លោក បេន ដេវីស ជនបរទេសដែលដាក់ចិត្តដាក់កាយការពារធនធានធម្មជាតិខ្មែរ
04/12/2020 3:30 pm ព្រះវិហារ
ការសោកស្តាយជាខ្លាំងនូវបាត់បង់សត្វព្រៃនិងព្រៃឈើដែលជាធនធានធម្មជាតិដ៏ល្អ និងសំខាន់សម្រាប់កម្ពុជា បានជំរុញចិត្តរបស់លោក បេន ដេវីស (Ben Davis) ជាជនជាតិអាមរិក ចូលរួមយ៉ាងសកម្ម ហើយព្រមទាំងហ៊ានប្រថុយជីវិតក្នុងការការពារធនធានធម្មជាតិដែលនៅសេសសល់។ បេន បានចូលរួមការពារធម្មជាតិកម្ពុជានៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងតំបន់ព្រៃឡង់ ខេត្តព្រះវិហារ អស់រយៈពេល៨ឆ្នាំមកហើយ ដោយបច្ចុប្បន្ន បេន ទទួលបានការគាំទ្រពីគម្រោង USAID ព្រៃឡង់បៃតង។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកទស្សនាវីដេអូរបស់លោក Ben Davis ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ដូចទៅត៖

ការសម្រេចចិត្តរស់នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងរយៈពេល៨ឆ្នាំមកនេះ លោក បេន កុំថាហ៊ានចាកចេញពីដែនជម្រកនេះទៅជួបឪពុកម្តាយ បងប្អូន នៅឯសហរដ្ឋអាមេរិក សូម្បីតែទៅដំណើរកម្សាន្តនៅរាជធានីភ្នំពេញត្រឹម១ឬ២ថ្ងៃ ក៏ បេន មិនហ៊ានចាកចេញដែរ ព្រោះតែមានជនល្មើសចាំលួចកាប់ព្រៃ និងបាញ់សត្វព្រៃប្រចាំ។ 

«តាំងពីខ្ញុំមកដល់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកនេះ ខ្ញុំអត់ហ៊ានចេញពីក្រៅផ្ទះទេ គឺអត់ហ៊ានទេ»។ បើតាមលោក បេន មូលហេតុដែលមិនហ៊ានចេញពីដែនជម្រកសត្វព្រៃនេះ គឺព្រោះមានជនខិលខូច ចាំតែបង្កបទល្មើសធនធានធម្មជាតិ។ លោកនិយាយប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖«ជាការពិត អ្នកចង់បំផ្លាញសត្វព្រៃ គេចាំតែមើលយើងចេញទៅភ្នំពេញ គឺគេចូលមកបំផ្លាញយ៉ាងលឿនបំផុត។ បើយើងអត់នៅផ្ទះទេ គឺគេទៅក្បែរៗផ្ទះយើងដើម្បីសម្លាប់សត្វព្រៃដែលយើងលែងនៅជុំវិញផ្ទះយើងក្នុងព្រៃហ្នឹង។ ហើយឈើប្រណិត នាងនួន ធ្នុងធំៗអី ដែលមានចម្ងាយពីផ្ទះខ្ញុំ១-២គីឡូម៉ែត្រនោះ បើខ្ញុំមិននៅផ្ទះ ឬក្នុងដែនជម្រកនេះទេ គឺគេឆ្លៀតពេលហ្នឹងមកកាប់ហើយ»។ 

កន្លងមក បុរសជនជាតិអាមេរិកវ័យ៥៤ឆ្នាំរូបនេះ និងក្រុមការងារ  ក៏ធ្លាប់ប្រឈមនឹងការគំរាមគំហែងដល់អាយុជីវិតជាញឹកញាប់ ពីសំណាក់ជនល្មើសបាញ់សម្លាប់សត្វព្រៃ និងព្រៃឈើ នៅក្នុងបរិវេណដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកនេះផងដែរ៕ 
 

ព័ត៌មានទាក់ទង