ភ្នំពេញ៖ គិតមកទល់ថ្ងៃទី៥ ខែធ្នូ ស្រូវវស្សាខេត្តព្រៃវែងសម្រេចប្រមូលផលបានចំនួន ២១៥,៣៩៩ហិកតា ទទួលបានទិន្នផលសរុបចំនួន ៦៩២,៣០២តោន គឺស្មើនឹង ៧៧ភាគរយ លើដីដាំដុះប្រមាណ ២៨០,៣៩៩ ហិកតា។ ចំណែកទិន្នផលមធ្យមប្រមាណ ៣.២៣ តោនក្នុងមួយហិកតា។ បើតាម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែងនាំមុខគេនៃផលិតផលដំណាំស្រូវ និងនាំចេញ។
ទន្ទឹមនឹងការសម្រេចបានដំណាំស្រូវបានច្រើនជាងគេក្នុងឆ្នាំនេះ ខេត្តព្រៃវែងក៏ឈានមុខក្នុងការនាំចេញទៅកាន់ប្រទេសជិតខាងផងដែរ។ គិតចាប់ពីថ្ងៃទី២២ ខែឧសភា មកទល់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ខេត្តព្រៃវែងនាំចេញស្រូវទៅកាន់ប្រទេសជិតខាងសរុបចំនួន ៧១៩,៦៩៣តោន។ នេះតាមការបង្ហាញរបស់ លោក វេង សាខុន ពីរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។
តាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តដដែលនេះ ក៏បានបញ្ជាក់បន្ថែមទៀតដែរថា ស្រូវដែលនាំចូលទៅប្រទេសជិតខាងគឺមានតម្លៃអាចក្រោម ឬលើ ១,១៥០រៀល ទៅតាមប្រភេទនៃស្រូវ។ ក្រៅពីដំណាំស្រូវខេត្តព្រៃវែង ក៏មានសក្ដានុពលក្នុងការនាំចេញសម្រាប់ផ្គត់ផ្គង់រាជធានី និងខេត្តផ្សេងៗលើ កសិឧស្សាហកម្ម សាកវប្បកម្ម វារីវប្បកម្ម រួមទាំងផលិតកម្មសត្វដូចជា មាន់ គោ ជ្រូកផងដែរ។
គួរបញ្ជាក់ផងដែរថា គិតចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ខេត្តព្រៃវែង បាននាំចេញស្រូវទៅប្រទេសវៀតណាមសរុបជាង១៨ម៉ឺនតោន ដោយលក់បានតម្លៃ២២៣ដុល្លារ ក្នុងមួយតោន។ នេះបើតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តព្រៃវែង ស្ដីពីស្ថានភាពនៃការងារបន្តបង្កើនផលដំណាំស្រូវរដូវវស្សាឆ្នាំ២០២០៕