ដ្បិតកូវីដ-១៩ នៅតែអូសបន្លាយក្នុងប្រទេសកម្ពុជានិងទើបធូរស្រាលពីគ្រោះទឹកជំនន់ ប៉ុន្តែសកម្មភាពនៃការផលិតស្រូវរបស់កសិករក្នុងខេត្តព្រៃវែង នៅតែបន្តសកម្មភាពយ៉ាងសកម្មនិងនៅតែជាខេត្តនាំមុខក្នុងការដាំដុះដំណាំស្រូវ។ របាយការណ៍របស់មន្ទីរកសិកម្មខេត្តព្រៃវែង ស្ដីពីស្ថានភាពនៃការងារបន្តបង្កើនផលដំណាំស្រូវរដូវវស្សាឆ្នាំ២០២០ រយៈពេលជិត៦ខែ គិតចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខេត្តព្រៃវែង បាននាំចេញស្រូវទៅប្រទេសវៀតណាមសរុបជាង ៤៤ម៉ឺនតោន ដោយលក់បានតម្លៃ ២២៣ដុល្លារ ក្នុងមួយតោន។
រយៈពេល៦ខែ ឆ្នាំ២០២០នេះ ខេត្តព្រៃវែងបានដាំដុះដំណាំស្រូវលើផ្ទៃចំនួនជាង ២៣ម៉ឺនហិកតាស្មើនឹង១១២.១៦ភាគរយ នៃផែនការ ២៥ម៉ឺនហិកតា បើធៀបឆ្នាំមុនខ្ពស់ជាង ៩ម៉ឺនហិកតា គិតក្នុងរយៈពេលដូចគ្នា។ គិតត្រឹមថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២០ ការប្រមូលស្រូវវស្សាក្នុងខេត្តព្រៃវែងសម្រេចបានប្រមាណជាង ៨ម៉ឺនហិកតា ស្មើនឹង ៣០.៧៣ភាគរយ ផ្ទៃដីអនុវត្តបានបរិមាណផលសរុបជាង ៣០ម៉ឺនតោន ដែលទិន្នផលជាមធ្យម ៣តោនក្នុងមួយហិកតា។
ដោយឡែកការនាំចេញស្រូវក្នុងសប្ដាហ៍ទី២ នៃខែវិច្ឆិកា សរុបមានចំនួនប្រមាណជាង ៤ម៉ឺនតោន។ សម្រាប់តម្លៃស្រូវជាមធ្យមប្រភេទស្រូវក្រអូបមានតម្លៃ ១,១៥០រៀលក្នុងមួយគីឡូក្រាម ស្រូវប្រភេទ IR50404 មានតម្លៃ ៩៦០រៀលក្នុងមួយគីឡូ និងស្រូវប្រភេទ OM5451 មានតម្លៃ៩២០រៀលក្នុងមួយគីឡូក្រាម។ នេះបើតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តព្រៃវែង ដែលសារព័ត៌មានThmeyThmey25 ទទួលបាននៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានប្រាប់ ThmeyThmey25 តាមប្រពន្ធតេឡេក្រាមថា ទោះបីជាមានបញ្ហារាលដាលនៃជំងឺកូវីដ-១៩ តែការផលិត ក៏ដូចជានាំចេញស្រូវនៅខេត្តព្រៃវែងនេះមិនមានការថយចុះឡើយ ហើយរដ្ឋាភិបាល បានជំរុញបន្ថែមក្នុងបរិបទនេះផងដែរ។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែងធ្លាប់បានប្រាប់សារព័ត៌មានThmeyThmey25 យ៉ាងដូច្នេះ ប្រភេទស្រូវ IR504 ត្រូវបានផលិតឡើងសម្រាប់ការនាំចេញ ហើយការផ្គត់ផ្គង់ក្នុងស្រុកគឺប្រភេទស្រូវក្នុងស្រុក ដូចជា ផ្ការំដួល ជាដើម។ ស្រូវសម្រាប់នាំចេញ ជាប្រភេទស្រូវស្រាលមិនប្រកាន់រដូវ ដែលកសិករអាចដាំដុះបានគ្រប់ពេលវេលាបាន ទាំងរដូវប្រាំង និងរដូវវស្សា ប្រើពេលតែ ៩៥ថ្ងៃអាចប្រមូលផលបាន។ ខេត្តព្រៃវែង ដាំដុះស្រូវចំនួន ៣ប្រភេទគឺ ស្រូវស្រាលមិនប្រកាន់រដូវ ស្រូវកណ្ដាល និងស្រូវធ្ងន់ប្រកាន់រដូវ ហើយរដ្ឋាភិបាលក៏បានជំរុញឲ្យពលរដ្ឋដាំដុះស្រូវស្រាលនេះឲ្យបានច្រើនជាងស្រូវធ្ងន់ ព្រោះប្រើរយៈពេលខ្លី។
ប្រធានមន្ទីររូបនេះបានពន្យល់ថា ស្រូវស្រាលខេត្តព្រៃវែងភាគច្រើននាំចេញទៅប្រទេសវៀតណាម ដោយសារខេត្តព្រៃវែង មានព្រំប្រទល់នៅជិតប្រទេសវៀតណាម និងក៏ព្រោះតម្រូវការទីផ្សារ ប្រទេសវៀតណាមមានលទ្ធភាពក្នុងការប្រមូលទិញផងដែរ៕