ដំរី Kaavan ចាប់ផ្តើមជីវិតលែងឯកោនៅជម្រកថ្មីនៃទឹកដីខេត្តឧត្តរមានជ័យ
01/12/2020 3:00 pm ភ្នំពេញ
ឧត្តរមានជ័យ៖ ទីបំផុត ដំរីដែលឯកោជាងគេលើលោកឈ្មោះថា ខាវ៉ាន់ (Kaavan) បានទៅដល់ជម្រកថ្មីហើយ ស្ថិតនៅភូមិសាស្រ្ដស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ក្រោយធ្វើដំណើរតាមយន្តហោះពីទីក្រុងអ៊ីស្លាមបាដ ប្រទេសប៉ាគីស្ថាន។ ដំរី ខាវ៉ាន់ ចាប់ផ្តើមជីវិតលែងឯកោទៀត  ហើយវាកំពុងរីករាយនឹងជីវិតថ្មីក្នុងដែនជម្រកសត្វព្រៃដ៏ធំមួយ និងដែលមានដំរីញីបីក្បាលនៅជាមួយវាផង។


ក្នុងចម្ងាយជាង៣៧០០គីឡូម៉ែត្រ ជើងហោះហើរពិសេសដឹកដំរីខាវ៉ាន់ បានមកដល់អាកាសយានដ្ឋានអន្ដរជាតិសៀមរាប នាវេលាម៉ោង ២និង១៥នាទីរសៀលថ្ងៃទី៣០ វិច្ឆិកា ដោយមានមនុស្សម្នាច្រើននាក់ចាំទទួល។ ក្នុងការស្វាគមន៍ចាំទទួលដំរីឯកោពីប្រទេសប៉ាគីស្ថានមួយនេះ រួមមាន រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្រ្ដា តារាចម្រៀងប៉ុប Cher ដែលផ្តើមយុទ្ធនាការទាមទារសិទ្ធិសេរីភាពដល់សត្វដំរីនេះ និងមានការប្រោះព្រំតាមពិធីសាសនា ស្វាគមន៍ដំរីខាវ៉ាន់ មកកាន់ទឹកដីប្រទេសកម្ពុជា។

ក្រោយមកដល់ព្រលានយន្តហោះ  ភ្លាមៗក្រុមការងាររៀបចំនិងសម្របសម្រួលដឹកដំរីខាវ៉ាន់ មិនទាន់ទម្លាក់កុងតឺន័រពីកន្ទុយយន្តហោះនោះទេ ដោយទុកឱ្យដំរីនេះសម្រាក បន្ទាប់ពីធ្វើដំណើរផ្លូវឆ្ងាយ។ នៅម៉ោងប្រមាណ៤រសៀល ខាវ៉ាន់បានចុះដល់ដី និងមានពិធីសាសនាស្វាគមន៍វាផង។ វត្តមានដំរីនេះ បានទាក់ទាញអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិជាច្រើន ពិសេសតារាចម្រៀងប៉ុបសហរដ្ឋអាមេរិក Cher ក៏បានទទួលស្វាគមន៍ ជាមួយនឹងការជូនពរសត្វឯកោនេះ ឱ្យមានជីវិតដ៏រីករាយនៅលើទឹកដីថ្មីផងដែរ។

ម៉ោងប្រមាណ៥ សត្វដំរីខាវ៉ាន់ ដែលកំពុងស្ថិតនៅក្នុងទូកុងធឺណ័រ និងមានការចង់ច្រវ៉ាក់ជើង ដើម្បីធានាកុំឱ្យវាកម្រើក បានចាប់ផ្តើមចាកចេញពីព្រលានយន្តហោះអន្ដរជាតិសៀមរាប ឆ្ពោះទៅដែនជម្រកសត្វព្រៃកម្ពុជា គូលែនព្រហ្មទេព ដែលមានចម្ងាយប្រមាណជិត១០០គីឡូម៉ែត្រ ស្ថិតនៅតំបន់ព្រំប្រទល់ខេត្តសៀមរាប និងឧត្ដរមានជ័យ។ ឡានដឹកខាវ៉ាន់ ដែលរថយ្តធុនធ្ងន់ បានធ្វើដំណើរយឺតៗ ព្រោះបារម្ភពីសុខភាពសត្វដំរីនេះ និងបានចំណាយពេលជិត៣ម៉ោង ទើបទៅដល់គោលដៅ។

ទៅដល់ដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព នាម៉ោង ជិត៨យប់ ខាវ៉ាន់ នៅមិនទាន់អាចចេញពីប្រអប់ទូកុងធឺណ័រទេ គឺដំរីព្រៃអាស៊ីដ៏កម្រមួយនេះ ត្រូវរង់ចាំរហូតដល់ម៉ោងជាង៩យប់ ទើបក្រុមការងារសម្រួលឱ្យវាចេញពីបន្ទប់ដ៏ចង្អៀតនេះបាន។

ដោយបារម្ភខ្លាចដំរីផ្អើល និងបារម្ភពីសុខភាពរបស់វា អ្នកជំនាញដំរី មិនតម្រូវឱ្យបើកភ្លើង ឬប្រើភ្លើងបំភ្លឺណាមួយអំឡុងពេលវាចេញមកក្រៅនោះទេ។ ខាវ៉ាន់ បានបង្ហាញកាយវិការរីករាយក្នុងកន្លែងរស់នៅថ្មីរបស់វា និងដើរចុះដើរឡើងស្ទើរពេញបរិវេណទ្រុងដែលគេរៀបចំ ដែលមានទំហំ ៥០គុណ៦០ម៉ែត្រ។ វានឹងត្រូវគេដាក់ផ្សាំឱ្យនៅក្នុងនេះរយៈពេល៣ខែ មុននឹងព្រលែងឱ្យរស់នៅបែបធម្មជាតិ លើគម្របព្រៃឈើជាង៤ពាន់ហិកតា។

ដំរីញី៣ក្បាល ដែលនឹងក្លាយជាដៃគូរបស់ដំរីឈ្មោលខាវ៉ាន់ រួមមាន ទី១ដំរីឈ្មោះ អារុណរះ (Arun Reah) អាយុ៦០ឆ្នាំ ទីពីរដំរីឈ្មោះ ស្រីផ្លក់ (Di Poh) អាយុ៣៦ឆ្នាំ និងទីបីដំរីឈ្មោះ ស្រីអៀន (Sarai Mia)អាយុ២៧ឆ្នាំ។ លោក ស៊ូ ពិសិដ្ឋ អ្នកមើលការខុសត្រូវក្នុងដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព បានឱ្យដឹងថា ដំរីទាំងនេះត្រូវបានទិញយកមកពីតំបន់ភូមិភាគឦសាន និងសុទ្ធតែមិនទាន់មានកូនពីមុនមក។

ប្រាប់សារព័ត៌មានថ្មីៗនៅព្រឹកថ្ងៃទី១ ខែធ្នូ លោក ស៊ូ ពិសិដ្ឋ ប្រាប់ថា ដំរីខាវ៉ាន់មានសុខភាពល្អជាប្រក្រតី ហើយវាចាប់ផ្តើមមានការប្រាស្រ័យទាក់ទងគ្នាជាបណ្ដើរៗជាមួយដំរីញីឯទៀត តាមរយៈប្រម៉ោយរបស់ពួកវា (ទ្រុងវាត្រូវបានរៀបចំដាក់ក្បែរដំរីផ្សេងទៀត)។ លោក ស៊ូ ពិសិដ្ឋ ប្រាប់ថា ដំរីខាវ៉ាន់ ហាក់បង្ហាញអារម្មណ៍ឆាប់សិ្នទ្ធស្នាលជាមួយដំរីញី ឬមានអារម្មណ៍ចង់បន្តពូជយ៉ាងដូច្នោះដែរ។

គួររំម្លឹកថា យុទ្ធនាការទាមទារសិទ្ធិសេរីភាពតាមប្រព័ន្ធអ៊ិនធឺណិតរបស់ដំរីខាវ៉ាន់ ចាប់ផ្តើមពីឆ្នាំ២០១៦ ដោយអ្នកចម្រៀងប៉ុបអាមេរិក Cher។ នៅថ្ងៃទី១៧ កក្កដា តុលាការកំពូលប៉ាគីស្ថាន សម្រេចជ្រើសរើសកម្ពុជាជាជម្រកថ្មីរបស់ដំរី ខាវ៉ាន់។  វានឹងត្រូវរស់នៅជាមួយដំរីញីបីក្បាលទៀតក្នុងដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ក្រោយមានការសម្របសម្រួលពីអង្គការដែនជម្រកសត្វព្រៃកម្ពុជា (CWS)៕





 

ព័ត៌មានទាក់ទង