សម្តេច ហ៊ុន សែន៖ អាទិភាពរបស់យើងគឺជម្លៀសប្រជាជនចេញពីតំបន់រងគ្រោះសិន
16/10/2020 12:30 pm ភ្នំពេញ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះ បានចុះទៅសួរសុខទុក្ខពលរដ្ឋដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាពទីតាំងបុរីពិភពថ្មីកួរស្រូវ២ ក្នុងខណ្ឌដង្កោ។


សម្តេចបានលើកឡើងថា ការជម្លៀសពលរដ្ឋដោយគ្រោះទឹកជំនន់ ជាកិច្ចការដ៏មមាញឹកបន្ថែមទៀត ស្របពេលដែលកម្ពុជា ក៏ដូចជាពិភពលោកកំពុងរងការយាយីដោយកូវីដ-១៩។ សម្តេចបានកោតសរសើរកងកម្លាំងចំពោះប្រតិបត្តិការសង្គ្រោះរបស់ខ្លួន។

កងកម្លាំងប្រដាប់អាវុធដើរតួជាងឆ្អឹងខ្នងនៃការសង្គ្រោះប្រជាពលរដ្ឋ ហើយក៏មិនមែនថ្មីថ្មោងសម្រាប់កម្ពុជានោះដែរ។ «យើងដាច់ខាតត្រូវសង្គ្រោះពលរដ្ឋឲ្យចេញពីតំបន់រងគ្រោះសិន»។ នេះជាសាររបស់សម្តេច ហ៊ុន សែន ទៅកាន់ថ្នាក់ដឹកនាំទូទាំងខេត្តទាំងអស់ ខណៈបច្ចុប្បន្ន សម្តេចបានបញ្ចេញថវិកាឧបត្ថម្ភចំនួន១០ខេត្តហើយ។



ប្រមុខរដ្ឋាភិបាល បានស្នើដល់ពលរដ្ឋឲ្យសហការជាមួយសមត្ថកិច្ចលើប្រតិបត្តិការសង្គ្រោះនេះ។

សម្តេចបាន​ចេញបទបញ្ជាបីចំណុចសម្រាប់ថ្នាក់ដឹកនាំជុំវិញស្ថានភាពបច្ចុប្បន្ន ដែលក្នុងនោះមាន ការ​រៀបចំការជម្លៀស​ពលរដ្ឋ ដោយមាន​ការត្រៀមត្រឹមត្រូវ បន្ទាប់មក​ត្រូវរៀបចំដឹកពលរដ្ឋទៅកាន់លំនៅដ្ឋានវិញ ក្រោយពេលទឹកស្រក និងចំណុចទី៣ គឺ​ការឧបត្ថម្ភគ្រប់បែបយ៉ាងចំពោះពលរដ្ឋដែលរងគ្រោះ។



សម្តេចបានអរគុណចំពោះវិភាគទានរបស់សប្បុរសជន ដែលទទួលបានប្រមាណ​៦លានដុល្លារអាមេរិកទៅហើយ ដោយគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ​អាចយកប្រើប្រាស់ដើម្បីដោះស្រាយ​ស្ថានភាពបន្ទាន់៕



ព័ត៌មានទាក់ទង