លោក មុន្នី ច​ន្ទ័ ​ចំណាយពេល​ជាង​១០​ថ្ងៃ ឆ្លាក់​រូបិយប័ណ្ណ ១​សែន​រៀល​របស់​ខ្មែរពី​ឈើ​
30/10/2020 11:00 am ព្រៃវែង
បុរស​ម្នាក់​រស់នៅក្នុង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ឆ្លាក់​រូបិយប័ណ្ណ​ជាតិ​ពី​ឈើ ដើម្បី​សាកល្បង​ស្នាដៃ​ថ្មី ក្រៅពី​រូបភាព​ផ្សេងៗ ដែល​លោក​ធ្លាប់បាន​ឆ្លាក់ ជាង​២០​ឆ្នាំ​មកនេះ​។


ក្រដាសប្រាក់​១​សែន​រៀល​របស់​ខ្មែរ ត្រូវបាន​លោក មុន្នី ច​ន្ទ័ ច្នៃប្រឌិត​ឱ្យក្លាយ​ទៅជា​ចម្លាក់ ដ៏​ទាក់ទាញ សម្រាប់​ដាក់តាំង​លម្អ​នៅក្នុង​ផ្ទះ ដូច​ចម្លាក់​ផ្សេងទៀត​ដែរ​។ ជា​លើកដំបូង​ហើយ ដែល​លោក ច័ន្ទ ឆ្លាក់​ក្រដាសប្រាក់​ខ្មែរ ក្រៅពី​រូបភាព​ផ្សេងៗ ក្នុង​អាជីព​ជាង​២០​ឆ្នាំនេះ​។ « សមិទ្ធផល​ចម្លាក់​រូបិយប័ណ្ណ​នេះ​កើតឡើង ដោយសារតែ​ចិត្ត​ខ្ញុំ​ចង់​សាកល្បង​ស្នាដៃ​ចម្លាក់​ដែល​ប្រឡូក​យូរ​ឆ្នាំ​ហើយ ថា​តើ​អាចធ្វើ​បាន​ឬ​អត់ ទើប​សម្រេច​ចាប់ផ្តើម​សាកល្បង »​។ នេះ​ជាការ​បញ្ជាក់​របស់លោក ច័ន្ទ​។​

ជាងចម្លាក់​រូបនេះ បាន​ចំណាយពេល​ជាង​១០​ថ្ងៃ ទើប​អាច​ឆ្លាក់​រូបិយប័ណ្ណ​នេះ ឱ្យចេញ​ជា​រូបរាង ។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ បុរស​មានបទពិសោធន៍​២០​ឆ្នាំ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖« នេះ​ជា​ចម្លាក់​រូបិយប័ណ្ណ​លើកដំបូង ខ្ញុំ​គិតថា មិនទាន់​ល្អ​ស្អាត​បាន​មួយរយ​ភាគរយ​ទេ ព្រោះ​នៅ​ទាស់​ត្រង់​មាន​ស្នាម​ប្រេះ​សាច់​ឈើ​នៅ​ចំ​ព្រះ​ភក្ដ្រ​សម្តេចឪ ជា​ស្នាម​ប្រេះ​ស្រាប់​ពី​ធម្មជាតិ​របស់​សាច់​ឈើ » ។​


 
​ចម្លាក់​រូបិយប័ណ្ណ​ក្រដាស​មួយ​សែន​រៀល​នេះ ពិតជា​មានន័យ​ណាស់​សម្រាប់​រូបលោក មុន្នី ច​ន្ទ័​។ « ចម្លាក់​មួយ​ផ្ទាំង​នេះ មានតម្លៃ​ណាស់​សម្រាប់​ខ្ញុំ ព្រោះ​មាន​រូប​សម្តេចឪ សម្តេចម៉ែ ដែលជា​ស្តេច​ផែនដី និង​មាន​ក្បាច់រចនា​របស់​ខ្មែរ លាយ​គ្នា​ក្នុង​ចម្លាក់​មួយ​ផ្ទាំង​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ច័ន្ទ​។​
 
​បើតាម​បុរស​សម្បុរ​ស្រអែម​រូបនេះ ចម្លាក់​រូបិយប័ណ្ណ​ដែល​លោក​ឆ្លាក់​នេះ គឺ​គ្មាន​បំណង​ដាក់លក់​នៅលើ​ទីផ្សា​ទេ គ្រាន់​ជាការ​ឆ្លាក់​សាកល្បង​ស្នាដៃ​របស់លោក ក្នុងនាម​ជាងចម្លាក់​តែប៉ុណ្ណោះ​។ « ខ្ញុំ​ឆ្លាក់​រូប​ច្រើនណាស់​ដើម្បី​ដាក់លក់​លើ​ទីផ្សារ រីឯ​រូបចម្លាក់​រូបី​យ​ប័ណ្ណ​នេះ​ខ្ញុំ​គ្មាន​គោលបំណង​លក់​ទេ គឺ​ឆ្លាក់​ទុកជា​វត្ថុ​អនុស្សាវរីយ​សម្រាប់​ខ្ញុំ​តែប៉ុណ្ណោះ »​។ នេះ​ជាការ​អះអាង​របស់លោក ច័ន្ទ ដែល​បាន​បន្ថែមថា ប្រសិនបើ​មាន​អ្នក​ស្រលាញ់​សិល្បៈ​ចម្លាក់​នេះ​ពិត លោក​នឹង​ចែករំលែក​ទៅតាម​និស្ស័យ និង​មនោសញ្ចេតនា​។​



បើតាម​លោក ច័ន្ទ ចម្លាក់​រូបិយប័ណ្ណ​មួយ​សែន​រៀល​ចំនួន​២​ផ្ទាំង លោក​ចែក​ទៅ​មនុស្ស​ពីរ​នាក់​ហើយ ដែល​បាន​ទាក់ទង​ទៅ​លោក​។ លោក បានបញ្ជាក់​ដូច្នេះ​ថា​៖ « លើកទីមួយ​របស់ខ្ញុំ​ឆ្លាក់​ចេញពី​ឈើ​បេង មាន​ទំហំ ១១០​សម គុណ ២២០​សម ត្រូវបាន​បងប្រុស​នៅ​ខេត្ត​មណ្ឌល​គី​រី​សុំ​ចែក​យកទៅ​តាំង​ក្នុង Resort របស់គាត់​។ រីឯ​មួយ​ផ្ទាំង​ទៀត​ឆ្លាក់​ពី​ឈើ​ធ្នង់ មាន​ទំហំ ៩០​សម គុណ ៨០​សម ត្រូវបាន​បងប្រុស​ជា​អ្នក​ស្រលាញ់​សិល្បៈ​ចម្លាក់ រស់នៅ​ភ្នំពេញ​សុំ​ចែក​យកទៅ​តាំង​ផ្ទះ​»​។​

​លោក កែវ សុភ័ក្ត្រ ដែល​ទិញ​បាន​ចម្លាក់​រូបិយប័ណ្ណ​មួយ​ផ្ទាំង ទំហំ ៩០​សម គុណ ៨០​សម ពី​លោក ច័ន្ទ បាន​និយាយថា លោក​បាន​និយាយ​លួងលោម​វិចិត្រក​រូបនេះ រហូត​គាត់​ទន់​ចិត្ត​ទើប​ព្រម​ចែក​ឱ្យ​ខ្លួន​។ « បង​ខ្ញុំ​ពិត​ជាមាន​និស្ស័យ​នឹង​ចម្លាក់​មួយ​ផ្ទាំង​នេះ​ណាស់ បង​សុំ​ជួយ​ចែក​ឱ្យ​ខ្ញុំ​ទៅ ខ្ញុំ​នឹង​យកទៅ​ថែ​ក្សា​ឱ្យ​បានល្អ ។ ខ្ញុំ​មិន​យកទៅលក់​បន្ត​ទេ ។​ហើយ​ម្យ៉ាងវិញទៀត​បើ​បង​ចែក​ឱ្យ​ខ្ញុំ​ហើយ បង​ក៏​អាច​ឆ្លាក់​ថ្មី​ទៀត​បាន ហើយ​អាច​នឹង​ល្អ​ជាង​មួយ​ផ្ទាំង​នេះ​ទៀត​ណា​បង ។ ពាក្យ​នេះហើយ​ទើប​គាត់​(​លោក មុន្នី ច័ន្ទ​)​ព្រម​ចែក​ឱ្យ​ខ្ញុំ​។ » នេះ​ជាការ​លើកឡើង​របស់លោក កែវ សុភ័ក្ត្រ​។​
 
​អាជីវករ នៅ​ក្រុងភ្នំពេញ​រូបនេះ ពិតជា​ចាប់អារម្មណ៍ ចម្លាក់​រូបិយប័ណ្ណ​មួយ​សែន​រៀល​មួយ​ផ្ទាំង​នេះ​ណាស់ ដោយសារ​ជា​ស្នាដៃ​ចម្លាក់​ដ៏​កម្រ មិន​ងាយ​បានឃើញ​។ លោក ថ្លែង​បែបនេះ​ថា​៖ « និយាយ​ដោយស្មោះ​ត្រង់ ខ្ញុំ​មិនដែល​បានឃើញ​ចម្លាក់​ណា​បង្កប់​ភាពរស់រវើក ប្រៀបដូចជា មានជីវិត​ដូច្នេះ កាលពីមុន​ទេ​។ ខ្ញុំ​បាន​ចុះទៅ​អង្វរ​សុំ​ចែក​គាត់​រហូតដល់ ស្រុក​ព្រះស្តេច​ក្នុង​ខេត្តព្រៃវែង ទើប​គាត់​យល់ព្រម​ចែក​បន្ត​មក »៕

ព័ត៌មានទាក់ទង