កសិករ ខៀវ សុខឡេង ចង់ប្រែក្លាយចម្ការទុរេន ២០ហិកតា ជាតំបន់កសិ-ទេសចរណ៍
13/01/2021 10:00 am ត្បូងឃ្មុំ
លោក ខៀវ សុខឡេង ជាកសិករដាំទុរេននៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ដាំទុរេនលើផ្ទៃដី ២០ហិកតា លោក សុខឡេង មានគម្រោងប្រែក្លាយចម្ការ ទុរេន របស់លោកទៅជាតំបន់ កសិ-ទេសចរណ៍ ដើម្បីជាចំណីអារម្មណ៍ប្លែកសម្រាប់ទេសចរ។


មានបទពិសោធ ដាំទុរេន ប្រមាណ ២០ឆ្នាំ ម្ចាស់ចម្ការទុរេន រូបនេះ បានប្រាប់សារព័ត៌មានThmeThmey25 តាមទូរសព្ទ ថាលោកមាន ទុរេន ប្រមាណ ១ពាន់ដើម ដែលអាចផ្ដល់ផល នៅរដូវប្រមូលផល នាពេលខាងមុខ។ លោកបានពន្យល់យ៉ាងដូច្នេះ៖«ឆ្នាំនេះ ទុរេន ចេញផ្កាយឺតបន្តិច ដូច្នេះ រដូវប្រមូលផលទុរេន ក្នុងឆ្នាំនេះ អាចនៅ ខែឧសភា និងខែមិថុនា និងមានបំណងបើកឲ្យអ្នកទេសចរ ទៅកម្សាន្តដល់ចម្ការ និងអាចហូបផ្លែឈើនៅចម្ការផង»។

ដ្បិតកសិករ ខៀវ សុខឡេង ដាំទុរេន យូរឆ្នាំពិតមែន តែពុំមានអ្នកស្គាល់ច្រើននោះទេ ថានៅខេត្តត្បូងឃ្មុំ មានដំណាំទុរេន ព្រោះមិនមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ។ ជាទូទៅដំណាំទុរេន ផ្ដល់ផល ក្នុងរយៈពេល ៥ឆ្នាំ ទៅ ៦ឆ្នាំ ហើយរដូវប្រមូលផលមាន រយៈពេល ៥ខែ ទៅ ៦ខែ ដោយរាប់ចាប់ពីផ្ដើមចេញផ្កា ដល់ទុរេនទុំ(ចាប់ចេញផ្កា ក្នុងខែវិច្ឆិកា និងប្រមូលផល នៅខែឧសភា ដល់ខែមិថុនា)។

លោក សុខឡេង បន្តថា តីផ្សារ ទុរេន របស់លោក មិនដែលជួបបញ្ហាទេ ហើយពេលនេះ ដ្បិតទុរេន ទើបចេញផ្កា ពិតមែន តែក៏មានក្រុមហ៊ុនឯកជន ចុះមកធ្វើកិច្ចសន្យា ទិញទុរេន គ្រប់រដូវ។ ក្នុងមួយរដូវ ការប្រមូលផល ទុរេន អាចទទួលបាន ទិន្នផល ប្រមាណ ៥០តោន ទៅ ៦០តោន ទៅលក់ នៅភ្នំពេញ តែឆ្នាំនេះ ដើមទុរេន កើនឡើង ហើយទិន្នផលឆ្នាំនេះ អាចកើនពី ៧០តោន ទៅ ១០០តោន។ 

ដោយឡែក លោក ក៏បានដាំដំណាំ មង្ឃុត និងសាវម៉ៅ បូករួមនឹងដំណាំទុរេន មិនទាន់គ្រប់អាយុ ប្រមាណ ១០ហិកតា ផ្សេងទៀត ដោយក្នុងមួយរដូវ អាចប្រមូលផលមង្ឃុត ចន្លោះពី ៣ តោន ទៅ ៤តោន។ កសិករ រូបនេះ បានបញ្ជាក់ថា នៅឆ្នាំនេះ ទុរេន របស់លោក ចេញផ្កាយឺតបន្តិច ពិតមែន តែដំណាំទុរេន មានសុខភាពល្អ៕

 
 

ព័ត៌មានទាក់ទង