប្រភេទទីពីរ កសិករអាចបញ្ជាប្រព័ន្ធស្រោចស្រពដំណាំ តាមរយៈសារSMS។
 
៣. កញ្ញា ចាស សី្មន សហស្ថាបនិកធុរកិច្ចឌីជីថលE-Lab។ E-Lab ជាApp នៅលើទូរសព្ទដៃដែលជួយដល់ការសិក្សារបស់សិស្សចាប់ពីថ្នាក់ទី៧ដល់ថ្នាក់ទី១២ ក្នុងជំនាញវិទ្យាសាស្ត្រ។ កញ្ញា ចាស ស្មីន បានលើកឡើងថា E-Lab App មានបញ្ជូលនូវវីដេអូសិក្សា ដែលបង្ហាញពីសកម្មភាពនិងលទ្ធផលពិសោធន៍ជាក់ស្តែងទៅតាមមុខវិជ្ជា ឬកម្មវិធីសិក្សានីមួយៗរបស់ក្រសួងអប់រំ។ 
 
«សិស្សដែលមើលវីដេអូរបស់យើងដែលបង្ហាញពីការធ្វើពិសោធន៍ជាក់ស្តែងនៃមុខវិជ្ជា ដូចជាមុខវិជ្ជាគីមីវិទ្យាជាដើម តាមរយៈE-Labនេះ គឺអាចយល់បន្ថែមបានកាន់តែល្អលើមេរៀននីមួយដែលបានសិក្សានៅក្នុងថ្នាក់រៀន»។ បើតាមសហស្ថាបនិកE-Lab វ័យ១៩ឆ្នាំរូបនេះ សិស្សដែលសិក្សាលើផ្នែកវិទ្យាសាស្ត្រនៅតាមសាលារៀននីមួយៗ ពិសេសសាលារៀនរដ្ឋ មិនសូវមានការអនុវត្ត ឬពិសោធន៍ជាក់ស្តែងណាមួយទៅតាមមុខវិជ្ជាឡើយ។ 
 
៤. កញ្ញា មេ សុខគន្ធារី ជាស្ថាបនិកធុរកិច្ចថ្មីឈ្មោះPUTHI Travel ED។ ធុរកិច្ចថ្មីក្នុងវិស័យទេសចរណ៍នៅកម្ពុជាមួយនេះ លេចរូបរាងឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២០។ សុខគន្ធារី បានអះអាងថា កូវីដ-១៩ ដែលជាបញ្ហាដ៏ធំសម្រាប់អាជីវកម្មទូទៅនោះ គឺបានផ្តល់ឱកាសឱ្យកញ្ញាមានពេលវេលាគ្រប់គ្រាន់ ក្នុងការស្រាជ្រាវ និងរៀបចំខ្លួនបានយ៉ាងល្អ  ដើម្បីរួមចំណែកស្តារឡើងវិញនូវវិស័យទេសចរណ៍កម្ពុជា។
បើម្ចាស់ធុរកិច្ចថ្មីវ័យ២៣រូបនេះ អ្វីដែលធុរកិច្ចPUTHI Travel ED អាចរួមចំណែកក្នុងការស្តារឡើងវិញនូវវិស័យទេសចរណ៍កម្ពុជា គឺការរៀបចំដំណើរកម្សាន្តទៅតាមរមណីយដ្ឋានធម្មជាតិ(Eco-Tourism)នានាដើម្បីផ្តល់ប្រភពចំណូលដល់ប្រជាពលរដ្ឋមូលដ្ឋាន ដែលបានបាត់បង់ចំណូលទាំងស្រុងពីភ្ញៀវទេសបរទេសក្នុងរយៈពេលជិតមួយឆ្នាំមកនេះ ព្រោះតែវិបត្តិកូវីដ-១៩៕ 

ព័ត៌មានទាក់ទង