ភូមិ​វប្បធម៌ នឹង​បិទ​ទាំងស្រុង នៅ​ថ្ងៃទី​៧ ខែ​វិ​ច្ជិ​កា ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​
12/10/2020 4:00 pm សៀមរាប
​ភ្នំពេញ​៖ ក្រោយ​ដំណើរការ​១៧​ឆ្នាំ ភូមិ​វប្បធម៌​កម្ពុជា​ដែលមាន​ទីតាំង​តែមួយគត់​ក្នុង​ខេត្តសៀមរាប នឹង​បិទ​ដំណើរការ​អាជីវកម្ម​ទាំងស្រុង ចាប់ពី​ថ្ងៃទី​៧​វិ​ច្ជិ​កា ឆ្នាំ​២០២០ តទៅ​។ បើតាម​សេចក្តីជូនដំណឹង​របស់​ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា កាលពី​ថ្ងៃទី​១១​តុលា​ម្សិលមិញ​នេះ ការបិទ​អាជីវកម្ម​ភូមិ​វប្បធម៌​ដែលជា​ភូមិ​បង្ហាញ​ពី​សំណង់ផ្ទះ ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ​នេះ ព្រោះ​ក្រុមហ៊ុន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ ដោយសារតែ​ជំងឺឆ្លង​កូ​វីដ​-១៩(COVID-19)​។


​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ពិភពលោក​បានធ្វើឱ្យ​ចំនួន​ភ្ញៀវទេសចរ ចូលមក​ទស្សនា​ក្នុងភូមិ​វប្បធម៌​នេះ​ធ្លាក់ចុះ​យ៉ាងគំហុក​អស់​រយៈពេល​ជាច្រើន​ខែ​មក​រហូតដល់​ពេលបច្ចុប្បន្ន​។ នេះ​បើតាម​សេចក្តី​ជូន​ដដែល​របស់​គណៈ​គ្រប់គ្រង​ភូមិ​វប្បធម៌​កម្ពុជា ដោយ​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ក្រុមហ៊ុន​យើងខ្ញុំ បាន​ជួប​ការលំបាក​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ យ៉ាងខ្លាំង​។ ពោល គឺ ក្រុមហ៊ុន​មិនអាច​ផ្គត់ផ្គង់​លើ​ការចំណាយ​នានា ជុំវិញ​ដំណើរការ​អាជីវ​កម្មនេះ​បន្តទៀត​បានទេ​។​»

​គណៈ​គ្រប់គ្រង​ភូមិ​វប្បធម៌​កម្ពុជា​បាន​អះអាងថា ក្រុមហ៊ុន​នឹង​ទូទាត់​ប្រាក់​សំណង​ជូន​បុគ្គលិក​ទាំងអស់ ស្របតាម​បទ​ប្បញ្ញត្តិ​ច្បាប់​ស្តីពី​ការងារ​។ ជាមួយនឹង​គ្នា​នេះ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ព័ត៌មាន​បន្ថែម​ជុំវិញ​នៃ​កា​ររ​បិទទ្វា​អាជីវ​កម្មនេះ ពី​អ្នកស្រី លឹម សុ​ភ័​ក្រ នាយិកា​រង​របស់​ក្រុមហ៊ុន​ភូមិ​វប្បធម៌ បានឡើយ អ្នកស្រី​កំពុង​ជាប់​ប្រជុំ​។

​ភូមិ​វប្បធម៌​មាន​ទំហំ​១២​ម៉ឺន​ម៉ែត្រការ៉េ ហើយ​ភូមិ​នេះ​មាន​សារមន្ទីរ​ក្រមួន​ដែល​បង្ហាញ​ពី​រូប​ប្រវត្តិសាស្ត្រ​ផ្សេងៗ តាំងពី​របៀប​សាងសង់​ប្រាសាទ​អង្គ​វត្ត  ជីវភាព​រស់នៅ​របស់​ជនជាតិខ្មែរ​នា​សម័យ​ចេនឡា និង រូប​តំណាងឱ្យ​មនុស្ស​ដែលមាន​ចារ​ក្នុង​ប្រវត្តិសាស្ដ្រ​ផ្សេងៗ​ទៀត​។ លើសពីនេះទៅទៀត នៅ​ទីនោះ​មាន​រូប​គំរូ ១/២០ នៃ​ផ្សារ​ធំថ្មី ព្រះបរមរាជវាំង វត្តភ្នំ នៅ​ភ្នំពេញ ភ្នំ​ឧ​ត្តុ​ង្គ និង មាន​សំណង់​គម្រូ​នៃ​ខ្ទម និង ផ្ទះ​ខ្មែរ​, ផ្ទះ​ជនជាតិ​, វត្ត និង វិហារ​ឥស្លាម ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​គ្រប់​ជន​សាសន៍ មក​ចូល​ទស្សនា​ច្រើន​កុះករ នា​ពេលមុន​កម្ពុជា និង​ពិភពលោក​ជួបប្រទះ​នូវ​ជំងឺឆ្លង​កូ​វីដ​-១៩៕

ព័ត៌មានទាក់ទង