កសិករ ជា សុកឿន អាចចំណេញប្រាក់ប្រមាណ២០លានរៀល ពីការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារ
13/12/2020 2:00 pm ព្រះវិហារ
លោក ជា សុកឿន កំពុងជោគជ័យនឹងការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ កសិកររស់នៅក្នុង ភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារវ័យ៣០ឆ្នាំរូបនេះ កំពុងចិញ្ចឹមជ្រូកមេ ចំនួន៦ក្បាល និងជ្រូកសាច់ចំនួន១០ក្បាល ដោយក្នុងមួយឆ្នាំ លោកអាចទទួលបានប្រាក់ចំណេញ ប្រមាណ ២៥លានរៀល។ នេះបើតាមទំព័រហ្វេសប៊ុកមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។


មន្ទីរកសិកម្មខេត្តព្រះវិហារ ឲ្យដឹងទៀតថា ក្នុងមួយឆ្នាំ កសិករ សុកឿន អាចចំណេញប្រាក់បានប្រមាណ២៥លានរៀល ពីការចិញ្ចឹមជ្រូកនេះ។ ប្រភពដដែលរៀបរាប់ថា ជ្រូកមេ១ក្បាល អាច      ផ្តល់កំណើតកូន ជាមធ្យម៣ដង ក្នុងមួយឆ្នាំ ហើយម្តងៗអាចបានកូនជ្រូក ៨ ក្បាល ជាមធ្យម។ ក្នុងមួយឆ្នាំ កសិកររូបនេះ អាចលក់កូនជ្រូកបានប្រមាណ ៣៦លានរៀល។  ចំណែកជ្រូកសាច់វិញ កសិករ ជា សុកឿន អាចលក់បានចំនួន ២លើកក្នុងឆ្នាំ ដែលក្នុងមួយលើកៗ អាចមានចំណូលជាង ៨ លានរៀល។ 

ដោយឡែក ការចំណាយប្រចាំឆ្នាំលើកការចិញ្ចឹមជ្រូកវិញ ត្រូវបានកសិករ សុកឿន ឲ្យដឹងតាមរយៈមន្ទីរកសិកម្មខេត្តព្រះវិហារថា បានចំណាយលើថ្លៃចំណី និងការថែទាំប្រមាណ ២៥ លានរៀល។ ដូច្នេះគិតថ្លៃចំណាយរួច កសិករអាចទទួលបានប្រាក់ចំណេញប្រមាណ២០លានរៀល ក្នុងមួយឆ្នាំៗ៕

 

ព័ត៌មានទាក់ទង