រៀន​ចប់​កសិកម្ម ថា​វី ផ្តើម​របរ​ចិញ្ចឹម​មាន់​ទា ដែល​ផ្តល់​ចំណេញ​ប្រមាណ​៥០០​ដុល្លារ ក្នុង​មួយខែ​
24/06/2020 12:30 pm តាកែវ
​ភ្នំពេញ​៖ អ្នកនាង វ៉ែន ថា​វី បាន​ចាប់យក​របរ​ភ្ញាស់​កូន​មាន់ ចិញ្ចឹម​ទាយ​កពង និង​លក់​ចំណី​សត្វ ផង ក្រោយ​បញ្ចប់​ថ្នាក់​បរិ​ញ្ញា​ត្រ ផ្នែក​វេជ្ជសាស្ត្រ​សត្វ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម នា​ឆ្នាំ​២០១៥​។ មាន​ស្រុកកំណើត​នៅ​ឃុំ​ទ្រា ស្រុក​សំរោង ខេត្តតាកែវ អ្នកនាង វ៉ែន ថា​វី បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25 ថា​ការណ៍​ដែល​នាង រៀន​ជំនាញ​នេះ ព្រោះ​នាង​ស្រលាញ់​សត្វ ចូលចិត្ត​ចិញ្ចឹមសត្វ និង​ជា​កូន​កសិករ​ផង​។


​ចំណែកឯ​ការ​មក​ចិញ្ចឹម​ទា និង​ភ្ញាស់​កូន​មាន់​នេះ​វិញ ក៏​ព្រោះតែ ថា​វី យល់ថា ការងារ​នេះ​ត្រូវការ​ដើមទុន​តិច ងាយស្រួល​ចិញ្ចឹម និង​គ្រប់គ្រង ជាពិសេស​មិនសូវ​ប្រើ​កម្លាំង​ច្រើន​នោះទេ​។ ថា​វី អះអាង ប្រាប់ ThmeyThmey25​ថា របរ​នេះ ឲ្យ​គ្រួសារ​នាង​បាន​ប្រាក់ចំណេញ​ប្រមាណ ៥០០  ដុល្លារ នៅក្នុង​មួយខែ​។ អ្នកនាង វ៉ែន ថា​វី​បញ្ជាក់​ដូច្នេះ​៖«​លក់​កូន​មាន់ ពង​ទា និង​ចំណូល​ពី​ការលក់​ចំណី​សត្វ​ផង​នោះ ក្នុង​ខែ​គ្រួសារ​ខ្ញុំ អាច​រកបាន​ប្រាក់ចំណូល​ពី ៥០០ ដុល្លារ ទៅ ១ ០០០ ដុល្លារ​ក្នុង​មួយខែ​។ ដែល​ក្នុង​មួយខែ​ជា​មធ្យម អាច​សល់ ៥០០ ដុល្លារ ពីមុខ​របរ​នេះ​»​។​

​កសិករ​វ័យ​២៩​ឆ្នាំ​រូបនេះ នាង​ចាប់ផ្តើម​ការ​ភ្ញាស់​កូន​មាន់​ដំបូង ត្រឹម​មេមាន់​៥០​ក្បាល​ប៉ុណ្ណោះ តែ​ពេលនេះ​មាន់​មេ​នៅក្នុង​កសិដ្ឋាន​របស់ ថា​វី បាន​កើនឡើង​ទ្វេដង​។ ក្នុង​មួយ​សប្ដាហ៍ នាង​អាច​ភ្ញាស់​កូន​មាន់ បាន​ពី​១០០ ទៅ ២០០​ក្បាល ហើយ​ក្នុង​មួយ​ក្បាល​អាច​លក់បាន​ពី ៣ ០០០​រៀល ទៅ ៥ ០០០​រៀល​។ ចំណែក​ស៊ុតទា​អាច​លក់បាន ពី ៣ ៥០០​រៀល​- ៤ ០០០​រៀល ក្នុង​ចំនួន​១០​គ្រាប់​៕




 

ព័ត៌មានទាក់ទង