ព្យុះ​ទី​១៥«​លីន​ហ្វា​» នឹងធ្វើ​ឲ្យ​ទឹកទន្លេ​សេកុង សេ​សាន និង​ស្រែ​ពក​ហក់​ឡើង អាច​ក្លាយជា​ជំនន់
12/10/2020 11:00 am ភ្នំពេញ
​ព្យុះ​ទី​១៥ ឈ្មោះ​លីន​ហ្វា ដែល​កំពុងមាន​ឥទ្ធិពល​លើ​តំបន់​ប៉ាក​សេ ប្រទេស​ឡាវ បានធ្វើ​ឲ្យ​មាន​ធ្លាក់​ច្រើន ដែល​ស្ថានភាព​នេះ ធ្វើ​ឲ្យ​ទឹកទន្លេ​សេកុង សេ​សាន និង​ទន្លេស្រែពក  នៃ​ភាគ​ឦសាន​ប្រទេស នឹង​ហក់​ឡើង​អាច​ក្លាយជា​ទឹកជំនន់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​យប់​ថ្ងៃទី​១១​តុលា​។


​ក្រៅពី​ទន្លេ​ទាំង​៣ ក្រសួង​ក៏​បញ្ជាក់ដែរថា ទឹកទន្លេ​មេគង្គ​នៅ​ស្ទឹងត្រែង ក្រចេះ និង​កំពង់ចាម ក៏​ហក់​បន្តិច​ដែរ ប៉ុន្តែ​ស្ថិតនៅ​ទាប​ជាង​កម្រិត​កម្ពស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​។ ទោះជា​យ៉ាងនេះ​ក្តី ក្រសួង​ជំនាញ​នេះ ក៏​នៅតែ​ទទូច​អំពាវនាវ​ឲ្យ ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ទន្លេ​ខាងលើ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀស​វា​គ្រោះថ្នាក់​នានា​។ ទន្ទឹមនឹងនោះ ក៏​បញ្ជាក់​ឲ្យ​បណ្តា​ខេត្ត​ដែលមាន​ទំនាក់ទំនង​នឹង​របប​ទឹកទន្លេ ត្រូវមាន​វិធានការ​ក្នុងការ​បើកទ្វារ​ទឹក បញ្ចូល​ទៅតាម​ព្រែក បណ្តា​អាងទឹក​នានា និង​ទំ​បន់​ទំនាប​។​
 
​ទាក់ទង​នឹង​ស្ថានភាព​ទឹកជំនន់​នៅ​ខេត្តស្ទឹងត្រែង​នេះដែរ កាលពី​ព្រឹក​ថ្ងៃទី​១១​តុលា រដ្ឋបាលខេត្ត​ស្ទឹងត្រែង បាន​សរសេរ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា មាន​ឃុំ​ចំនួន​៦ នៃ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុងនោះ មាន​ពលរដ្ឋ​ចំនួន ៥៥​គ្រួសារ ត្រូវបាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ខណៈ​ផ្ទះសម្បែង​ចំនួន ៦៩៣​ខ្នង ត្រូវបាន​ទឹក​លិច​។

​សូមជម្រាបថា រយៈពេល​ជិត​១​សប្តាហ៍​មកនេះ ខេត្តបាត់ដំបង និង​ពោធិ៍សាត់ បន្ទាយមានជ័យ បាន​រងគ្រោះ​ខ្លាំង​ដោយសារ​ទឹកជំនន់​។ យ៉ាងហោច​មាន​ពលរដ្ឋ​ប្រមាណ​១០​នាក់ បាន​បាត់​បង់ជីវិត​ដោយសារ​ទឹកជំនន់ ផ្ទះសម្បែង និង​ដំណាំ​ជាច្រើន​ហិកតា បានទទួល​រងគ្រោះ​៕

ព័ត៌មានទាក់ទង