ទឹកធ្លាក់«ភ្នំឪម៉ាល់» ជាទឹកធ្លាក់តាមជម្រាលជើងភ្នំ ប្រវែង៦គីឡូម៉ែត្រ ក្នុងខេត្តកំពត
07/06/2021 3:00 pm កំពត
រមណីយដ្ឋានទឹកធ្លាក់ ភ្នំឪម៉ាល់ ជារមណីយដ្ឋានមួយ ដែលស្ថិតនៅក្នុងខេត្តកំពត ដែលមានទឹកធ្លាក់ធម្មជាតិយ៉ាងស្រស់ស្អាត ជាច្រើនដំណាក់ រួមជាមួយទេសភាពព្រៃភ្នំ និងចម្ការផ្លែឈើជាច្រើនមុខ នៅតាមដងផ្លូវ គួរជាទីគយគន់។ រមណីយធម្មជាតិ ទឹកធ្លាក់ភ្នំឪម៉ាល់ មានទីតាំងស្ថិតនៅប៉ែកខាងកើត នៃជម្រាលភ្នំបូកគោ ឬឧទ្យានជាតិព្រះមុនីវង្ស តាមបណ្តោយផ្លូវទៅកាន់រមណីយដ្ឋានទឺកឈូ ក្នុងភូមិស្នំប្រាពីរ ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្តកំពត។


«ទឹកធ្លាក់ភ្នំឪម៉ាល់ ឬទឹកជ្រោះភ្នំឪម៉ាល់» ដែលមានទឹកធ្លាក់ជាដំណាក់ រួមជាមួយរុក្ខជាតិខៀវខ្ចី និងចម្ការដំណាំហូបផ្លែជាច្រើនប្រភេទ។ ទឹកធ្លាក់ឪម៉ាល់ ដែលមានទឹកធ្លាក់ ហូរចុះមកក្រោម មិនដាច់តាំងពីដំណាក់កាលទី៣ រហូតដល់ដំណាក់ទី១ មានចម្ងាយប្រមាណ ៦គីឡូម៉ែត្រ ដោយមានច្រើនដំណាក់កាល។ ប៉ុន្តែមានតែ៣ដំណាក់ប៉ុណ្ណោះ ដែលទេសចរអាចឈប់លេងកម្សាន្តបាន គឺដំណាក់កាលទី១ ដែលអ្នកស្រុកហៅថា ជ្រោះឪម៉ាល់ ដំណាក់ទី២ មានឈ្មោះថា ជ្រោះកំពង់កណ្តាល និងដំណាក់កាលចុងក្រោយ គេហៅថា ទឹកធ្លាក់បីជាន់។

 ភ្ញៀវទេសចរអាចទៅដល់ទឹកធ្លាក់ភ្នំ ឪម៉ាល់ តាមផ្លូវលំទល់មុខវត្តស្នំប្រាំពីរ រួចបន្តដំណើរតាមជំរាលភ្នំជាង៤គីឡូរម៉ែត្រ ដោយធ្វើដំណើរតាមម៉ូតូ ឬដើរថ្មើជើងកានត់តែល្អ ដោយប្រើរយៈពេលពី ៣០នាទី ទៅ១ម៉ោង ដោយសារស្ថានភាពផ្លូវតូចលំបាក មានការបត់បែនច្រើន និងចោទផងដែរ។ នៅអមតាមបណ្តោយផ្លូវទៅកាន់ទឹកធ្លាក់ភ្នំ ឪម៉ាល់ ភ្ញៀវទេសចរអាចលំហែអារម្មណ៍ ជាមួយសំឡេងសន្ធឹកទឹកហូរតាមជើងភ្នំ អមជាមួយសំឡេងសត្វយំល្វើយៗ រួមទាំងបានគយគន់ទេសភាពរុក្ខជាតិខៀវខ្ចី និងចម្ការផ្លែឈើហូបផ្លែជាច្រើនប្រភេទ។ 



លោក គង់ សុភ័ក្រ ជាម្ចាស់ចម្ការមួយកន្លែងនៅរមណីយដ្ឋានទឹកធា្លក់ ភ្នំឪម៉ាល់។ លោក សុភ័ក្រ បានប្រាប់សារព័ត៌មាន Thmeythmey25 តាមទូរសព្ទថា បច្ចុប្បន្ន ទឹកធ្លាក់ភ្នំឪម៉ាល់ មានប្រជាប្រិយភាពខ្លាំង ដោយសារវាមានទេសភាពពិសេស ខុសប្លែកពីទឹកជ្រោះដទៃ នៅក្នុងខេត្តកំពត ដូចជាទឹកជ្រោះអូតាដា ឬក៏ទឹកឈូនោះ។ លោក បន្តទៀតថា ដ្បិតតែបច្ចប្បន្នក៏ឃើញមានភ្ញៀវទេសចរមកលេងកម្សាន្តមិនសូវដាច់ឡើយ ដែលភាគច្រើនជាភ្ញៀវជាតិ ហើយពួកគេមកជាក្រុម និងបោះតង់គេងតែម្តង។ លោកគង់ សុភ័ក្ត ដែលបានទិញចម្ការនៅទីនេះដោយសារ តែវាតំបន់នេះមានទឹកធ្លាក់ធម្មជាតិនោះ បន្តទៀតថា មានចម្ការនៅអមសងខាងទឹកធ្លាក់ ប្លែកពីកន្លែងផ្សេង ហើយមានដំណាំពណ៌បៃតងខ្ចី រួមជាមួយជួរភ្នំជាច្រើនជាប់គ្នា ទៀតផង។ 

គួរបញ្ជាក់ផងដែរថា ដោយសារផ្លូវទៅកាន់ទឹកធា្លក់ ភ្នំឪម៉ាល់ មានលក្ខណៈជាជម្រាល ហើយនៅពេលរដូវវស្សាមានភ្លៀវធ្លាក់ ទឹកភ្លៀវបានហូរច្រោះយកដីចុះក្រោម ដែលបានបង្កឲ្យស្ថានភាពផ្លូវមានការលំបាក ជាមុនសម្រាប់រដូវវស្សា។ អ្នកភូមិនៅទីនោះក៏អំពាវនាវ ឲ្យមានការជួយសម្រួលផ្លូវគមនាគមន៍ ទៅកាន់រមណីយដ្ឋានកម្សាន្តធម្មជាតិមួយនេះ៕









រូបភាពដោយ៖ លោក គង់ សុភ័ក្ត

ព័ត៌មានទាក់ទង