កំពង់ស្ពឺ៖ ភ្នំឱរ៉ាល់មានកម្ពស់១៨១៣ម៉ែត្រ ជាភ្នំដែលខ្ពស់ជាងនៅប្រទេសកម្ពុជា។ បច្ចុប្បន្នភ្នំឱរ៉ាល់ កំពុងទទួលបានភ្ញៀវទេសចរយ៉ាងច្រើន។ ភ្ញៀវទេសចរត្រូវធ្វើដំណើរដោយថ្មើរជើងឡើងភ្នំ និងស្នាក់នៅលើភ្នំដោយប្រើពេល២យប់៣ថ្ងៃ។ ក្រៅពីអាកាសធាតុត្រជាក់ភ្ញៀវទេសចរ អាចទស្សនាធម្មជាតិដែលមានដើមឈើធំៗ និងសំឡេងសត្វជាច្រើនបំពេរអារម្មណ៍ឲ្យស្រស់ស្រាយ នៅលើកំពូលភ្នំ។ ដើម្បីទៅដល់ភ្នំឱរ៉ាល់ ភ្ញៀវទេសចរអាចធ្វើដំណើរដោយគោយន្តប្រមាណជាង២ម៉ោងទើបដល់ជើងភ្នំ។
ថ្ងៃនេះ ខ្ញុំ ប៉ាន់ បូនី នៃសារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្ត នឹងនាំអារម្មណ៍លោក-អ្នកឲ្យស្គាល់ភ្នំឱរ៉ាល់ ដែលខ្ពស់ជាងគេនៅកម្ពុជា។ នេះជាលើកទី២ ដែលខ្ញុំបានឡើងដល់កំពូលភ្នំដែលខ្ពស់នេះ។ អ្វីដែលកាន់តែអស្ចារ្យសម្រាប់ខ្ញុំ គឺខ្ញុំអាចធ្វើដំណើរឡើងភ្នំនេះ វិលល្ងាចបានដោយប្រើពេលឡើង៥ម៉ោង៣៧នាទីដល់កំពូលភ្នំ និងប្រើពេលជិត៤ម៉ោង ដើម្បីចុះមកដល់ជើងភ្នំវិញ។ ចំពោះភ្ញៀវទេសចរ ដែលទៅស្នាក់នៅវិញ អាចប្រើពេលប្រហែលពី៥ទៅ៦ម៉ោង ដើម្បីឡើងដល់ដំណាក់ទី២ លោកអ្នក អាចស្នាក់នៅទីនោះ ១យប់បាន។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖
ទិដ្ឋភាពដ៏ស្រស់ត្រកាលនាពេលព្រលឹមជាមួយអាកាសធាតុត្រជាក់ លោក-អ្នកអាច បានប៉ះ ផ្ទាល់ ជាមួយពពកនៅលើភ្នំ និងទស្សនាដើមឈើធំៗ អមជាមួយសំឡេងសត្វយំរំពងព្រៃទៀតផង។ ការឡើងភ្នំឱរ៉ាល់ មានការលំបាកបន្តិច ដោយសារមានចំណោតខ្ពស់ៗ ដែលធ្វើឲ្យ ពិបាកឡើង និងរអិលនារដូវភ្លៀង។ ការឡើងភ្នំនេះទៀតសោត តម្រូវឲ្យភ្ញៀវទេសចរត្រូវមានកាយសម្បទាល្អ និងត្រូវមានការតាំងចិត្តខ្ពស់ និងត្រូវធ្វើលំហាត់ប្រាណមុនឡើងភ្នំផងដែរ។ ចំពោះការស្នាក់នៅវិញ ភ្ញៀវទេសចរអាចប្រើប្រាស់តង់ ឬអង្រឹង ដើម្បីស្នាក់នៅ។ មិនត្រឹមតែប៉ុណ្ណោះ លោក-អ្នក នឹងបានហូបអាហារដ៏ឆ្ងាញ់ដែលជាស្នាដៃរបស់សហគមន៍ទៀតផង។ នាពេលរាត្រី លោក-អ្នក នឹងបានស្តាប់សំឡេងសត្វរ៉ៃយំ និងសំឡេងខ្យល់ប៉ះ និងដើមឈើដែលជាទីមនោរម្យ។
គួរបញ្ជាក់ផងដែរ រយៈពេល ៦ខែ ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរប្រមាណ៥៥០០នាក់ បានឡើងភ្នំឱរ៉ាល់ កើនឡើងប្រមាណ ៣០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះជាការបញ្ជាក់របស់លោក ឈឺន ឈីម មគ្គុទ្ទេសក៍នៅភ្នំឱរ៉ាល់ ប្រាប់សារព័ត៌មាន ThmeyThmey 25 តាមទូរសព្ទ។ មគ្គុទេ្ទសក៍នៅភ្នំឱរ៉ាល់ រូបនេះក៍បញ្ជាក់ផងដែរថា ភ្ញៀវទេសចរដែលបានឡើងភ្នំឱរ៉ាល់ភាគច្រើនជាភ្ញៀវទេសចរជាតិ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិ ១០ភាគរយ៕