ឆ្នាំនេះកសិករនៅព្រះវិហារ លក់ដំឡូងមី និងស្រូវផ្កាម្លិះក្រហម ដែលដាំតាមកិច្ចសន្យាបានថ្លៃ
28/12/2020 2:00 pm ព្រះវិហារ
ប្រជាកសិករនៅក្នុងខេត្តព្រះវិហារ កំពុងតែមមាញឹក និងរីករាយនឹងការប្រមូលផលដំឡូងមីសរីរាង្គ និងស្រូវផ្កាម្លិះក្រហមរបស់ខ្លួន។ បើតាមលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហា ប្រជាកសិករបានចងក្រងជាសហគមន៍ និងចុះកិច្ចព្រមព្រៀងដាំដុះ និងលក់កសិផលរបស់ខ្លួនទៅក្រុមហ៊ុនឯកជនចំនួន២ ហើយតម្លៃកសិផលតាមកិច្ចសន្យានេះ ក៏បានតម្លៃខ្ពស់ផងដែរ។ លោក ពឹង ទ្រីដា បានបញ្ជាក់នៅលើហ្វេសប៊ុករបស់ខ្លួនថា កសិករលក់ដំឡូងមីស្រស់ក្នុងតម្លៃ ៣៦ឥ០រៀល ខណៈស្រូវផ្កាម្លិះក្រហមលេខ១ កសិករលក់បាន តម្លៃ ១,៥៥០រៀល ក្នុងមួយគីឡូក្រាម និងស្រូវលេខ២ តម្លៃ ១,៤៧០ រៀល។


កសិករជាច្រើនគ្រួសារ ក្នុងខេត្តព្រះវិហារ កំពុងមមាញឹក ក្នុងការប្រមូលផលដំឡូងមីសរីរាង្គរបស់ខ្លួន នៅក្នុងរដូវប្រមូលផលចាប់ពីខែវិច្ឆិកា ដល់ខែមករាខាងមុខ។ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានសរសេរលើហ្វេសប៊ុកផ្ទាល់របស់ខ្លួន ដំឡូងមីស្រស់ឆ្នាំនេះ មានតម្លៃ ៣៦០រៀល ក្នុងមួយគីឡូក្រាម ហើយកសិករសប្បាយចិត្តនឹងតម្លៃកសិផលរបស់ខ្លួនល្អ នៅឆ្នាំនេះ។ លោក ពឹង ទ្រីដា បន្ថែមដូច្នេះ៖«កសិករដែលស្ថិតក្នុងសហគមន៍ បានចុះកិច្ចសន្យា រួមគ្នាលក់ដំឡូងមីសរីរាង្គស្រស់ ជូនក្រុមហ៊ុន សាជីវកម្មកសិកម្មកម្ពុជា(CACC) ក្នុងតម្លៃ ៣៦០រៀល ក្នុងមួយគីឡូក្រាម»។

បើតាមលោក ពឹង ទ្រីដា ក្រៅពីមមាញឹកប្រមូលផលដំឡូងមី កសិករផ្សេងទៀត ក្នុងខេត្តព្រះវិហារ កំពុងមមាញឹកលក់ស្រូវម្លិះក្រហម ជូនក្រុមហ៊ុន Signature of Asia និងបានចុះកិច្ចសន្យា លក់ស្រូវសរីរាង្គ ជូនក្រុមហ៊ុនចំនួន ២ គឺក្រុមហ៊ុន Golden Rice និងក្រុមហ៊ុន Signature of Asia។ ចំពោះតម្លៃស្រូវ ដែលក្រុមហ៊ុនផ្តល់ជូនសហគមន៍ ស្រូវផ្កាម្លិះក្រហម លេខ១ តម្លៃ ១,៥៥០រៀល ក្នុងមួយគីឡូក្រាម និងស្រូវផ្កាម្លិះក្រហម លេខ២ តម្លៃ ១,៤៧០ រៀល ក្នុងមួយគីឡូក្រាម៕
 

ព័ត៌មានទាក់ទង